ភ្នំពេញ៖សម្តេចតេជោ បានថ្លែងថា ជំងឺកូវីដ-១៩ មិនបានរារាំងដល់វិស័យទេសចរណ៍និងការអភិវឌ្ឍន៍ជនបទនៅក្នុងប្រទេសយើងឡើយ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋបន្តថែរក្សាការពារសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេស។
ក្នុងឆ្នាំ ២០២០ នេះដែរ អង្គការទេសចរណ៍ពិភពលោក (UNWTO) បានស្វាគមន៍និងអបអរសាទរថ្ងៃទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទទេសចរណ៍និងការអភិវឌ្ឍជនបទ (Tourism and Rural Development) យ៉ាងណាមិញក្រសួងទេសចរណ៍ក៏គ្រោងយនិងប្រារព្ធអបអរសាទរព្រឹត្តិការណ៍នេះនៅទូទាំងប្រទេសនាថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះផងដែរ។
សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ“ទេសចរណ៍ និងការអភិវឌ្ឍជនបទ។ “Tourism and Rural Development។
រយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ពោល គឺបន្ទាប់ពីកម្ពុជាបានទទួលសុខសន្តិភាព ស្ថិរភាព នយោបាយ សុវត្ថិភាពពេញផ្ទៃប្រទេស និងការរួបរួមជាតិពីគ្រប់ភាគី ក្រោមនយោបាយ ឈ្នះ-ឈ្នះ ដោយការធ្វើ សមាហរណកម្មអតីតកងកម្លាំងខ្មែរក្រហមក្នុងមហាគ្រួសារខ្មែរ នាឆ្នាំ១៩៩៨ វិស័យទេសចរណ៍កម្ពុជាមានកំណើនគួរ ជាទីមោទនៈ ដោយកើនពីការទទួលទេសចរអន្តរជាតិចំនួនតែជាង ២៨ម៉ឺននាក់ ឆ្នាំ១៩៩៨ រហូតដល់ ៦,៦លាននាក់ នៅឆ្នាំ២០១៩ និងបានបង្កើតការងារផ្ទាល់ជូនប្រជាពលរដ្ឋជាង ៦៣ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់សិបម៉ឺននាក់ ថែមទៀត។
ចាប់ពីដើមឆ្នាំ២០២០ រហូតដល់ពេលបច្ចុប្បន្ន កម្ពុជា ក៏ដូចជាប្រទេសនានាក្នុងពិភពលោក បានរងផលប៉ះពាល់ ពីជំងឺកូវីដ-១៩ផងដែរ។ ស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានសហការជាមួយអង្គការសុខភាពពិភពលោក និងភាគីពាក់ព័ន្ធផ្សេងៗ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្មានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ គ្មានករណីស្លាប់ មានតែករណីវិជ្ជមាននាំចូលតិចតួចដែលបានទទួលការត្រួតពិនិត្យ ព្យាបាល ថែទាំដោយគ្រូពេទ្យ ជំនាញកម្ពុជា គ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធប្រកបដោយភាពហ្មត់ចត់។ លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវវិធាននានា ដើម្បីជួយសង្គ្រោះអាជីវកម្ម បុគ្គលិកបម្រើការងារ ព្រមទាំងប្រជាពលរដ្ឋក្រីក្រ រងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ផងដែរ។ ក្នុងករណីនេះ ខ្ញុំព្រះករុណា ខ្ញុំពិតជាមានសោកស្តាយក្រៃលែងចំពោះ ការខាតបង់នានារបស់ប្រជាពលរដ្ឋទូទាំងពិភពលោក ដែលបង្កឡើងដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ខ្ញុំព្រះករុណាក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ កោតសរសើរ និងសូមសម្តែងការគាំទ្រដល់អ្នកជំនាញវេជ្ជសាស្ត្រ បុគ្គលិកសុខាភិបាល ក៏ដូចជាបុគ្គលិកជួរមុខដទៃទៀត រួមទាំងបណ្ដាអ្នកស្ម័គ្រចិត្តទាំងអស់ សហគមន៍ជាតិ អន្តរជាតិ និងភាគីពាក់ព័ន្ធនានាសម្រាប់ការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំព្រះករុណាខ្ញុំសូមអរគុណ និងកោតសរសើរដល់ប្រជាពលរដ្ឋទាំងអស់ដែលបាន សហការចូលរួមអនុវត្តដោយយកចិត្តទុកដាក់អនុវត្តតាម
វិធានសុវត្ថិភាព និងសុខភាពដែលបានដាក់ចេញដោយ ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ នាអំឡុងថ្ងៃឈប់សម្រាកសងចូលឆ្នាំខ្មែរកន្លងទៅ ហើយដែលប្រជា ពលរដ្ឋក្នុងប្រទេសប្រមាណ ១,៥លាននាក់ បានដើរកំសាន្តនៅតាមគោលដៅទេសចរណ៍នានា និងចូលរួមបង្កើត ចំណូលដល់មូលដ្ឋានយ៉ាងតិច ១០០លានដុល្លាអាមេរិក។ ការបើកទេសចរណ៍ក្នុងស្រុកប្រកបដោយការទទួល ខុសត្រូវនេះ ទទួលបានការកោតសរសើរពីអង្គការទេសចរណ៍ពិភពលោក (UNWTO)ផងដែរ។ ដោយឡែក នាថ្ងៃ ឈប់សម្រាកបុណ្យ ភ្ជុំបិណ្ឌកន្លងទៅ ប្រជាពលរដ្ឋកម្ពុជាក៏បានធ្វើដំណើរកម្សាន្តដោយប្រកាន់ភ្ជាប់នូវវិធានអនាម័យ និងសុខភាពគួរជាទីពេញចិត្ត។ យើងសង្កេតឃើញថា វិបត្តិកូវីដ-១៩ ធ្វើឱ្យមានការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់ទេសចរឱ្យងាកទៅរកការ ដើរកម្សាន្តតាមតំបន់ជនបទ សហគមន៍ទេសចរណ៍ តំបន់អេកូទេសចរណ៍ និងតំបន់ធម្មជាតិនានា កាន់តែខ្លាំងឡើង។
ខណៈពេលដែលពិភពលោកកំពុងជួបបញ្ហាប្រឈមនៃការចាកចេញពីតំបន់ជនបទមករស់នៅទីប្រជុំជន និងទីក្រុង ដែលធ្វើឱ្យមូលដ្ឋានទ្រទ្រង់នៃវិស័យកសិកម្ម និងវិស័យសេដ្ឋកិច្ចមូលដ្ឋានផ្សេងៗទៀត ជួបកង្វះខាតកម្លាំងពលកម្ម និងជំនាញ វិស័យទេសចរណ៍ជនបទ បានចូលរួមទប់ស្កាត់ចំណាកស្រុក តាមរយៈការបង្កើតការងារ ការអភិរក្ស និងលើកកម្ពស់វប្បធម៌ បេតិកភណ្ឌ និងទំនៀមទម្លាប់ប្រពៃណី ការពារនិងថែរក្សាធនធានធម្មជាតិ ព្រមទាំងនាំមក នូវនវានុវត្តន៍ និងគំនិតច្នៃប្រឌិតដល់ប្រជាពលរដ្ឋមូលដ្ឋាន។ រាជរដ្ឋាភិបាលកម្ពុជា សូមអរគុណដល់គ្រប់ភាគី ពាក់ព័ន្ធទាំងអស់ដែលសហការគាំទ្រដល់ក្រសួងទេសចរណ៍ ក្នុងការធ្វើយុទ្ធនាការជំរុញចលនាទេសចរណ៍ក្នុង ស្រុកកន្លងមក៕