ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានចុះទៅដល់ទីតាំងភូមិសាស្ត្រផ្ទាល់ នៅតំបន់ថ្មដា នៃខេត្តពោធិ៍សាត់ ដើម្បីពិនិត្យមើលកម្លាំងស្វែងរកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានឲ្យដឹងថា បានចុះទៅដល់ទីតាំងភូមិសាស្ត្រផ្ទាល់នៅតំបន់ថ្មដា នៃខេត្តពោធិ៍សាត់ បានឃើញពីស្ថានភាព និងភាពសស្រាក់សស្រាំ យ៉ាងយកចិត្តទុកដាក់ របស់បងប្អូនកងកម្លាំងរុករក និងគណៈបញ្ជាការឯកភាពខេត្ត គឺមានស្ថានភាពលំបាក ដោយសារជាតំបន់ព្រៃក្រាស់ និងអាកាសធាតុមិនអំណោយផល ។ រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃទី៥ហើយ សម្រាប់ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង សង្ឃឹមថាយើងនឹងរកឃើញក្នុងពេលឆាប់ៗនេះ ។








