ព័ត៌មានជាតិ

អាវុធហត្ថបើករថយន្តប្រដេញចាប់រថយន្តដឹកឈើ១ គ្រឿងប្រើពេលជាច្រើនម៉ោង ទំរាំដេញចាប់បាន រហូតខូចខាតរថយន្តកម្លាំងអាវុធហត្ថចំនួន៣គ្រឿង​

ខេត្តស្ទឹងត្រែង​ ៖​ បុរស​ម្នាក់​អះអាង​ខ្លួន​កាន់​ប័ណ្ណ​ព័ត៌មាន​ក្នុងស្រុក​មួយ​ ត្រូវ​បាន​ឃាត់​ខ្លួនភ្លាម​ៗ​ ខណៈកម្លាំង​កងរាជអាវុធហត្ថ​មួយ​ក្រុម​ តាម​ប្រដេញ​បង្ក្រាប​រថយន្តដឹកឈើ​គ្រ​ញូ​ង​មួយគ្រឿងដែល​ធ្វើ​ដំណើរ​​ចេញពី​ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ​ឆ្ពោះទៅ​ស្រុក​ស្នួល​ខេត្តក្រចេះ​ ​ដោយស្ទាក់​ចាប់​បាន​នៅ​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​១២​ វិច្ឆិកា នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៧ ត្រង់​ចំណុច​មុខ​វត្ត​អូរ​ព្រះ ស្ថិត​ក្នុង​ឃុំ​អូរ​ព្រះ ស្រុក​សំបូរ ខេត្តក្រចេះ​ហើយការបង្ក្រាប​បានរងការខូចខាតរថយន្ត​របស់កម្លាំងអាវុធហត្ថចំនួន​៣គ្រឿងផង​ដែរ​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កម្លាំង​កង​រាជ​អាវុធ​ហ​ត្ថ​ចាប់​បាន​រថយន្ត​ដឹក​ឈើ​ និង​ឃា​ត់​ខ្លួន​បុរស​ខាងលើ ​គឺ​កម្លាំង​សមត្ថកិច្ច​បាន​ប្រដេញ​ចាប់​រថយន្ត​នេះ ខណៈ​កំពុង​ធ្វើ​សកម្មភាព ដឹក​ជ​ញ្ជូន​ឈើគ្រ​ញូ​ង​ចេញពី​ស្រុក​សៀមប៉ា​ង​ ។ លុះ​មក​ដល់​ស្នាក់​ការ​សន្តិសុខ​អាវុធហត្ថ​ដុ​ង​ក្រឡ កម្លាំង​អាវុធ​ហត្ថ​បាន​ប្រដេញ​ចូល​មក​ដល់ទី​រួម ខេត្ត​ហើយក៏​មានការ​ប៉ះទង្គិច​ទៅ លើ​រថយន្ត​អ្នកដំណើរ​ផង​ដែរ​។

ប្រភព​បន្ត​ថា​ សកម្មភាព​នោះ​កម្លាំង​កងរាជអាវុធហត្ថ​បន្ត​ប្រដេញ​រហូត​ធ្លាក់​ដល់​ទឹកដី​ខេត្តក្រចេះ​ទើប​ចាប់បាន​ទាំង​រថយន្ត និង​អ្នកបើកបរ​តែ​ម្តង​។ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ​ក្រ​ញូ​ង ដែល​កម្លាំង​កងរាជអាវុធហត្ថ បង្ក្រាប​បាន​ក្នុង​ពេល​នោះ ជា​ប្រភេទ រថយន្ត​កាម​រី​ឆ្លាម ព័ណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 2A-2025 ។ ចំណែក អ្នកបើកបរ​រថយន្ត ឈ្មោះ តាន សុ​ភ័ក្ត្រ ជា​ជំនួយការ​និពន្ធ​នាយក របស់​អង្គភាព​សារ ព័ត៌មាន​មួយ​ក្នុងស្រុក រស់នៅ​ស្រុក​ស្នួល​ខេត្តក្រចេះ​។

ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ រួម​ជាមួយ​រថយន្ត​ដឹកឈើ​គ្រ​ញូ​ង ត្រូវ​បាន​បញ្ជូន​មក​កាន់បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ។ ​ដោយឡែក​ ឈើ​ក្រ​ញូ​ង​នៅ​ក្នុង​រថយន្ត​នោះ នៅ​មិន​ទាន់​ដឹង​ពី​ចំនួន​ពិតប្រាកដ​នៅឡើយ​ទេ ចំពោះ​វត្ថុ​តាង​បទល្មើស ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​ព្រៃឈើ​ខេត្តស្ទឹងត្រែង ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់ ​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *