ព័ត៌មានជាតិ

ផ្អើលទាំងយប់! មុខសញ្ញាទាក់សត្វឆ្កែ២នាក់ ត្រូវសមត្ថកិច្ចខណ្ឌចំការមន ដេញចាប់បាន រួមទាំងសត្វឆ្កែ១ក្បាល

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌចំការមន បានធ្វើការដេញចាប់ជនសង្ស័យ២នាក់ តាំងពីរង្វង់មូលផ្សារដើមថ្កូវ រហូតឃាត់ខ្លួនបាននៅជាប់របងមន្ទីរពេទ្យរុស្ស៊ី និងដកហូតវត្ថុតាងសត្វឆ្កែ១ក្បាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ វិត ភេទប្រុស អាយុ៤៣ឆ្នាំ, ទី២.ឈ្មោះ ស្នា ភេទប្រុស អាយុ៣០ឆ្នាំ។ អ្នកទាំងពីរមានមុខរបបមិនពិតប្រាកដ ស្នាក់នៅក្បែរស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

តាមប្រភពពីសមត្ថកិច្ចដែលដេញឃាត់ជនសង្ស័យខាងលើ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ កម្លាំងលោកបានជិះល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ក៏ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក SUZUKI ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AA-6849 និងបីសត្វឆ្កែ ពណ៌ខ្មៅ១ក្បាល មានទាំងខ្សែលួសជាប់នឹងខ្លួនសត្វ ទើបមានការសង្ស័យក៏ហៅឲ្យឈប់ តែជនសង្ស័យទាំង២នាក់នោះមិនឈប់ ធ្វើឲ្យសមត្ថកិច្ចដេញតាមតាំងពីរង្វង់មូលផ្សារដើមថ្កូវ ខណ្ឌចំការមន រហូតឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ បាននៅជាប់របងមន្ទីរពេទ្យរុស្ស៊ី តាមបណ្ដោយផ្លូវ១៨៧ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រួមទាំងចាប់យកវត្ថុតាងសត្វឆ្កែ១ក្បាលផងដែរ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើបានភ្លាម សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់ និងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *