(ខេត្តពោធិ៍សាត់)ការគូសបញ្ជាក់បែបនេះរបស់លោក សាយ សំអាល់ បានធ្វើឡើង ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាការគ្រប់គ្រងប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីវៈចម្រុះ ភូមិសាស្ត្រខេត្តពោធិ៍សាត់ និងមានការអញ្ជើញ ចូលរួមពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អភិបាលរងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាល ខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ថ្នាក់ដឹកនាំនៃក្រសួង បរិស្ថាន មន្ត្រីឧទ្យានុរក្ស និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។នាកាសនោះលោករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរចំពោះ លោក ខូយ រីដា ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាល ផ្តល់សេចក្តីទុក ចិត្តតែងតាំងជាអភិបាលខេត្តពោធិ៍សាត់ ក៏ដូចជាប្រធានគណ:បក្សប្រជាជនកម្ពុជាខេត្ត។ ដោយឡែក ក្រសួងបរិស្ថាន បានត្រៀម លក្ខណៈជានិច្ចដើម្បី សហការធ្វើការជាមួយថ្នាក់ខេត្ត ស្រុក ឃុំទាំងអស់ ទាក់ទិននឹងវិស័យបរិស្ថាន។ជាងនេះទៅទៀត ក្រៅពីវិស័យបរិស្ថាន មន្ទីរបរិស្ថានដែលជា សេនាធិការ ក៏ដូចជាមន្ត្រីឧទ្យានុរក្ស បានត្រៀមជាមួយខេត្ត ក៏ដូចជា អាជ្ញាធរពាក់ព័ន្ធ ចូលរួមសហការធ្វើការងារ ផ្សេងៗគ្រប់ កាលៈទេសៈ ដូចជា៖ ការងារគ្រោះមហន្តរាយ ការទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូវីដ១៩ ជាដើម។លោក សាយ សំអាល់ បានឱ្យដឹងថា កិច្ចប្រជុំនៅសាលាស្រុក វាលវែងនៅថ្ងៃនេះ គឺដើម្បីពិនិត្យមើលរបៀបវារៈទី៣ ទាក់ទិនទៅ នឹងវិស័យបរិស្ថាន ជាពិសេសយកឱកាសនេះ ដើម្បីផ្សព្វផ្សាយការងារឱ្យបានជ្រួតជ្រាបដល់មូលដ្ឋាន ក៏ដូចជាមន្ត្រីដែលកំពុង អនុវត្តការងារនៅមូលដ្ឋានតែម្តង។ លោកបានលើកឡើងនូវទិដ្ឋភាពរួម ដើម្បីជាធាតុចូល ក៏ដូចជាមូលដ្ឋានទាក់ទិននឹងការងារវិស័យបរិស្ថាន និងការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។បន្ថែមពីនេះលោក សាយ សំអាល់ បានឱ្យដឹងថា ការកំណត់នូវទស្សនវិស័យច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាកត្តាចាំបាច់ ប្រកបដោយប្រសិទ្ធភាព។ជាមួយគ្នានេះ លោកបានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាអនុសាន៍ដល់អង្គប្រជុំនូវចំណុចសំខាន់ៗមួយចំនួនរួមមាន ការកំណត់ព្រំឱ្យច្បាស់លាស់ការចុះបញ្ជីដីសាធារណៈរបស់រដ្ឋ និងឯកជន ការកំណត់ជាយុទ្ធសាស្ត្រកន្លែងកសិកម្ម ទេសចរណ៍ និងការគ្រប់គ្រងសំរាម សំណល់រឹង-រាវ ជាដើម៕






