ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធីបតីដឹកនាំកិច្ចប្រជុំឣន្តរក្រសួង ដើម្បីពិនិត្យ ឆ្លងសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធីបតីដឹកនាំកិច្ចប្រជុំឣន្តរក្រសួង ដើម្បីពិនិត្យ ឆ្លងសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម   ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អង្គ វង្សវឌ្ឍនា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ជាច្រើនរូបទៀត។ មានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ មានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជា លិខិតស្នាមនានាត្រូវធ្វើឡើងដើម្បីបង្រួម និងសង្ខេបព័ត៌មានអំពីការកើត ទិន្ន័យអត្តសញ្ញាណបុគ្គល បណ្តុំទិន្នន័យជីវមាត្រ អាពាហ៍ពិពាហ៍ សុខាភិបាល និងលិខិតបញ្ជាក់មរណភាពជាដើម។ សម្តេចក្រឡាហោម មានប្រសាសន៍ ឱ្យដឹងថា កន្លងមកទាក់ទងនឹងបទបញ្ញាតិ្តនៃការចុះបញ្ជីស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបាននឹងកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ នៅមានភាពរប៉ាត់រប៉ាយ ដែលបង្កការលំបាកក្នុងការទទួលបានព័ត៌មានជាក់លាក់ ច្បាស់លាស់ និងមិនទាន់មានភាពគ្រប់គ្រាន់ ដែលពុំទាន់ឆ្លើយតបទៅនឹងសភាពការណ៍នាពេលបច្ចុប្បន្ន។ ដោយមើលឃើញពីការរីកចម្រើន និងតម្រូវការចាំបាច់នេះ ក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារអន្តរក្រសួងដើម្បីរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះឡើង។ ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានសម្តែងការកោតសរសើរចំពោះក្រុមការងារអន្តរក្រសួងដែលបានចូលរួមសហការ និងអនុវត្តតាមការណែនាំនានាចាប់តាំងពីដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ដំបូង រហូតដល់បញ្ចប់សេចក្តីព្រាងច្បាប់ដោយជោគជ័យ ដែលបានធ្វើការសិក្សាស្រាវជ្រាវ ចងក្រង និងផ្តល់ធាតុចូលសំខាន់ៗ រហូតសម្រេចបានជារួមសេចក្តីព្រាងច្បាប់នេះមាន១៣ជំពូក និង១៨២មាត្រា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន និងស្ថិតិអនុត្រាកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីខ្លឹមសារសំខាន់ៗនៃជំពូកនីមួយៗ គោរពជូនសម្តេចក្រឡាហោម និងអង្គពិធីបានជ្រាប។ ទន្ទឹមនោះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះអាចថាជាកិច្ចប្រជុំអន្តរក្រសួងចុងក្រោយ មុននឹងដាក់ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេច។ បន្ថែមពីនេះទៀត សម្តេចក្រឡាហោម ក៏បានថ្លែងនូវការកោតសរសើរចំពោះក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងដើម្បីស្រាវជ្រាវ និងតាក់តែងច្បាប់នេះឡើង។ សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន និងស្ថិតិអនុត្រាកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ មាន១៣ជំពូក និង១៨២មាត្រា ដែលរៀបចំឡើងដើម្បីកំណត់អំពីវិធាន និងនីតិវីធីដែលទាក់ទងនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីស្នាក់នៅ ការរៀបចំស្ថិតិអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល និងការរៀបចំ និងការគ្រប់គ្រងបញ្ជីប្រជាជនដើម្បី ធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ ហើយជាមូលដ្ឋានសម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គម៕ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

adm

Leave a Reply

Your email address will not be published. Required fields are marked *