ព័ត៌មានជាតិ

រូបសំណាក “សេះសមុទ្រ” បាញ់ទឹក ក្នុងខេត្តកំពត នឹងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកកម្សាន្តកាន់តែច្រើនថែមទៀត

កំពត៖ ខេត្តកំពតកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរថែមមួយកម្រិតទៀត ក្រោយរូបសំណាក “សេះសមុទ្រ” បាញ់ទឹក នៅសួនច្បារមុខសាលាខេត្តចាស់បានសាងសង់រួចរាល់។ រូបសំណាកសេះសមុទ្រនេះមានកម្ពស់ ៨ម៉ែត្រ មានបាញ់ទឹកចេញពីមាត់អបដោយការតុបតែងលម្អភ្លើងពណ៌ផងដែរ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានទៅលេងកម្សាន្ត និងថតរូបអនុស្សាវរីយ៍ជាមួយនឹងសេះសមុទ្រ(ត្រីសេះសមុទ្រ) ហើយបានដាក់ឈ្មោះឱ្យថា “ស៊ីងកាពត”។លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្នុងដំណើរចុះពិនិត្យរូបសេះសុទ្រ ដែលនឹងដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ខេត្តកំពត ជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ខេត្តនេះសម្បូរទៅដោយធនធានធម្មជាតិជាច្រើនដែលបម្រើឱ្យវិស័យទេសចណ៍ ដូច្នេះក្នុងនាមអាជ្ញាធរខេត្តត្រូវតែមានការកែច្នៃ កែលម្អ តំបន់ដែលមានធនធានធម្មជាតិ និងមានសក្តានុពលទេសចរណ៍ទាំងនោះឱ្យដំណើរការ ក្នុងន័យជួយជំរុញដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត ព្រោះពេលណាដែលមានទេសចរមកលេងកម្សាន្តច្រើន នោះពលរដ្ឋ នឹងទទួលបានចំណូលពីវិស័យទេសចរណ៍ក៏ច្រើន។សូមបញ្ជាក់ថា រូបសំណាកសេះសមុទ្រ(ត្រីសេះសមុទ្រ) ត្រូវបានអាជ្ញាធរខេត្តកំពត រៀបចំសាងសង់ឡើងដើម្បីបង្កើនសោភ័ណភាពក្នុងក្រុងកំពត ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកលេងកម្សាន្តកាន់តែច្រើន ពិសេសក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។ រូបសំណាកសេះសមុទ្រ(ត្រីសេះសមុទ្រ) មានកម្ពស់ ៨ម៉េត្រ សាងសង់ឡើងដោយមានការបាញ់ទឹកចេញពីមាត់ រួមទាំងការបំពាក់ភ្ញៀវពណ៌ដ៏ស្រស់ស្អាតនាពេលយប់។ ការសាងសង់រូបសំណាកនេះឡើងដោយសារខេត្តកំពត ជាខេត្តមួយដែលជាប់តំបន់សមុទ្រ ហើយសេះសមុទ្រ(ត្រីសេះសមុទ្រ) ក៏ជាប្រភេទសត្វក្នុងទឹកសមុទ្រមួយប្រភេទផងដែរ ដែលប្រជានេសាទខ្លះហៅថាត្រីសេះ។ ចំពោះរូបសំណាក សេះសមុទ្រនេះ ត្រូវបានធ្វើឡើងទៅតាមរូបរាង ត្រីសេះសមុទ្រពិតប្រាកដ ហើយការរៀបចំឱ្យរូបសេះសមុទ្រនេះ មានបាញ់ទឹកតាមមាត់ ព្រោះសេះសមុទ្រជាធម្មតា តាមធម្មជាតិរបស់វា ដោយព្រួសទឹកចេញពីមាត់។ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខអាជ្ញាធរខេត្តកំពតបានបង្ហាញសមិទ្ធិផលថ្មីៗចំនួនពីរទីតាំង ដើម្បីឱ្យភ្ញៀវទេសចរចូលលេងកម្សាន្ត ដែលទីតាំងទី១. សួនរូបសេះមុខសាលាខេត្តចាស់ដែលកំពុងមានការចាប់អារម្មណ៍ច្រើន ទីតាំងទី២. ឆ្នេរខ្សាច់កម្សាន្តចន្លោះពីស្ពានឥន្ទធនូ (ស្ពានចាស់) រហូតដល់ស្ពានថ្មថ្មី ដែលមានប្រវែងប្រមាណជាង ៦រយម៉ែត្រ ដែលទីតាំងទាំងពីរនេះអាចឱ្យភ្ញៀវទេសចរស្រូបយកខ្យល់អាកាសបរិសុទ្ធ មើលថ្ងៃលិច ពិសេសឆ្នេរខ្សាច់កម្សាន្តអាចងូតទឹកកម្សាន្តផងដែរ។ទន្ទឹមនេះដែរ ក៏មានការរៀបចំតុបតែងលម្អភ្លើងពណ៌លម្អតាមដងផ្លូវ និងសួនច្បារសំខាន់ៗក្នុងក្រុងកំពត ក៏ត្រូវខេត្តរៀបចំរួចរាល់សម្រាប់ទទួលភ្ញៀវទេសចរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខាងមុខ ហើយចំណតទូកទេសចរណ៍ក៏បានរៀបចំរួចរាល់ផងដែរសម្រាប់ជិះលេងកម្សាន្តតាមដងព្រែកកំពង់បាយ ដើម្បីទស្សនាអំពិលអំពែក និងភ្លើងពណ៌ក្រុងកំពត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *