ព្រះវិហារ ៖ កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅត្រង់ចំណុចផ្លូវជាតិលេខ៩៥ ចន្លោះគីឡូម៉ែត្រលេខ76_77 ស្ថិតក្នុងភូមិសាស្រ្ត ភូមិស្រែធ្នង់ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារវាងរថយន្តរបស់ លោក ហ៊ោ ប៊ុនហួ អភិបាលស្រុករវៀង ប៉ះគ្នាជាមួយរថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន ថុង លី ។
នេះបើតាមប្រភពពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុថា នៅមុនពេលកើតហេតុរថយន្តទាំង២ គេសង្កេតឃើញរថយន្តLexusព័ណ៌ស១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AB-8491 ដែលគេស្គាល់ថាជារថយន្ត របស់លោក ហ៊ោ ប៊ុនហួអភិបាល ស្រុករវៀង បានបើកបរក្នុងទិសដៅពីកើតទៅលិច ខណៈនោះក៍បានរេចង្កូត ទៅបុកនឹងរថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុន ថុង លី បានបើកបរក្នុងទិសដៅពីភ្នំពេញ ចូលមកក្នុងស្រុករវៀង លុះទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ទំនងជាអ្នកបើកបរងងុយដេក ទើបធ្វើអោយរេចង្កូតទៅឆ្វេង ស្របពេលដែលមានរថយន្តក្រុងដឹកអ្នកដំណើរខាងលើ ពាក់ស្លាកលេខភ្នំពេញ 3A-3462 កំពុងបើកមកពីមុខ បណ្តាលអោយបុកគ្នាយ៉ាងពេញទំហឹង និងរួញក្បាលចូលគ្នា ។ ក្រោយពេលកើតហេតុកម្លាំងជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុករវៀង បានចុះជួយអន្តរាគមន៍ដើម្បីសម្រួលចរាចរណ៍ នៅលើកំណាត់ផ្លូវ នៅចំណុចកើតហេតុខាងលើ ។
សូមបញ្ជាក់ថាក្ន្ងុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយនេះគឺមិនមានភាគីណាស្លាប់បាត់បង់អាយុជីវិតនោះទេ ដោយក្នុងនោះលោក ហ៊ោ ប៊ុនហួ អភិបាលស្រុករវៀង បានរងរបួស ចំផ្ទៃមុខ នឹងបានបញ្ជូនទៅព្យាបាលភ្លាមៗនៅឯមន្ទីរពេទ្យខេត្តកំពង់ធំ ចំណែកភាគីខាងរថយន្តក្រុងគឺមិនមានអ្នកណាម្នាក់រងរបួសឡើយ ។ ដោយឡែករថយន្តទាំង២ត្រូវបានកម្លាំងជំនាញនគរបាលចរាចរណ៍ស្រុកយកមករក្សាទុកនៅអធិការស្រុករវៀងរង់ចាំធ្វើការដោះស្រាយទៅតាមនិតីវិធី ច្បាប់ ៕