ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ គួរឱ្យរន្ធត់! យ៉ាងហោចណាស់មនុស្សម្នាក់បានស្លា-ប់ និង៧នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកអ្នកដំណើរ នៅស្រុកស្រុកក្រគរ…

(ខេត្តពោធិ៍សាត់): ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រន្ធត់ណាស់! រថយន្តដឹកអ្នកដំណើរមួយគ្រឿង បើកបរក្នុងល្បឿនលឿន ក្នុងពេលមេឃកំពុងភ្លៀង លុះមកដល់ចំណុចផ្លូវកោង ក៏រអឹលក្រឡាប់រថយន្តទៅបុកនឹងបង្គោលភ្លើង បណ្តាលឱ្យស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ស្រាលមនុស្ស ចំនួន០៨នាក់។

ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង ០៤ និង៣០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១៥០ និង១៥១ ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពពីលោកវរសេនីយ៍ត្រី នូវ តាល់ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលផែននគរបាលចរាចរណ៍ផ្លូវគោគ បានឱ្យដឹងថា នាវេលាម៉ោងកើតហេតុខាងលើ ក្នុងពេលមេឃកំពុងភ្លៀងរលឹម មានរថយន្ដម៉ាកTOYOTA ហាយយ៉ាស មួយគ្រឿង ព័ណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-8834 បានដឹកអ្នកដំណើរ ដោយបើកបររថយន្ត ពីទិសខាងលិច ទៅទិសខាងកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ (ផ្លូវកោង) ក៏បានរអិលរថយន្ត ក្រឡាប់ជ្រុលទៅបុកនឹងខឿនចែកទ្រូងផ្លូវ រួចបោកផ្ទុបទៅនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ស្រាលមនុស្ស០៧នាក់ រួមមាន៖

ទី១៖-ឈ្មោះ លីវ ឆេងអ៊ួ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតារាងបាល់ ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ (រងរបួសធ្ងន់)។

ទី២៖-ឈ្មោះ ខៀវ ផល្លី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (រងរបួសធ្ងន់ )។

ទី៣៖-ឈ្មោះ ទី វីណា ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែររស់នៅសង្កាត់អូរឫស្សី៣ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ (រងរបួសធ្ងន់)។

ទី៤៖-ឈ្មោះ គឹម ផាត់ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជ្រៃកោង ឃុំស្លាកែត ក្រុងបាត់ដំបង (រងរបួសធ្ងន់)។

ទី៥៖-ឈ្មោះ នឿន ស្រីណាក់ ភេទស្រី ជនជាតិខ្មែរ រស់នៅភូមិឈ្នួលកោង (រងរបួសធ្ងន់)។

ទី៦៖-ឈ្មោះ អ៊ុល វាសនា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ (ស្លាប់) ពេលបញ្ចូនដល់មន្ទីរពេទ្យ។

ទី៧៖-ឈ្មោះ សាវន ឆវ័ន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (រងរបួសស្រាល)។

ទី៨៖-ឈ្មោះ យាត សំអាត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរចារ ឃុំអូរចារ ក្រុងបាត់ដំបង ( រងរបួសស្រាល ) ។

ប្រភពបន្តថា ក្រោយពេលកើតហេតុ គេឃើញមានវត្តមានរបស់លោកអភិបាលខេត្ត ខូយ រីដា បានដឹកនាំកម្លាំងអន្តរាគមន៍ ជួយសង្គ្រោះភ្លាមៗ ដោយអ្នករបួសស្រាល ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ដោយឡែកអ្នករបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ចំពោះអ្នកបើកបរត្រូវបានរត់គេចខ្លួនបាត់ស្រម៉ោល៕

adm

Leave a Reply

Your email address will not be published. Required fields are marked *