ភ្នំពេញ៖ មានហេតុការភ្ញាក់ផ្អើលមួយ ដល់កងកម្លាំងកិច្ចចម្រុះក្រោយពីឮថាមានករណីឃាតកម្ម ចាប់រំលោភមកលើក្មេងស្រី រួចជនដៃដល់បានធ្វើសកម្មភាពអារកសម្លាប់ រហូតដល់ស្លាប់ទាំងអាក្រាតកាយ ដ៏សាហាវយង់ឃ្នង មួយបានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះដែលស្លាប់នៅក្នុងថ្លុកឈាម គួរឲ្យសង្វេគនោះមានឈ្មោះ ព.ស.ព អាយុ១៤ឆ្នាំ ជាសិស្សសាលាវិទ្យាល័យជម្ពូវ័ន្ត មានបងប្អូនចំនួន៤នាក់ ហើយនាងគឺជាកូនទី៤ មានឪពុកអាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូកង់បី និង
ម្តាយអាយុ៤៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើត នៅក្នុងភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
សមត្ថកិច្ចដដែលឲ្យដឹងបន្ថែមទៀតថា ម្ដាយរបស់នាងបានឈប់សម្រាកពីការងារចំនួន៤ថ្ងៃមកហើយ ហើយនៅមុនពេលកើតហេតុ គាត់បាននាំកូនស្រីរងគ្រោះរូបនេះ ទៅលេងផ្ទះអ្នកជិតខាង ដែលស្ថិតនៅជិតបន្ទប់ស្នាក់នៅរបស់គាត់នោះដែរ។ ក្រោយមកស្រាប់តែមេឃជិត ភ្លៀង គាត់បានឲ្យកូនស្រីទៅប្រមូលខាអាវដែលហាលទុក។ ចំណែកគាត់មិនបានទៅតាមនោះទេ រហូតរាំងភ្លៀង១ម៉ោងក្រោយមក ក៏គាត់នៅតែមិនទាន់ត្រឡប់ទៅមើលកូនស្រីដែរ ប៉ុន្តែមានយុវជនម្នាក់ ដែលត្រូវជាក្មួយបានដើរទៅមើល ស្រាប់តែប្រទះកូនស្រីគាត់ដេកស្លាប់នៅក្នុងថ្លុកឈាមបាត់ទៅហើយ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅកាន់កន្លែងកើតហេតុ ភ្លាមៗធ្វើការតាមជំនាញ ព្រមទាំងរាយការណ៍ជូនកម្លាំងនគរបាលការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕