ភ្នំពេញ៖ លោកផែង វណ្ណៈ បានលើកឡើងថា តើកាំភ្លើង AK47 ជារបស់អ្នកណា ? ពេលនេះ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវដឹងហើយថា អ្នកកាន់កាំភ្លើងអាកា គំរាមកំហែងគូរទំនាស់ជាកូនប្រុសរបស់ លោកឧកញ៉ា ញឹក ផន ហៅ តាកៅ មានរហស្សនាម ០៩ ។
កូនប្រុសរបស់លោកឧកញ៉ានោះ បានទាញយកកាំភ្លើងអាកាពីក្នុងរថយន្តម៉ាស្ដា ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ 2AD0819 មកគំរាមកំហែងគូរទំនាស់ ហើយនៅពេលដែលគូភាគីប្រកែកតវ៉ាវិញដោយមិនខ្លាចញញើត ជននោះរួមជាមួយបក្ខពួកម្នាក់ទៀតឡើងជិះឡានគេចបាត់ស្រមោល។
លោកថា ឥឡូវនេះដល់ពេលឆ្ងល់ម្ដង តើអ្នកណាជាម្ចាស់កាំភ្លើងអាកា ? តើអង្គភាពណាចេញច្បាប់ប្រើប្រាស់ កាំភ្លើងអាកា អោយកូនឧកញ៉ា ប្រើប្រាស់បាន ?
ចំណែក ព្រំសាន បានឲ្យដឹងថា ស៊ែរឲ្យល្បីមួយផង ភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង, អាងតែមានកាំភ្លើង ធ្វើអីស្រេចចិត្តមែនលោក?
ខុសត្រូវអីចុះនិយាយគ្នាទៅ អាងមានកាំភ្លើង គំរាមគេបែបនេះមិនល្អទេ!សង្ឃឹមថា អាជ្ញាធរក៏ដូចជាមន្ត្រីពាក់ព័ន្ធសមត្ថកិច្ចក្នុងខេត្តកំពង់ឆ្នាំង ទាំងមូលនិងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនម្នាក់នេះដែលនៅក្នុងឯកសណ្ឋានជាស៊ីវិលហើយមានអាវុធទំនើប (អាកាស្វាយបត់) មកគំរាមកំហែងទៅលើប្រជាពលរដ្ឋបែបនេះ។
បុរសដែលជើងខ្លាំងដកកាំភ្លើងAK 47ចេញពីក្នុងរថយន្តមកកាន់សំញ៉ែងគំរាម ប្រជាពលរដ្ឋ ត្រូវបានគេទម្លាយថា ជាកូនលោក ញឹក ផន ហៅតាកៅ ថៅកែជីរណ្តៅដីធំជាងគេនៅទំនប់កប់ស្រូវ ល្បីពេញរាជធានីភ្នំពេញ ខាងដឹកដីបំផ្លាញផ្លូវ បើកប្រជែង ឡានច្រើនដូចហែកឋិន។
នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចបានឡោមព័ទ្ធជនទំនើងរូបនេះ នៅក្នុងក្រុមហ៊ុនចំការអំពៅ ឯខេត្តកំពង់ឆ្នាំង ខណៈបង្កហេតុហើយ សមត្ថកិច្ចតាមប្រមាញ់ រូបគេដឹងខ្លួនគេចខ្លួនចូលក្នុងចំការអំពៅ។
ប្រភពដដែលបន្តថា៖ នគរបាលខេត្តកំពង់ឆ្នាំងអាចបន្តឡោមព័ទ្ធទល់ភ្លឺ ដោយសារផុតម៉ោងរដ្ឋបាលមន្ត្រីនគរបាលយុត្តិធម៌ មិនអាចចូលក្នុងទីតាំងនោះបាន។
នៅវេលាយប់ថ្ងៃទី៣១ខែសីហាឆ្នាំ២០២០ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចេញផ្សាយព័ត៌មានបន្ទាន់ថា “នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង៤៥នាទី នៅចំណុចផ្លូវចូលចម្ការអំពៅ របស់ក្រុមហ៊ុនលោកឧកញ៉ា ញ៉ឹក ផន (ហៅកៅ) ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណីទំនាស់ រវាងកូនប្រុសរបស់លោកឧកញ៉ា ញ៉ឹក ផន (ហៅកៅ) រហ័សនាម ០៩ (អ្នកបើកបររថយន្ត) និងឈ្មោះ ប្រាក់ សំបាន (អ្នកបើកបរម៉ូតូ)។ ភាគីទាំងពីរបានបង្កទំនាស់នឹងគ្នា រហូតដល់ភាគីខាងអ្នកបើកបររថយន្ត (រហស្សនាម០៩) ទាញកាំភ្លើងវែងពីក្នុងរថយន្តគម្រាម ភាគីអ្នកបើកបរម៉ូតូ”។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកម្លាំងជំនាញ និងលោកអធិការនគរបាលស្រុកទឹកផុសចុះទៅកន្លែងកើត ដើម្បីចាត់ការតាមនីតិវិធី ។ អាស្រ័យហេតុនេះ សូមអស់លោក លោកស្រី មតិសាធារណជនដែលទទួលបានព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកមេត្តាជ្រាប ។
សូមបញ្ជាក់ថា៖ ករណីនេះកើតហេតុ នៅរសៀល ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២០ នៅ ភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ជនទំនើងនេះបានសំឡុតទៅលើអ្នកដំណើរដែលបើកម៉ូតូ ជិតឡានរបស់ខ្លួន ក៏ទាស់ពាក្យសំដី ហើយទាញកាំភ្លើងAK ពីឡានគំរាមគូរភាគី៕