មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ៖នាព្រឹកថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ជិកា ឆ្នាំ២០២២ ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី បានប្រារព្ធទិវាអនាម័យជាតិបរិស្ថាន ២៣ វិច្ឆិកា ក្រោមប្រធានបទ (មាតុភូមិយើង កាតព្វកិច្ចយើងស្អាត និងបៃតង )ទិវានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី លោកជំទាវ អ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយកក្រុមហ៊ុនវ័នហ្រ្វេតធេនីធី (វីតាល់) លោក គង់ សៀកលី អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន តំណាងអង្គការ WCS ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការមន្ទីរបរិស្ថានអាជ្ញាធរពាក់ព័ន្ធ មន្រ្តីឧទ្យានុរក្ស លោកគ្រូ-អ្នកគ្រូ សិស្ស និស្សិត យុវជន ស.ស.យ.ក យុវជនកាយឬទ្ធិ យុវជនកាកបាទក្រហម និងសាធារណៈជនជាច្រើនរូប។នាឱកាសប្រារព្ធទិវានេះដែរ ឯកឧត្តម ស៊ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានក្រើនរម្លឹក ក៏ដូចជាជំរុញឱ្យស្ថាប័ន សាធារណៈ និងឯកជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ចូលរួមធ្វើអនាម័យ និងថែរក្សាបរិស្ថានជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន។ ជាពិសេសស្នើឲ្យអាជ្ញាធរមូលដ្ឋាន ជាមួយអ្នកពាក់ព័ន្ធ ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីការគ្រប់គ្រងទុកដាក់សំរាម និងសំណល់រឹងឲ្យបានត្រឹមត្រូវផងដែរ។ ជាមួយគ្នានេះដែរឯកឧត្តមអនុរដ្ឋលេខាធិការ ក៏សង្ឃឹមថាការប្រារព្ធទិវានេះនឹងក្លាយជាចរន្តចលករដែលជំរុញអោយមានការផ្តើមធ្វើសកម្មភាពមេត្រីភាពបរិស្ថានចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវក្នុងការទុកដាក់សំរាម សំណល់រឹង និងមិនបោះចោលពាសវាលពាសកាលនៅតាមទីសាធារណ: ជាហេតុធ្វើអោយប៉ះពាល់ដល់សោភ័ណភាពទីក្រុងដែលពោរពេញដោយសម្រស់ធម្មជាតិមួយនេះ ជាពិសេសគឺសេចក្តីថ្លៃថ្នូរបស់ខ្លួនឯងផ្ទាល់។ ឆ្លើយតបនឹងគោលបំណងក្នុងថ្ងៃប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ក្នុងខេត្តមណ្ឌលគិរី នាថ្ងៃនេះឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនបន្ថែមទៀត ក្នុងការថែរក្សាបរិស្ថានរបស់យើងទាំងអស់គ្នារួមមាន អនាម័យខ្លួនឯងជាប្រចាំ ទុកដាក់នឹងញែកសំរាមអោយត្រូវក្នុងធុង ស្រលាញ់ការពារសត្វព្រៃ និងដាំដើមឈើ ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រ។បច្ចុប្បន្ននេះដោយសារកំណើនប្រជាជន យើងបានជួបប្រទះនូវបញ្ហាមួយចំនួនក្នុងនោះរួមមាន បញ្ហាសំរាម សំណល់រឹង រាវ នៅតាមទីប្រជុំជនដែលមានការកើនឡើងយ៉ាងខ្លាំង គួបផ្សំនឹងប្រព័ន្ធគ្រប់គ្រងសំរាមនៅពេលបច្ចុប្បន្ននៅមានកម្រិតនៅឡើយ។ សំណល់សំរាមមួយចំនួន ជាពិសេសសំណល់ប្លាស្ទិក ត្រូវបានប្រជាពលរដ្ឋខ្លះដុត និងខ្លះបានបោះចូលទៅក្នុងទឹក និងទីសាធារណៈបង្កគ្រោះថ្នាក់ដល់ជីវ:ចម្រុះដែលមនុស្សគ្រប់ៗគ្នាបាននឹងកំពុងយកចិត្តទុកដាក់ ទន្ទឹមនឹងនេះការចូលរួមរបស់ប្រជាពល រដ្ឋគ្រប់រូបក្នុងការលើកកម្ពស់អនាម័យ នឹងគុណភាពបរិស្ថាន គឺជាការចាំបាច់ និងជាវិភាគទានដ៏សំខាន់បំផុត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះសំដៅការរស់នៅប្រកប ដោយសុខុមាលភាព និងជីវភាពរបស់ប្រជាជនយើងនៅក្នុង ខេត្តដ៏មានសក្តានុពលមួយនេះ។
Related Articles
លោក អូន ខន អភិបាលស្រុកកំពង់ត្រាច និងសហការីទទួលអំណោយសប្បុរសធម៌របស់ក្រុមហ៊ុនហាទៀនវីហ្គាស
ខេត្តកំពត៖ នៅថ្ងៃអាទិត្យ៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ លោក អូន ខន អភិបាលនៃគណៈអភិបាលស្រុក និងសហការី បានទទួលអំណោយសប្បុរសធម៌របស់ក្រុមហ៊ុនហាទៀនវីហ្គាស នូវអង្ករចំនួន ១,០០០គីឡូក្រាម (១តោន) ជូនរដ្ឋបាលស្រុក សម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលយុទ្ធនាការបង្ការ ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងស្រុកកំពង់ត្រាច។ ក្នុងនាមរដ្ឋបាលស្រុក និងជាតំណាងប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាច សូមជូនពរបុគ្គលិកក្រុមហ៊ុនគ្រប់លំដាប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ករណីឃាតកម្ម ក្រុងតាខ្មៅ ប្តីចាក់សម្លាប់ប្រពន្ធមកពីភ្លើងប្រច័ណ្ឌ ដោយសារនាងប្រែចិត្តមានអ្នកថ្មី
ខេត្ដកណ្ដាល៖ ករណីឃាតកម្មនេះសមត្ថកិច្ចបានបញ្ជាក់ថា ភាគីជនសង្ស័យ មានការប្រច័ណ្ឌជនរងគ្រោះ ព្រោះមានការសង្ស័យមានប្រុសថ្មីទៀត ហើយជនសង្ស័យបានតាមដាននាងរហូត ដល់ឃើញជនរងគ្រោះចូលទៅក្នុងផ្ទះឈើមួយមានមនុស្សប្រុសពីរបីនាក់ កំពុងផឹកស៊ីនៅក្រោមសំយាបមុខផ្ទះ ពេលនោះជនរងគ្រោះ បានអង្គុយផឹកស៊ីជាមួយគេដែរ ឃើញដូចនេះ ជនសង្ស័យបានចូលទៅហៅជនរងគ្រោះ ឲ្យចេញទៅផ្ទះវិញ ដោយមិនព្រមចេញធ្វើឲ្យជនសង្ស័យកាន់តែខឹងខ្លាំង ឃើញកូនកាំបិតនៅលើតុបានយកដាក់ចូលហោប៉ៅខោ ហើយនាំជនរងគ្រោះចេញមកក្រៅឲ្យឡើងជិះម៉ូតូជាមួយ តែជនរងគ្រោះមិនព្រមជិះទេ សុខចិត្តដើរ ចំណែកឯជនសង្ស័យបានជិះតាមពីក្រោយ រហូតដល់កន្លែងកើតហេតុខាងលើ ក៏មានការប្រទាញប្រទង់គ្នា ទើបជនសង្ស័យយកកូនកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះមួយកាំបិត ។ ថ្ងៃព្រហស្បតិ៍ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទីមានករណីឃាតកម្មចាក់សម្លាប់នៅចំណុចផ្លូវលេខ២១៥ ភូមិព្រែកហូរកើតសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កៅ ស្រីកែវ ភេទស្រី អាយុ២៧ឆ្នាំទីលំនៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល មុខរបរនៅផ្ទះ ។ ចំណែជនសង្ស័យឈ្មោះ សុខ សោភ័ណ្ឌ ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅភូមិជើងព្រៃ២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរកសិករ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖ […]
ស្ត្រីខ្មែរ សញ្ជាតិអាមេរិចកាំងម្នាក់ រត់ចេញពីកន្លែងចត្តាឡីស័ក ត្រូវបានរកឃើញនៅខេត្តកំពង់ចាម
ភ្នំពេញ៖ អាជ្ញាធរខេត្តកំពង់ចាម បានឲ្យដឹងថា ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ ឈ្មោះ រ៉ូស វីរ៉ា ដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចស្វែងរកឃើញវិញហើយ នៅក្នុងសណ្ឋាគារផ្កាឈូកទិព្វ ក្នុងទីរួមខេត្តកំពង់ចាម ល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ។ ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងរូបនេះ បានចូលមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយរូបនាងបានធ្វើដំណើរក្នុងយន្តហោះជាមួយមន្ត្រីស្ថានទូតអាមេរិកពីររូប ដែលរកឃើញមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះ។ ស្ត្រីរូបនេះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ក្រោយមកដល់កម្ពុជា។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលឱ្យដឹងថា នៅយប់ថ្ងៃទី១៧ ខែកក្កដា ស្ត្រីរូបនេះ បានស្នាក់នៅក្នុងបន្ទប់របស់ខ្លួនធម្មតា ស្រាប់តែព្រឹកឡើងម៉ោងប្រមាណ៧ព្រឹកថ្ងៃទី១៨ ខែកក្កដា ពេលក្រុមគ្រូពេទ្យយកអាហារទៅជូនមិនឃើញទើបមានការភ្ញាក់ផ្អើល។ បច្ចុប្បន្នសមត្ថកិច្ចបានដាក់ស្ត្រីខាងលើ ដើម្បីធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅសណ្ឋាគារមេគង្គ ដែលជាកន្លែងធ្វើចត្តាឡីស័ក នៅក្នុងខេត្តកំពង់ចាម ហើយមន្ត្រីសុខាភិបាល ក៏បានយកសំណាកស្ត្រីរូបនោះ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រផងដែរ៕ ដោយ៖ទូច រ៉ាវុធ