ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងធនធានទឹក បន្តចុះពិនិត្យស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍ជំនន់ស្ទឹងព្រែកត្នោត

ភ្នំពេញ​ ៖ នាថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កំពុងបន្តដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួងចុះ ពិនិត្យ និងបញ្ជាការងារអន្តរាគមន៍ នៅលើទំនប់សណ្តរស្ទឹងព្រែកត្នោតដែលបានកំពុងជន់លិចដោយទឹកជំនន់ស្ទឹងព្រែកត្នោត ដើម្បីជួយសម្រួលធ្វើយ៉ាងណាបន្ថយការប៉ះពាល់ ឲ្យបានជាអតិបរមាដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ប្រឈម។

ក្នុងដំណើរចុះអន្តរាគមន៍នេះ ក៏មានការចូលរួមពីទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារ ដើម្បីសហការបច្ចេកទេសដោះស្រាយ សម្រួលបន្តការធ្វើដំណើរ លើផ្លូវជាតិលេខ៣, លេខ៤ និងផ្លូវលេខ ២០A។

បន្ទាប់ពីភ្លៀងខ្លាំងកាលពីយប់មិញ ក្នុងបរិមាណ ១៩៦,៧០ មីលីម៉ែត្រ (ស្ថានីយសាក់សំពៅ) បានធ្វើឲ្យទឹកស្ទឹងព្រែកត្នោតឡើងខ្ពស់ដល់កម្ពស់ទឹកនៅទ្វារទឹកខាងមុខមានកម្រិត ៦,៥២ម៉ែត្រ ហូលើទ្វារទឹកកម្ពស់ ១,៧២ម៉ែត្រ កម្ពស់ទ្វារទឹកក្រោយ ៩,២៥ម៉ែត្រ បណ្តាលឲ្យទឹកក្នុងស្ទឹងឡើងខ្ពស់ហូរលើខ្នងទំនប់បែកវាលទៅផ្នែកខាងក្រោម នៃសណ្តរចាស់ទំនប់ខាងត្បូង លើភូមិសាស្រ្ត ខេត្តកណ្តាលរួមមាន៖ សង្កាត់ស្ពានថ្ម ទៀន រលួស គងនយ និងសង្កាត់ព្រែកកំពឹស និងបណ្តាឃុំមួយចំនួនទៀត ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានឃុំដើមឫស អន្លង់រមៀត បារគូ កណ្តោក និងឃុំជើងកើប។

តាំងពីយប់មក ក្រុមការងារបច្ចេកទេសក្រសួងបានចែកជា២ក្រុម ដោយមួយក្រុមបន្តអន្តរាគមន៍ទប់ទំនប់សណ្តរផ្នែកខាងត្បូងការពារទឹកហូរចោះបាក់ដាច់ទំនប់ចំមុខផ្ទះប្រជាជន និងមួយក្រុមទៀត បន្តអន្តរាគមន៍បិតរូងនាគ និងច្រកបាវខ្សាច់លើកម្ពស់ទំនប់ផ្នែកខាងជើងសណ្តរទំនប់ នៅសង្កាត់ព្រៃសរ សាក់សំពៅ ប្រទះឡាង និងទួលពង្រ ដើម្បីការពារទឹកជន់ហូរចូលរាជធានីភ្នំពេញ៕  

adm

Leave a Reply

Your email address will not be published. Required fields are marked *