នារសៀលថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញក្ដីសង្ឃឹមថា ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលថ្មី រដ្ឋបាលខេត្ត រួមទាំងមន្ត្រី កងកម្លាំង និងប្រជាពលរដ្ឋខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំងទាក់ម៉ូយទាំងក្នុងវិស័យវិនិយោគ និងទេសចរណ៍ ស្របតាមគោលការណ៍ដឹកនាំដ៏ឧត្តុង្គឧត្តមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសក្ដានុពលជាក់ស្ដែងរបស់ខេត្តព្រះសីហនុ។ដើម្បីធានាសម្រេចបានគោលបំណងខាងលើនេះ ប្រមុខក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបន្តពង្រឹងការងារសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ។ ពាក់ព័ន្ធការងារនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់អំពីចំណាត់ការដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល មានក្រសួងមហាផ្ទៃ ជាសេនាធិការ ដែលបាននិងកំពុងយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសដែលមានការប្រឈមនៅខេត្តភាគនិរតីមួយនេះ ដូចជាបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសពាក់ព័ន្ធគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត។ពីវេទិកាធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរ ដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកន្លងមកនេះ ក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន អតីតអភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រី កងកម្លាំង និងកៀរគរការចូលរួមពីប្រជាពលរដ្ឋ ដើម្បីពង្រឹងគុណភាពសេវាសាធារណៈ ធានាសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យបទល្មើសគ្រប់ប្រភេទនៅក្នុងខេត្ត ជាពិសេសក្នុងក្រុងព្រះសីហនុ មានការថយចុះ ប្រជាពលរដ្ឋមានការសាទរ និងគាំទ្រ ភ្ញៀវទេសចរណ៍ និងវិនិយោគិនជាតិ និងអន្តរជាតិ ក៏ទទួលបានភាពកក់ក្ដៅ។ក្នុងចំណោមប្រធានបទសំខាន់ៗជាច្រើនទៀត ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីបទល្មើសគ្រឿងញៀន ដែលបើទោះបីជាប្រតិបត្តិការក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៤នេះ បង្ក្រាបបានច្រើនករណី ដោយរឹបអូសគ្រឿងញៀនរហូតដល់ជាង ៥ តោន ក៏មិនមែនមានន័យថា បញ្ហាគ្រឿងញៀនបានថយចុះនោះ។ ផ្ទុយទៅវិញ ឯកឧត្តមបានជំរុញឱ្យរដ្ឋបាលខេត្ត រួមទាំងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់អនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងនោះត្រូវបំផុសចលនាចូលរួមពីគ្រប់ភាគី ដោយអនុវត្តវិធានការណ៍ ៣កុំ ១រាយការណ៍។ក្រៅពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យរដ្ឋបាលខេត្ត និងកម្លាំងមានសមត្ថកិច្ច យកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបបទល្មើសអាជីវកម្មផ្លូវភេទ ជួញដូរកម្លាំងពលកម្ម និងបទល្មើសចរាចរណ៍ ពិសេសការរឹតបន្តឹងច្បាប់នៅពេលយប់ និងផ្ដោតលើមុខសញ្ញាមិនពាក់មួកសុវត្ថិភាព ព្រមទាំងយកចិត្តទុកដាក់បង្ក្រាបបទល្មើសលើផ្ទៃសមុទ្រប្រកបដោយការទទួលខុសត្រូវខ្ពស់ និងធានាឱ្យបាននូវសោភណ្ឌភាព និងអនាម័យតំបន់ឆ្នេរប្រកបដោយភាពទាក់ទាញ។ជាថ្មីម្ដងទៀត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានជម្រាបជូនអង្គពិធី ជាពិសេសថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ អំពីការត្រៀមដាក់ចេញគោលការណ៍ណែនាំមួយរបស់ក្រសួងមហាផ្ទៃ ដើម្បីបញ្ចប់ភាពគ្មានសណ្ដាប់ធ្នាប់ក្នុងដំណើរការដេញថ្លៃ និងការដាក់ចេញយន្តការធានាគុណភាពសមិទ្ធផលនៃគម្រោងអភិវឌ្ឍន៍នានានៅថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទំនុកចិត្តរបស់ប្រជាពលរដ្ឋដែលជាអ្នកទទួលផលដោយផ្ទាល់ពីគម្រោងទាំងនោះ។សូមបញ្ជាក់ថា ឯកឧត្តម ម៉ាង ស៊ីណេត អតីតអភិបាលរងខេត្តព្រះសីហនុ ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជំនួសឯកឧត្តម គួច ចំរើន ដែលត្រូវបានផ្ទេរទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល៕
Related Articles
ពិធីបើកការដ្ឋានគម្រោង «ព្រែកជីកហ្វូណនតេជោក»តម្លៃ ១ ៧០០លានដុល្លារ គម្រោងព្រែកជីកហ្វូណន មានប្រវែង១៨០គីឡូម៉ែត្រ ផ្ដើមចេញពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកតាឯក នៃទន្លេបាសាក់
ពិធីបើកការដ្ឋានគម្រោង «ព្រែកជីកហ្វូណនតេជោក»តម្លៃ ១ ៧០០លានដុល្លារ គម្រោងព្រែកជីកហ្វូណន មានប្រវែង១៨០គីឡូម៉ែត្រ ផ្ដើមចេញពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។ គម្រោងនេះគ្រោងចំណាយថវិកា ១ ៧០០លានដុល្លារ និងប្រើពេលសាងសង់៤ឆ្នាំ។ គម្រោងនេះ នឹងផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់ពលរដ្ឋប្រមាណ ១,៦លាននាក់ ដែលរស់នៅអមសងខាងផ្លូវទឹកព្រែកជីកនេះ ក្នុងភូមិសាស្ត្រខេត្តកណ្តាល តាកែវ កំពត និងខេត្តកែវ។
សមត្ថកិច្ចនឹងបញ្ជូនខ្លួនលោក កាម៉ារូទីន ស៊ូហៃមី ប្រធានគ្រប់គ្រងមួយផ្នែកសាលាខ្មែរឥស្លាម ពាក់ព័ន្ធករណីប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ:លើក្មេងស្រី
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចនឹងបញ្ជូនខ្លួនលោក កាម៉ារូទីន ស៊ូហៃមី ប្រធានគ្រប់គ្រងមួយផ្នែកសាលាខ្មែរឥស្លាម ពាក់ព័ន្ធករណីប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ:លើក្មេងស្រី ទៅតុលាការ។ប្រភពពីមន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែតុលា ស្អែកនេះ សមត្ថកិច្ចនឹងបញ្ជូនខ្លួនលោក កាម៉ារូទីន ស៊ូហៃមី នាយកគ្រប់គ្រងសាលាខ្មែរឥស្លាម ទៅតុលាការ។សមត្ថកិច្ចបានចាប់ខ្លួនលោក កាម៉ារូទីន ស៊ូហៃមី នាយកគ្រប់គ្រងសាលាខ្មែរឥស្លាម ពាក់ព័ន្ធករណីប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ:លើក្មេងស្រី។ ការចាប់ខ្លួននេះ បានធ្វើ់ឡើងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ។ មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែតុលា នេះថា ៖ សមត្ថកិច្ចចាបឃាត់ខ្លួនលោក កាម៉ារូទីន ស៊ូហៃមី កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ហើយសមត្ថកិច្ចកំពុងតែរៀបចំនីតិវិធីបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី។ ការឃាត់ខ្លួននេះ គឺមានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុកលើគាត់។
ឯកឧត្តម ម៉េង សុភ័ណ្ឌ បានដឹកនាំក្រុមការងារចុះចែកអំណោយជូនប្រជាពលរដ្ឋ និងលើកស្លាកគណបក្សប្រជាជន កម្ពុជា ក្នុងភូមិបឹងអារក្ស…
(បាត់ដំបង): ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានក្រុមការងារចុះជួយភូមិ បឹងអារក្ស និងជាអនុប្រធានក្រុមការងារចុះជួយឃុំអំពិលប្រាំដើម បានដឹកនាំអនុប្រធាន សមាជិក សមាជិកាជាច្រើនរូប ដើម្បីទៅសំណះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន ១៣៥គ្រូសារ ព្រមទាំងលើកស្លាកគណបក្សប្រជាជន កម្ពុជា ចំនួន០៣កន្លែង ក្នុងភូមិបឹងអារក្ស ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។ឯកឧត្តម បណ្ឌិត បានមានប្រសាសន៍ ផ្តាំផ្ញើ ទៅកាន់បងប្អូន ប្រជាពលរដ្ឋយើង អោយនាំគ្នាចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជន កម្ពុជា ដើម្បី រក្សាបាននូវ សុខសន្តិភាព និងការអភិវឌ្ឍ ក្នុងមូលដ្ឋាន និងប្រទេសកម្ពុជា ទាំងមូល មានតែ គណបក្សប្រជាជន កម្ពុជា តែមួយគត់ ដែលអាចរក្សា សុខសន្តិភាព នេះបាន។ក្រោមការដឹកនាំដោយផ្ទាល់ពី ឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយឃុំអំពិលប្រាំដើម ស្រុកបវេល […]