ភ្នំពេញ៖ បន្ទាប់ពីបណ្តាញសង្គមហ្វេសប៊ុកបានផ្សព្វផ្សាយថាឃាតករដែលបាញ់សម្លាប់មន្ត្រីនគរបាល “ជាឧត្តមសេនីយ៍ត្រីអង្គភាពឆត្រយោងពិសេស៩១១មកនោះ បញ្ជាការដ្ឋានទ័ពពិសេស បានចេញលិខិតបដិសេធ នៅយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ដោយប្រកាសបដិសេធ និងបញ្ជាក់ថា ឃាតករដែលបានបាញ់សម្លាប់មន្ត្រីនគរបាល ក្នុងបញ្ហាទំនាស់គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ពុំមែនជាយោធិន នៅក្នុងបញ្ជាការដ្ឋានទ័ពសេស (អតីតកងពលតូចទ័ពពិសេសឆត្រយោង ៩១១ ) នោះទេ។
បញ្ជាការដ្ឋានកងទ័ពពិសេសបដិសេធចំពោះការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ដែលចេះតែស៊ែរបន្តគ្នា និងប្រឌិតព័ត៌មានក្លែងក្លាយ ថាជនល្មើសរូបនោះ ជាយោធិនរបស់បញ្ជាការដ្ឋានទ័ពពិសេស និងមានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី ជាហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាពកងទ័ពពិសេស។ ហេតុនេះ បញ្ជាការដ្ឋានកងទ័ពពិសេស សូមឲ្យម្ចាស់ Facebook ទាំងនោះ កែតម្រូវព័ត៌មាននោះជាថ្មីឡើងវិញ ហើយរង់ចាំសមត្ថកិច្ចជំនាញ ស្រាវជ្រាវចាប់ជនល្មើសយកមកផ្តន្ទាទោសទៅតាមច្បាប់។
បញ្ជាការដ្ឋានកងទ័ពពិសេស បានព្រមានថា បើសិនជានៅតែមានម្ចាស់ Facebook ណាបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ដែលគ្មានប្រភពជាក់លាក់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់យើងខ្ញុំ យើងខ្ញុំទាំងអស់គ្នា ជានាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងបញ្ជាការដ្ឋានទ័ពពិសេស សូមប្តឹងដល់ក្រសួងមានសមត្ថកិច្ច ពិសេសសមត្ថកិច្ចផ្នែកព័ត៌មានវិទ្យា វែកមុខរកម្ចាស់គណនី Facebook នោះ យកមកផ្តន្ទាទោស ចំពោះមុខច្បាប់ជាធរមាន។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ កម្លាំងប្រដាប់អាវុធចម្រុះស្ថាប័ន កំពុងពួតដៃគ្នាដើម្បីស្រាវជ្រាវ ស្វែងរកចាប់ខ្លួនខ្មាន់កាំភ្លើង ដែលបាញ់ប្រហារនាយរងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បណ្ដាលឲ្យស្លាប់ថ្លុកឈាម ព្រោះតែរឿងគ្រោះថ្នាក់ចរាចរណ៍។
បើតាមសេចក្ដីរាយការណ៍ ក្រោយបើករថយន្ដបុកបារ៉ាស់របស់សមត្ថកិច្ច ខ្មាន់កាំភ្លើងបានបន្ដបើករថយន្ដគេចខ្លួន លុះបើកបានប្រមាណ១គីឡូម៉ែត្រ ខ្មាន់កាំភ្លើងបានចុះពីលើរថយន្ដ ហើយរត់គេចដោយថ្មើរជើងចូលក្នុងព្រៃជ្រៅ ដោយបន្សល់ទុកប្រពន្ធ និងកូន។ ពេលនោះប្រពន្ធ និងកូនតូចរបស់ខ្មាន់កាំភ្លើង ក៏ត្រូវសមត្ថកិច្ចនាំខ្លួនមកសួរនាំផងដែរ។
សេចក្ដីរាយការណ៍បានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ ខ្មាន់កាំភ្លើងបានបន្ដរត់គេចខ្លួនដល់ស្រុកលំផាត់ ខេត្តរតនគិរី ខណៈកម្លាំងជំនាញកំពុងស្រាវជ្រាវ។
គួរជម្រាបថា នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក៏ចាប់ខ្លួនបានជនសង្ស័យម្នាក់ដែលជាបក្ខពួករបស់ខ្មាន់កាំភ្លើង ហើយជាអ្នកបើករថយន្ដនៅថ្ងៃបង្កហេតុ។ បក្ខពួកខ្មាន់កាំភ្លើង ត្រូវចាប់ខ្លួនបាននៅខេត្តបាត់ដំបង ហើយបញ្ជូនភ្លាមៗតាមរថយន្ដមកកាន់ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសួរនាំ។
បក្ខពួករបស់ខ្មាន់កាំភ្លើងម្នាក់នេះឈ្មោះ កែ ចាន់មាន ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ហើយបើកករថយន្តខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូលទាំងស្រវឹង។ ពេលមកដល់កន្លែងកើតតហេតុ ខ្លួនបានបើកករថយន្តបុកគូថរថយន្តជនរងគ្រោះពីក្រោយ។
បន្ទាប់មកជនរងគ្រោះ បានបើកករថយន្តកាក់រថយន្តខ្លួន និងបានយកអាវុធខ្លីភ្ជង់ខ្លួន ដើម្បីឲ្យអែបកៀន ព្រមទាំងប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួនទៀតផង ទើបបឈ្មោះ រ៉េន (ខ្មាន់កាំភ្លើង) មានកំហឹង ហើយប្រាប់ខ្លួនឲ្យនៅស្ងៀម ចាំធ្វើតែតាមឈ្មោះ រ៉េន ប្រាប់បានហើយ។ ពេលកំពុងចរចារគ្នា រឿងគ្រោះថ្នាក់ចរាចណ៍ខាងលើ ដោយឃើញជនរងគ្រោះធ្វេសប្រហែស ឈ្មោះ រ៉េន ក៏បានដកអាវុធខ្លីដែលសៀតនៅនឹងចង្កេះបាញ់ទៅលើជនរងគ្រោះ រួចប្រាប់ឲ្យខ្លួនបើកករថយន្តគេចពីកន្លែងកើតហេតុតែម្តង។
ជនរងគ្រោះដែលស្លាប់ឈ្មោះ រ៉េត ស៊ីណែត មានតួនាទីជានាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ស័ក្ដិ៤កន្លះ។ នៅកន្លែងកើតហេតុ បន្ទាប់ពីពិនិត្យសាកសពរួចរាល់ សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសាររបស់ជនរងគ្រោះ ដើម្បីធ្វើបុណ្យតាមប្រពៃណីផងដែរ។
ខ្មាន់កាំភ្លើងបន្ទាប់ពីធ្វើសកម្មភាព កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០រួច បានរត់គេចខ្លួនពីមួយកន្លែងទៅមួយកន្លែងជាបន្ដបន្ទាប់ តាំងពីរាជធានីភ្នំពេញ រហូតធ្លាក់ដល់ខេត្តភាគឦសាន ដែលជាហេតុបង្កការលំបាកដល់ កម្លាំងប្រដាប់អាវុធ ក្នុងការចាប់ខ្លួនខ្មាន់កាំភ្លើងខាងលើ ដែលជាមន្ដ្រីយោធា និងមានអាវុធជាប់ខ្លួនថែមទៀតផង។
នៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ម្សិលមិញ ខ្មាន់កាំភ្លើងបានរត់ដល់ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយជិះរថយន្ដមួយគ្រឿង ក្នុងនោះមានទាំងប្រពន្ធ និងកូនតូចម្នាក់នៅជាមួយ។ បន្ទាប់ពីសមត្ថកិច្ចកំណត់ទីតាំងលាក់ខ្លួន របស់ខ្មាន់កាំភ្លើងបាន និងដាក់បារ៉ាស់នៅលើផ្លូវ ដើម្បីស្ទាក់ចាប់ ប៉ុន្ដែខ្មាន់កាំភ្លើង មិនព្រមប្រគល់ខ្លួននោះទេ ពោលបានបើករថយន្ដបុកបារ៉ាស់របស់សមត្ថកិច្ចថែមទៀតផង៕