ព័ត៌មានជាតិ

សម្តេចតេជោ៖ ទីតាំងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ផ្តើមចេញពីចំណុចផ្សាររាត្រីទៅជ្រោយចង្វារ និងឆ្ពោះទៅកាន់ស្វាយជ្រុំ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឬស្ពានស្វាយជ្រុំ នឹងត្រូវសាងសង់ពីចំណុចផ្សាររាត្រី ឬសួនច្បារផ្សារចាស់ ក្នុងខណ្ឌដូនពេញ ទៅកាន់តំបន់ជ្រោយចង្វារ និងឆ្ពោះទៅកាន់តំបន់ស្វាយជ្រុំ សរុបមានចំនួន ២ស្ពាន ដែលប្រើខ្សែកាប្លិ៍ គ្មានសសរកណ្តាល។​ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម ស្ថិតក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣មីនានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា តាមការសិក្សាមានជម្រើសជាច្រើនក្នុងការសាងសង់ស្ពានមិត្តកម្ពុជា-កូរ៉េ ឬស្ពានជ្រោយចង្វារ ក៏ប៉ុន្តែមានជម្រើសតែពីរប៉ុណ្ណោះ ដែលអាចពិចារណាក្នុងការសាងសង់បាន។ សម្តេចតេជោបញ្ជាក់ថា ជម្រើសទី១ គឺសង់ចាប់ពីជ្រោយចង្វារ ឆ្លងកាត់ទន្លេរមេគង្គ ទៅកាន់ស្វាយជ្រុំ។ សម្តេចថា បើយកជម្រើសនេះ គឺបង្កើតឲ្យមានការកកស្ទះចរាចរណ៍នៅជ្រោយចង្វារ។ ដោយឡែកជម្រើសទី២ គឺសង់ចាប់ពីផ្សាររាត្រី ឆ្លងកាត់ទន្លេសាប ភ្ជាប់ទៅជ្រោយចង្វារ ទើបបន្តពីជ្រោយចង្វារឆ្ពោះទៅកាន់ស្វាយជ្រុំ ដែលមានស្ពានសរុបចំនួន២។ សម្តេចតេជោ សម្រេចជ្រើសយកជម្រើសទី២នេះ ព្រោះវាបានជួយសម្រួលដល់ការធ្វើចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅស្ពានជ្រោយចង្វារ។​សម្តេចតេជោបន្តថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ជាស្ពានទំនើប នឹងត្រូវសាងសង់ឡើងដោយប្រើខ្សែកាប្លិ៍ គ្មានសសរកណ្តាល ដើម្បីសម្រួលដល់ការធ្វើនាវាចរតាមទន្លេទាំង២ គឺទន្លេសាប និងទន្លេមេគង្គ។ សម្តេចរំពឹងថា នៅពេលដែលស្ពាននេះសាងសង់រួច នឹងអាចទាក់ទាញបានទេសចរណ៍ទាំងក្នុង​ និងក្រៅប្រទេស។ ​ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង ដែលឡើងកាន់តំណេងថ្មី នឹងមិនបោះបង់ចោលគម្រោងជួយកសាងផ្លូវស្ពានដល់កម្ពុជាទេ ព្រោះវានឹងក្លាយជាតំណាងមិត្តភាពដ៏យូរអង្វែងមួយ។ បើតាមសម្តេច សមិទ្ធផលនេះ គឺលទ្ធផលនៃចំណងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលសម្តេចត្រូវតែពុះពារធ្វើឲ្យខាងតែបាន។ សម្តេចបានបង្ហាញមោទនភាពក្នុងឋានៈជាស្ថាបនិកនៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។គួរបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីឆ្នាំ២០២០កន្លងទៅ បានសម្រេចផ្តល់ថវិកាសម្រាប់សាងសង់ស្ពានតភ្ជាប់ភ្នំពេញទៅតំបន់អារិយក្សត្ររួចហើយ។ ​លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឲ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង គ្រោងនឹងចាប់ផ្តើម​សាង​សង់នៅឆ្នាំ២០២៣ ខាងមុខនេះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *