(ភ្នំពេញ): ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានទទួលជំនួយរថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿងពីឯកឧត្តម Lee Cheol-Woo អភិបាលខេត្តក្យង់សាំងប៊ូកដូនៃសាធារណរដ្ឋកូរ៉េ ដោយមានការសម្របសម្រួលពីអង្គការចលនាភូមិថ្មីនៃសាធារណរដ្ឋកូរ៉េ។ ក្នុងពិធីដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តដែលបានផ្តល់រថយន្តពន្លត់អគ្គិភ័យទាំង១០គ្រឿងដើម្បីជួយសម្រួលដល់តម្រូវការប្រើប្រាស់ចាំបាច់ក្នុងអង្គភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនោះ ឯកឧត្តម Lee Cheol-Woo បានគូសបញ្ជាក់ថា ការផ្តល់ជំនួយនេះគឺធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងការងារ និងរដ្ឋបាលខេត្ត ក៏ដូចជាទំនាក់ទំនងកម្រិតយុទ្ធសាស្ត្ររវាងរដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូងដើម្បីផ្តល់ប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត បានសន្យានឹងបន្តស្វែងរកជំនួយបន្ថែមទៀតដល់ក្រសួងការងារក្នុងករណីដែលមានតម្រូវការបន្ថែមទៀតផងដែរ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសមាណចិត្តដ៏ធំទូលាយរបស់រដ្ឋបាលខេត្តក្យង់សាំងប៊ូកដូនៃសាធារណរដ្ឋកូរ៉េដែលបានគិតគូរ និងបន្តយកចិត្តទុកដាក់ដើម្បីសម្រួលដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែម៕
Related Articles
ស៊យធំហ្មង! លួចម៉ូតូសណ្ដោងរ៉ឺម៉កបានសម្រេច គេចខ្លួនបាន៥ម៉ោង ចុងក្រោយជាប់ខ្នោះសមត្ថកិច្ច
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូសណ្ដោងរ៉ឺម៉ក របស់ប្រជាពលរដ្ឋដែលទុកនៅមុខផ្ទះបានសម្រេច។ ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងកាលពីវេលាម៉ោង៥៖១៥នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ រឿន សុភ័ក្រ្ត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ចំណែកជនរងគ្រោះមានឈ្មោះ រឿន រតនា អាយុ៣០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ តាមសម្ដីជនរងគ្រោះដែលជាម្ចាស់ម៉ូតូសណ្ដោងរុឺម៉ក បានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ រូបគេបានត្រឡប់មកពីធ្វើការវិញ និងបានយកម៉ូតូសណ្ដោងរ៉ឺម៉កទៅចាក់សោនៅក្នុងការ៉ាសសាំងជាប់នៅមុខផ្ទះ រហូតដល់ម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះក៏បានឡើងចុចពិលមកមើលរ៉ឺម៉ក ស្រាប់តែឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាពធាក់ច្រវ៉ាក់សោដែលជនរងគ្រោះបានចាក់ជាប់នឹងម៉ូតូសណ្ដោងរ៉ឺម៉ក ពេលដែលធ្លាក់រួចហើយជនសង្ស័យបានលើកកង់ដាក់លើរ៉ឺម៉ក ជិះគេចខ្លួន ពេលនោះជនរងគ្រោះបានស្រែកថាចោរៗ តែជនសង្ស័យបានជិះគេចចូលទៅគ្លីនិកឯកជនមួយកន្លែងដើម្បីសម្ងំលាក់ខ្លួន។ លុះដល់វេលាម៉ោង៥ទៀបភ្លឺ សមត្ថកិច្ច និងជនរងគ្រោះ បានសហការគ្នារកឃើញជនសង្ស័យកំពុងតែលាក់ខ្លួននៅមន្ទីរពេទ្យឯកជនមួយកន្លែង រួចក៏ឃាត់ខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលព្រៃវែងតែម្ដង។ […]
សមត្ថកិច្ចឆ្មក់បង្ក្រាបក្រុមក្មេងទំនើង ២៨នាក់ និងដកហូតដាវសាំម៉ូរ៉ៃមួយចំនួន នៅមហាវិថីចោមចៅ
ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម ប្រដាប់ដោយដាវសាំម៉ូរ៉ៃ និងចំពៀមកៅស៊ូប្រមូលផ្តុំគ្នាបំរុងធ្វើសកម្មភាព ត្រូវបានកម្លាំងនគរបាលធ្វើការបង្ក្រាបឃាត់ខ្លួនយកទៅសាកសួរចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅមហាវិថីចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ តាមសម្តីសមត្ថកិច្ច បានឲ្យដឹងថា មុនឈានទៅដល់ការបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ មានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ថា មានក្រុមក្មេងទំនើងមួយក្រុម ប្រដាប់ដោយដាវសាំម៉ូរ៉ៃប្រមូលផ្តុំគ្នា និងជិះម៉ូតូអូសដាវធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច។ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលបានចុះទៅដល់ចំណុចកើតហេតុ ដោយឃើញជនសង្ស័យកំពុងប្រមូលផ្តុំគ្នា ក៏ធ្វើការឃាត់ឆែកឆេររកឃើញដាវសាំម៉ូរ៉ៃ ចំនួន៥ដើម និងចំពៀមកៅស៊ូ១ ទើបឃាត់ខ្លួនជនសង្ស័យចំនួន២៨នាក់ យកទៅអធិការដ្ឋាន នរគបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមច្បាប់៕
ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃចូលឆ្នាំចិន គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស សម្លាប់មនុស្ស ១៤នាក់ និងរបួស៥២នាក់
ភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី១១-១៣ ខែកុម្ភៈ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន៣៥លើក ដោយសម្លាប់មនុស្សចំនួន១៤នាក់ និង៥២នាក់រងរបួស។ នេះបើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយថ្ងៃ១៥ ខែកុម្ភៈ។ មូលហេតុនៃការស្លាប់ របស់ប្រជាពលរដ្ឋ ដោយសារ ល្បឿនចំនួន៨នាក់ , មិនគោរពសិទ្ធចំនួន២នាក់, ប្រជែងគ្រោះថ្នាក់២នាក់, បត់គ្រោះថ្នាក់១នាក់ និង ស្រវឹង១នាក់។ ប្រៀបធៀបឆ្នាំ២០២០ រយៈពេល៣ថ្ងៃដូចគ្នា ជនរងគ្រោះស្លាប់បានថយចុះ២១នាក់ រងរបួសកើន១នាក់, រងរបួសធ្ងន់ ថយ៧នាក់ និងគ្រោះថ្នាក់ថយចុះ១៣លើក៕