(ភ្នំពេញ): ក្រោយទទួលដំណឹងដ៏រន្ធត់ នៃអំពើបាញ់ប្រហារពីសំណាក់ឧកញ៉ា ស្រី ស៊ីណា, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់អោយបញ្ជូនមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដឹកនាំដោយលោកមេធាវី គី តិច ទៅជួប និងជួយទទួលការពារក្ដីតាមផ្លូវតុលាការ ជូនគ្រួសារជនរងគ្រោះ។នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន បានដឹកនាំក្រុមទៅជួបផ្ទាល់ជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ ដល់ទីតាំងដែលកំពុងរៀបចំធ្វើបុណ្យសពខាងបុរស ស្ថិតក្នុងវត្តចាស់ ខណ្ឌជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខាភ្នំពេញ) និងមួយក្រុមទៀត ទៅដល់ទីតាំងបុណ្យសពខាងស្ត្រី នៅខេត្តកំពត។ក្រុមគ្រួសាររបស់ជនរងគ្រោះ មានក្ដីរំភើប និងបានគោរពថ្លែងអំណរគុណយ៉ាងក្រៃលែង ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានចាត់បញ្ជូន ផ្ដល់មេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ជួយការពារក្ដីជូនក្រុមគ្រួសាររបស់ពួកគាត់ដែលជាជនរងគ្រោះ។សូមរំលឹកថា ករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់មួយនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ ដែលជាគូដណ្ដឹងនឹងគ្នា និង២នាក់ផ្សេងទៀតរងរបួស។ ការស្លាប់របស់ជនរងគ្រោះទាំង២នាក់គូដណ្ដឹងដែលត្រៀមចូលរោងការ នៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះ បានបន្សល់នូវភាពសោកសៅយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។ជនរងគ្រោះទាំង៤នាក់ ក្នុងហេតុការណ៍នេះ រួមមាន៖ ទី១៖ឈ្មោះឡុង លីសុង អាយុ២៧ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ទី២៖ឈ្មោះ ឃីម កញ្ចនា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ទី៣៖ឈ្មោះ សុខុម រ៉ាចាណៈ អាយុ២០ឆ្នាំ មុខរបរអ្នកថតរូប (រងរបួស) និងទី៤៖ឈ្មោះ ហុង រិទ្ធធារ័ក្ស អាយុ២៤ឆ្នាំ មុខរបរអ្នកថតរូប (រងរបួសស្រាល)។ ពួកគេទាំង៤នាក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ដោយឡែក ខ្មាន់កាំភ្លើងដែលមានគោរមងារជាឧកញ៉ាទៀតនោះ ឈ្មោះ ស្រី ស៉ីណា អាយុ៥០ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។ មុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់ កំពុងនៅក្នុងផ្ទះកើតហេតុ ស្រាប់តែខ្មាន់កាំភ្លើង ចូលមកសួរជនរងគ្រោះពីរឿងឈ្លោះគ្នាជាមួយក្រុមគ្រួសារ ពីរឿងហាលសំលៀកបំពាក់លើព្រំដី ហើយក៏មានទំនាស់ពាក្យសម្តីគ្នា ពេលនោះខ្មាន់កាំភ្លើង ក៏ដកអាវុធខ្លីម៉ាក បាញ់ទៅលើពួកជនរងគ្រោះជាច្រើនគ្រាប់តែម្ដង។ក្រោយបាញ់ប្រហារ ខ្មាន់កាំភ្លើងបានបើករថយន្ដមួយគ្រឿង ម៉ាក Ssangyong Rexton ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BL-9923 រត់គេចខ្លួនបាត់។ រំលងបានប៉ុន្មានម៉ោងក្រោយ កម្លាំងនគរបាលជំនាញ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាប់ខ្លួនខ្មាន់កាំភ្លើងបានត្រឡប់មកវិញ នៅចំណុចស្រុកអង្គស្នូល ខេត្តកណ្ដាល ដោយដកហូតបានរថយន្ដដែលជាមធ្យោបាយធ្វើដំណើរ និងអាវុធខ្លីសម្រាប់ធ្វើសកម្មភាព រួមជាមួយគ្រាប់១៥គ្រាប់បន្ថែមទៀត។ទាក់ទិនការប្រព្រឹត្តបទឧក្រិដ្ឋពីសំណាក់ឧកញ៉ា ស្រី ស៊ីណា ដោយមិនខ្លាចញញើតច្បាប់បែបនេះ សមាគមឧកញ៉ា បានចេញសេចក្ដីប្រកាសព័ត៌មានផងដែរ ដោយបានបញ្ជាក់ថា ខ្មាន់កាំភ្លើងឈ្មោះ ស្រី ស៊ីណា គ្រាន់តែមានគោរមងារ «ឧកញ៉ា» ប៉ុន្តែ មិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជា នៅឡើយទេ។ទោះបីជាយ៉ាងណាក៏ដោយសមាគមឧកញ៉ាកម្ពុជា ក្នុងនាមជាស្ថាប័នតំណាងគោរមវន្តទាំងអស់នៅកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ដើម្បីធានាពីកេរ្តិ៍ឈ្មោះ កិត្តិយស កិត្យានុភាព ឧត្ដមភាព និងសេចក្តីថ្លៃថ្នូរនៃគោរមងារឧកញ៉ា នឹងបន្តចាត់វិធានការគ្រប់បែបយ៉ាង និងស្នើសុំបញ្ចប់គោរមងារឧកញ៉ាពីជនសង្ស័យឈ្មោះ ស្រី ស៊ីណា ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ៕
Related Articles
នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ចាប់យកថ្នាំញៀន១កញ្ចប់
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញចុះបង្ក្រាបបទល្មើសគ្រឿងញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យ២នាក់ចាប់យកវត្ថុតាងថ្នាំញៀន១កញ្ចប់។ កាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ នគរបាលបានប្រាប់ថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនបាននោះទី១ឈ្មោះ ឆន ស្រី មុំ អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលខាងលើ និងទី២ឈ្មោះ ម៉ា ប៉ូរ៉ា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅក្នុងបន្ទជួលជាមួយគ្នា។លោកញាណ នន នាយនគរបាលប៉ុស្តិ៍ឃ្មួញបានឲ្យដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យទាំងពីនាក់ខាងលើគឺលោកបានដឹកនាំកម្លាំងចុះធ្វើល្បាតក្នុងមូលដ្ឋានដោយមានការសង្ស័យក៍សុំគោលការលោកអធិការដើម្បីចូលឆែកឆេក្នុងបន្ទប់ជួលនោះទើបរកឃើញថ្នាំញៀ១កញ្ចប់នៅក្នុងហោរប៉ាវ រសប់ឈ្មោះ ឆន ស្រី មុំ ទើបឃាត់ខ្លួនពួកគេតែម្តង។ ក្រោយមកសមត្ថកិច្ចបានធ្វើតេស្តក្នុងទឹកនោមឃើញថាពួកគេមានផ្ទុកនូវសារធាតុញៀនទាំងពីនាក់។បច្ចប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីបន្តនីតិវិ៕ ដោយ៖ ទូច រ៉ាវុធ
សមាគមសារព័ត៌មាន អេឡិច ត្រូនិច អឹម អេស ជេ ( AE MSJ ) សូមប្រកាសគាំទ្រ និងការដាក់ឲ្យប្រើប្រាស់ “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា
ញត្តិគាំទ្រ ចំពោះការប្រកាស និងការដាក់ឱ្យប្រើប្រាស់ “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា”យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) សូមគាំទ្រ ចំពោះការដាក់ឲ្យប្រើប្រាស់ “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា” ដែលមានគោលដៅតម្រង់ទិសអ្នកសារ ព័ត៌មានកុំឱ្យដើរហួសដែនកំណត់នៃច្បាប់ និងជួយលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរបស់សមាគមសារព័ត៌មាន អង្គភាពស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានឱ្យគោរព និងប្រតិបត្តិគោលការណ៍ក្រមសីលធម៌ឱ្យបានត្រឹមត្រូវ។ សមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) មើលឃើញថា “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កម្ពុជា” បានលើកពីគោលការណ៍គ្រឹះជាមូលដ្ឋាននៃវិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន ដែលប្រមូលធាតុ ចូលដ៏សំខាន់សម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្ត ដើម្បីជៀសផុតពីការចោទប្រកាន់ ឬល្មើសច្បាប់ព្រហ្មទណ្ឌជាដើម។ ជាមួយគ្នានេះសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) សូមចូលរួមគាំទ្រយ៉ាងពេញទំហឹង ចំពោះការផ្សព្វផ្សាយ និងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា” ដែល បានរៀបចំឡើងដោយក្រសួងព័ត៌មានកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ក្នុងសន្និសីទសារព័ត៌មាន នៃទីស្តីការក្រសួង ព័ត៌មាន។សមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស […]
លោក ព្រាប សុវត្ថិ ទទួលស្គាល់កំហុសរបស់ខ្លួន ចំពោះការសង់របងផ្ទះរំលោភលើចិញ្ចើមផ្លូវ បន្ទាប់ពីអាជ្ញាធរចុះធ្វើការវាស់វែង
ភ្នំពេញ ៖ មន្ទីសូរិយោដី រួមទាំងចៅសង្កាត់ខណ្ឌសែនសុខ នៅព្រឹកថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះធ្វើការត្រួតពិនិត្យ និងវាស់វែងដោយបាញ់GPS កំណត់ព្រំដី នៅចំណុចដែលមានបញ្ហា ត្រង់ព្រំប្រទល់ដីរបស់លោក ព្រាប សុវត្ថិ ពេលនេះទើបដឹងថា សំណង់ផ្ទះរបស់លោក ព្រាប សុវត្ថិ ពិតជាបានសាងសង់រំលោភលើចិញ្ចើមផ្លូវ ហើយលោក ព្រាប សុវត្ថិ ក៏បានទទួលស្គាល់ថា សំណង់របស់គាត់ពិតជាសាងសង់រំលោភលើចិញ្ចើមផ្លូវពិតប្រាកដមែន ហើយលោកក៏បានផ្តិតមេដៃទទួលស្គាល់ចំពោះមុខមន្ទីសូរិយោដីផងដែរ។ ដូច្នេះហើយយើងឃើញថា ការលើកឡើងរបស់ប្រជាពលរដ្ឋកន្លងមក ពីបញ្ហាការសាងសង់រំលោភលើចិញ្ចើមផ្លូវធ្វើឲ្យផ្លូវរួមតូច របស់តារាចម្រៀងល្បី លោក ព្រាប សុវត្ថិ គឺជាការពិតមែនមិនមែន ដូចដែលលោក ព្រាប សុវត្ថិ លើកឡើងថា ប្រជាពលរដ្ឋមូលបង្កាច់ធ្វើឲ្យអាប់អោនកិត្តិយសរបស់លោកនោះទេ។ គួររំលឹកផងដែរថា ទីលំនៅរបស់តារាចម្រៀង លោក ព្រាប សុវត្ថិ ដែលមានទីតាំងស្ថិតនៅភូមិច្រេស សង្កាត់គោងឃ្លាង ខណ្ឌសែនសុខ បានសាងសង់រំលោភលើចិញ្ចើមផ្លូវ ធ្វើឱ្យផ្លូវរួមតូច រោងអារឈើ បិទផ្លូវ នៅខាងក្រោយផ្ទះរបស់លោក ធ្វើឱ្យមានការប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទីតាំងនោះជាច្រើនគ្រួសារ។ កន្លងមក ប្រជាពលរដ្ឋក៏បានប្ដឹងទៅអាជ្ញាធរមូលដ្ឋាន ពីបញ្ហាសង់រោងឈើបិទផ្លូវ […]