ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ការបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី ០២ ខែវិច្ឆិកា រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។
ក្នុងអំឡុងពេលបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាសាធារណៈ ដំណាក់កាលទី២ ក្រសួងអប់រំ យុវជន និងកីឡាសង្កេតឃើញថា គ្រឹះស្ថានសិក្សាបាននិងកំពុងអនុវត្តយ៉ាងល្អប្រសើរ តាមការណែនាំ និងធានា បាននូវការសិក្សារបស់សិស្សប្រកបដោយសុខសុវត្ថិភាព ជាពិសេសអនុវត្តបានខ្ជាប់ខ្លួនតាមគោលការណ៍ប្រតិបត្តិ ស្តង់ដា (SOP)។ បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអនុញ្ញាតឱ្យ គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ បើកដំណើរការឡើងវិញ ក្នុងដំណាក់កាលទី៣ ។
ក្នុងស្មារតីបន្តការបង្ការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងធានាបាននូវ និរន្តរភាពនៃការសិក្សារបស់សិស្សានុសិស្ស ក្រសួងសូមធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងអ្នកពាក់ព័ន្ធ ទាំងអស់សូមបន្តអនុវត្តតាម គោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ ដូចក្នុងដំណាក់កាលទី២ និងសេចក្តីណែនាំដទៃទៀតដែលស្ថិតនៅជាធរមាន ។
គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ ត្រូវបន្តនិងបើកដំណើរការឡើងវិញ ក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី ០២ ខែវិច្ឆិកា រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០ ។ ការអនុវត្តឆមាសទី២ នៃឆ្នាំសិក្សា២០១៩-២០២០ គិតចាប់ ពីថ្ងៃទី០៧ ខែកញ្ញា ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។
១-ការអនុវត្តកម្មវិធីសិក្សាសម្រាប់គ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូច ៖ គ្រប់គ្រឹះស្ថានមត្តេយ្យសិក្សា និងកន្លែងផ្តល់សេវាអប់រំកុមារតូច ត្រូវបើកដំណើរការបង្រៀននិងរៀន ពេញលេញគ្រប់កម្រិតថ្នាក់ ចំនួន ៥ថ្ងៃក្នុងមួយសប្តាហ៍ ដោយកំណត់ចំនួនកុមារ មិនលើសពី ២៥ នាក់ក្នុងមួយ ថ្នាក់ ។
២-ការអនុវត្តកម្មវិធីសិក្សាសម្រាប់គ្រឹះស្ថានបឋមសិក្សា ៖ អនុវត្តការបង្រៀននិងរៀន លើមុខវិជ្ជាសិក្សាគោលពីរគឺ ភាសាខ្មែរ និងគណិតវិទ្យា ។ មុខវិជ្ជាផ្សេងទៀតត្រូវព្យួរសិន ដោយនឹងត្រូវរៀនបំពេញបន្ថែម នៅដើមឆ្នាំសិក្សាបន្ទាប់។ អនុវត្តចំនួនម៉ោងសិក្សា ៥ម៉ោងសិក្សាក្នុងមួយថ្ងៃ
។ អនុវត្តការបង្រៀននិងរៀន ៣ថ្ងៃក្នុងមួយសប្តាហ៍ ដោយបែងចែកសិស្សជាពីរក្រុមក្នុងមួយថ្នាក់ ដែល ក្នុងមួយក្រុមមិនលើសពី ៣០នាក់និងអនុវត្តតាមការសិក្សាតាមបែបចម្រុះ(ដូចក្នុងដំណាក់កាលទី២) ។ ករណីថ្នាក់រៀនដែលមានសិស្សក្រោម ៣០នាក់ ត្រូវអនុវត្តការបង្រៀននិងរៀនពេញលេញ (មុខវិជ្ជា
សិក្សាគោលគឺ ភាសាខ្មែរនិងគណិតវិទ្យា)។
៣-ការអនុវត្តកម្មវិធីសិក្សាសម្រាប់គ្រឹះស្ថានមធ្យមសិក្សា ៖ ថ្នាក់ទី៩ និងទី១២ ត្រូវបន្តអនុវត្តដូចក្នុងដំណាក់កាលទី២។ ថ្នាក់ទី៧ ទី៨ ទី១០ និងទី១១ ត្រូវអនុវត្តការបង្រៀននិងរៀន ៣ថ្ងៃក្នុងមួយសប្តាហ៍ ដែលក្នុងមួយ បន្ទប់មានសិស្សមិនលើសពី ៣០ នាក់ និងអនុវត្តការសិក្សាតាមបែបចម្រុះ ដោយផ្តោតលើមុខវិជ្ជាសិក្សាគោលយ៉ាងតិច ៦ មុខវិជ្ជា ស្របតាមស្ថានភាពជាក់ស្តែងនៃចំនួនបន្ទប់រៀន និងចំនួនគ្រូ។
៤-ការផ្តល់សេវាផ្សេងៗ៖ គ្រឹះស្ថានសិក្សាសាធារណៈ អាចចាប់ផ្តើមដំណើរការឡើងវិញ នូវសេវារថយន្តដឹកសិស្ស បណ្ណាល័យ សកម្មភាពអប់រំកាយនិងកីឡា សកម្មភាពសិល្បៈនិងសេវាអាហារដ្ឋាន ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោល ការណ៍ប្រតិបត្តិស្តង់ដារ (SOP) ស្តីពីសេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយនិងកីឡា សកម្មភាពសិល្បៈ និងសេវាអាហារដ្ឋាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងបរិបទជំងឺកូវីដ ១៩ ។ ក្នុងករណីមានការសង្ស័យ ត្រូវរាយការណ៍និងទាក់ទងជាបន្ទាន់ជាមួយមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និង អាជ្ញាធរអប់រំគ្រប់លំដាប់ថ្នាក់។
៥-ការជួសជុលការខូចខាតដោយសារទឹកជំនន់៖ ចំពោះគ្រឹះស្ថានសិក្សាដែល រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ត្រូវចាត់វិធានការដោះស្រាយដូចខាង អនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាប្រើប្រាស់មូលនិធិដំណើរការសាលារៀន ដើម្បីជួសជុលទ្រង់ទ្រាយតូច ។ រៀបចំថ្នាក់រៀនឡើងវិញ និងទិញសម្ភារចាំបាច់សម្រាប់ការសម្អាត ការលើកកម្ពស់អនាម័យ សុខភាពសិក្សា និងសុវត្ថិភាពនៅតាមសាលារៀន។ ផ្តល់បន្ថែមសៀវភៅសិក្សាគោល និងកញ្ចប់សង្គ្រោះបឋម។ កៀរគរធនធានពីដៃគូអភិវឌ្ឍនិងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីគាំទ្របន្ថែមដល់សាលារៀន ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត។
លោកហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថា ទទួលបានសេចក្តីណែនាំនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និង កីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានបឋមសិក្សា បុគ្គលិកអប់រំ អាជ្ញាធរដែនដី មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប សូមចូលរួមសហការអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់៕