(ខេត្តស្ទឹងត្រែង)÷ ឈើជ្រុងប្រភេទលេខ១ ជាង៣០០កំណាត់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្ត រួមមាន កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កម្លាំងរដ្ឋបាលព្រៃឈើ និងកម្លាំងបរិស្ថានខេត្តស្ទឹងត្រែង បានចុះបង្ក្រាប និងរឹបអូសបាន គ្រាដែលក្រុមឈ្មួញកំពុងសម្រុកកាប់ និងដឹកជញ្ជូនយកមកស្តុកទុកក្នុងព្រៃ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ហើយគ្រោងនឹងដឹកជញ្ជូនឆ្លងចូលទៅខេត្តរតនគិរី ភាគឦសាននៃប្រទេសកម្ពុជា ជាប់ព្រំដែនប្រទេសវៀតណាម។ ប្រតិបត្តិការនេះត្រូវបានគេឲ្យដឹងថា បានធ្វើឡើងចាប់តាំងពីថ្ងៃទី២១មិថុនា រហូតដល់ថ្ងៃទី២៣មិថុនាឆ្នាំ២០២២នេះ នៅចំណុចអូរដំបង ស្ថិតក្នុងភូមិតាឡាត ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលនៅជាប់នឹងព្រំប្រទល់ ឃុំហាតប៉ក់ ស្រុកកូនមុំ ខេត្តរតនគិរី។ ប្រភពព័ត៌មានបានឲ្យដឹងថា ឈើជ្រុងដែលរងការបង្ក្រាប និងរឹបអូសបាននាពេលនេះ ជាប្រភេទឈើលេខ១ ឈើផ្ចឹកមានចំនួនច្រើនជាង ៣២០កំណាត់ ត្រូវបានគេឡាំងជា៤ជ្រុងមានមុខកាត់មធ្យម ០.៣ ម៉ែត្រ និងមានប្រវែង ២ម៉ែត្រកន្លះ ទៅ ៣ម៉ែត្រ ហើយឈើទាំងនេះ ទំនងក្រុមឈ្មួញ គ្រោងដឹកជញ្ជូនឆ្លងទន្លេសេសាន ពីខេត្តស្ទឹងត្រែង ទៅខេត្តរតនគិរី។ ប្រភពដដែលបានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការបង្ក្រាប និងរឹបអូសឈើជាច្រើនរយកំណាត់នេះ សមត្ថកិច្ចមិនបានឃាត់ខ្លួនជនល្មើសបំផ្លាញព្រៃឈើនោះទេ ព្រោះត្បិតជនទាំងនោះបានរត់គេចខ្លួន មុនពេលសមត្ថកិច្ចចុះទៅដល់ទីតាំងស្តុកឈើនោះ។ ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ឈើទាំងនេះត្រូវបានក្រុមឈ្មួញមានលុយ បានបំផុសប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ឲ្យចូលទៅក្នុងព្រៃក្រឡាពស់ និងភ្នំគុល កាប់និងឈើដឹកយកមកលក់ឲ្យខ្លួន ហើយព្រៃឈើដែលរងការកាប់បំផ្លាញនេះ សង្ស័យស្ថិតនៅក្នុងដែនព្រៃការពារជីវៈចម្រុះ ក្រោមការគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ និងឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។ ក្រោយការកាប់ផ្តួល និងពុះជ្រៀក ជា ៤ជ្រុងហើយ ក្រុមឈ្មួញសកម្មខាងបំផ្លាញធនធានធម្មជាតិ ជីវៈចម្រុះ និងព្រៃឈើ បានធ្វើការដឹកជញ្ជូនឈើទាំងនោះ តាមគោយន្តកន្ត្រៃ ឬរថយន្តកែច្នៃ យកមកទម្លាក់នៅមាត់ទន្លេក្នុងស្រុកសេសាន និងបន្ទាប់មកក៏ដឹកជញ្ជូនឆ្លងទឹក យកមកដាក់នៅមាត់ទន្លេត្រើយខាង ឃុំហាតប៉ក់ ស្រុកកូនមុំ ខេត្តរតនគិរី អាចនឹងដឹកបន្តយកទៅលក់នៅក្នុងប្រទេសវៀតណាម ថែមទៀតផង។ ទោះជាយ៉ាងណាក៏ដោយចុះ ខណៈនេះកម្លាំងសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង បានធ្វើការបង្ក្រាប និងរឹបអូសនេះដែរ ដោយមិនបណ្តោយឲ្យឈ្មួញបន្តធ្វើសកម្មភាព ប្រព្រឹត្តបទល្មើសព្រៃឈើ តទៅទៀតបានឡើយ។ ប្រជាពលរដ្ឋមានការកោតសរសើរ ចំពោះចំណាត់ការបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងស្រុកសេសាន ប៉ុន្តែ ពួកគាត់ក៏បានស្នើដល់កម្លាំងសមត្ថកិច្ច ឲ្យបន្តចុះបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានព្រំប្រទល់ជាប់ ខេត្តក្រចេះ នោះផងដែរ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យប្រព្រឹត្តបទល្មើសព្រៃឈើ នៅក្នុងស្រុកសៀមបូកនោះ មានជាច្រើននាក់ ប៉ុន្តែ មានម្នាក់ត្រូវគេស្គាល់ ឈ្មោះ តាវុធ ដែលគេនិយមហៅថា (តាវុធ ត្បូងខ្លា) ដែលជាឈ្មួញចាស់វស្សា រកស៊ីជួញដូរឈើនេះ មានរយៈពេលជាច្រើនឆ្នាំមកហើយ មិនដែលមានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះឡើយ សង្ស័យ តាវុធត្បូងខ្លា នេះ មានខ្នងបង្អែកធំនៅពីក្រោយ ទើបអាចដំណើរការដឹកជញ្ជូនឈើតាមទូក ពីខេត្តស្ទឹងត្រែង យកទៅលក់នៅខេត្តក្រចេះ បានយ៉ាងរលូនបែបនេះ?៕
Related Articles
រដ្ឋមន្រ្តីក្រសួងធនធានទឹក បន្តចុះពិនិត្យស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍ជំនន់ស្ទឹងព្រែកត្នោត
ភ្នំពេញ ៖ នាថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កំពុងបន្តដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួងចុះ ពិនិត្យ និងបញ្ជាការងារអន្តរាគមន៍ នៅលើទំនប់សណ្តរស្ទឹងព្រែកត្នោតដែលបានកំពុងជន់លិចដោយទឹកជំនន់ស្ទឹងព្រែកត្នោត ដើម្បីជួយសម្រួលធ្វើយ៉ាងណាបន្ថយការប៉ះពាល់ ឲ្យបានជាអតិបរមាដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ប្រឈម។ ក្នុងដំណើរចុះអន្តរាគមន៍នេះ ក៏មានការចូលរួមពីទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារ ដើម្បីសហការបច្ចេកទេសដោះស្រាយ សម្រួលបន្តការធ្វើដំណើរ លើផ្លូវជាតិលេខ៣, លេខ៤ និងផ្លូវលេខ ២០A។ បន្ទាប់ពីភ្លៀងខ្លាំងកាលពីយប់មិញ ក្នុងបរិមាណ ១៩៦,៧០ មីលីម៉ែត្រ (ស្ថានីយសាក់សំពៅ) បានធ្វើឲ្យទឹកស្ទឹងព្រែកត្នោតឡើងខ្ពស់ដល់កម្ពស់ទឹកនៅទ្វារទឹកខាងមុខមានកម្រិត ៦,៥២ម៉ែត្រ ហូលើទ្វារទឹកកម្ពស់ ១,៧២ម៉ែត្រ កម្ពស់ទ្វារទឹកក្រោយ ៩,២៥ម៉ែត្រ បណ្តាលឲ្យទឹកក្នុងស្ទឹងឡើងខ្ពស់ហូរលើខ្នងទំនប់បែកវាលទៅផ្នែកខាងក្រោម នៃសណ្តរចាស់ទំនប់ខាងត្បូង លើភូមិសាស្រ្ត ខេត្តកណ្តាលរួមមាន៖ សង្កាត់ស្ពានថ្ម ទៀន រលួស គងនយ និងសង្កាត់ព្រែកកំពឹស និងបណ្តាឃុំមួយចំនួនទៀត ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានឃុំដើមឫស អន្លង់រមៀត បារគូ […]
រូបសំណាក “សេះសមុទ្រ” បាញ់ទឹក ក្នុងខេត្តកំពត នឹងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកកម្សាន្តកាន់តែច្រើនថែមទៀត
កំពត៖ ខេត្តកំពតកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរថែមមួយកម្រិតទៀត ក្រោយរូបសំណាក “សេះសមុទ្រ” បាញ់ទឹក នៅសួនច្បារមុខសាលាខេត្តចាស់បានសាងសង់រួចរាល់។ រូបសំណាកសេះសមុទ្រនេះមានកម្ពស់ ៨ម៉ែត្រ មានបាញ់ទឹកចេញពីមាត់អបដោយការតុបតែងលម្អភ្លើងពណ៌ផងដែរ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានទៅលេងកម្សាន្ត និងថតរូបអនុស្សាវរីយ៍ជាមួយនឹងសេះសមុទ្រ(ត្រីសេះសមុទ្រ) ហើយបានដាក់ឈ្មោះឱ្យថា “ស៊ីងកាពត”។លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្នុងដំណើរចុះពិនិត្យរូបសេះសុទ្រ ដែលនឹងដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ខេត្តកំពត ជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ខេត្តនេះសម្បូរទៅដោយធនធានធម្មជាតិជាច្រើនដែលបម្រើឱ្យវិស័យទេសចណ៍ ដូច្នេះក្នុងនាមអាជ្ញាធរខេត្តត្រូវតែមានការកែច្នៃ កែលម្អ តំបន់ដែលមានធនធានធម្មជាតិ និងមានសក្តានុពលទេសចរណ៍ទាំងនោះឱ្យដំណើរការ ក្នុងន័យជួយជំរុញដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត ព្រោះពេលណាដែលមានទេសចរមកលេងកម្សាន្តច្រើន នោះពលរដ្ឋ នឹងទទួលបានចំណូលពីវិស័យទេសចរណ៍ក៏ច្រើន។សូមបញ្ជាក់ថា រូបសំណាកសេះសមុទ្រ(ត្រីសេះសមុទ្រ) ត្រូវបានអាជ្ញាធរខេត្តកំពត រៀបចំសាងសង់ឡើងដើម្បីបង្កើនសោភ័ណភាពក្នុងក្រុងកំពត ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកលេងកម្សាន្តកាន់តែច្រើន ពិសេសក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។ រូបសំណាកសេះសមុទ្រ(ត្រីសេះសមុទ្រ) មានកម្ពស់ ៨ម៉េត្រ សាងសង់ឡើងដោយមានការបាញ់ទឹកចេញពីមាត់ រួមទាំងការបំពាក់ភ្ញៀវពណ៌ដ៏ស្រស់ស្អាតនាពេលយប់។ ការសាងសង់រូបសំណាកនេះឡើងដោយសារខេត្តកំពត ជាខេត្តមួយដែលជាប់តំបន់សមុទ្រ ហើយសេះសមុទ្រ(ត្រីសេះសមុទ្រ) ក៏ជាប្រភេទសត្វក្នុងទឹកសមុទ្រមួយប្រភេទផងដែរ ដែលប្រជានេសាទខ្លះហៅថាត្រីសេះ។ […]
បើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី ០២ ខែវិច្ឆិកា រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ការបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី ០២ ខែវិច្ឆិកា រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។ ក្នុងអំឡុងពេលបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាសាធារណៈ ដំណាក់កាលទី២ ក្រសួងអប់រំ យុវជន និងកីឡាសង្កេតឃើញថា គ្រឹះស្ថានសិក្សាបាននិងកំពុងអនុវត្តយ៉ាងល្អប្រសើរ តាមការណែនាំ និងធានា បាននូវការសិក្សារបស់សិស្សប្រកបដោយសុខសុវត្ថិភាព ជាពិសេសអនុវត្តបានខ្ជាប់ខ្លួនតាមគោលការណ៍ប្រតិបត្តិ ស្តង់ដា (SOP)។ បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអនុញ្ញាតឱ្យ គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ បើកដំណើរការឡើងវិញ ក្នុងដំណាក់កាលទី៣ ។ ក្នុងស្មារតីបន្តការបង្ការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងធានាបាននូវ និរន្តរភាពនៃការសិក្សារបស់សិស្សានុសិស្ស ក្រសួងសូមធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងអ្នកពាក់ព័ន្ធ ទាំងអស់សូមបន្តអនុវត្តតាម គោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ ដូចក្នុងដំណាក់កាលទី២ និងសេចក្តីណែនាំដទៃទៀតដែលស្ថិតនៅជាធរមាន ។ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ ត្រូវបន្តនិងបើកដំណើរការឡើងវិញ […]