ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងថា បទញុះញង់ក្នុងក្រមព្រហ្មទណ្ឌ មិនមែនជាការរំលោភសេរីភាព នៃការបញ្ចេញមតិនោះទេ ហើយការលុបចោលបទល្មើសញុះញង់នេះ នឹងនាំមកនូវភាពអនាធិបតេយ្យ និងលើកទឹកចិត្តឱ្យមានការបញ្ចេញមតិដោយបំពាននិងគ្មានការទទួលខុសត្រូវ ប៉ះពាល់ដល់សន្តិសុខសង្គម។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ បានលើកឡើងក្នុងផេកហ្វេសប៊ុកថា ម្យ៉ាងដែរស្រុកខ្ញុំ ដល់ពេលប្រព្រឹត្តបទល្មើសច្រើនពេកទៅ គេចអត់រួចពីសំណាញ់ច្បាប់ បែជានាំគ្នារិះគន់និងទាមទាឱ្យលុបច្បាប់ចោល។ Sick !
លោកបានថ្លែងបន្តថាបទញុះញង់ក្នុងក្រមព្រហ្មទណ្ឌ មិនមែនជាការរំលោភសេរីភាពនៃការបញ្ចេញមតិនោះទេ ព្រោះសេរីភាពនៃការបញ្ចេញមតិមិនមែនជាសេរីភាពនៃការផ្សព្វផ្សាយព័ត៌មានមិនពិត បំផ្លើស បំភ្លៃ បំពានដល់សិទ្ធិសេរីភាពអ្នកដ៏ទៃ និងប៉ះពាល់ដល់សណ្តាប់ឆ្នាប់សាធារណៈ និងសន្តិសុខសង្គមនោះទេ។ បទញុះញង់ដូចគ្នានេះ ក៏មានបញ្ញតិ្តនៅក្នុងច្បាប់ព្រហ្មទណ្ឌនៃបណ្តាប្រទេសជឿនលឿននិងប្រជាធិបតេយ្យដ៏ទៃទៀតផងដែរ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ទៀតថា ការរៀបចំឱ្យមានបញ្ញត្តិប្រភេទបទល្មើសច្រើនក្នុងក្រមព្រហ្មទណ្ឌ គឺដើម្បីការពារថែរក្សាសិទ្ធិសេរីភាពបុគ្គល និងសណ្តាប់ឆ្នាប់សាធារណៈ ឆ្លើយតបទៅនឹងការវិវឌ្ឍលើគ្រប់វិស័យនិងទិដ្ឋភាពសង្គម។ ការលុបចោលបទល្មើសញុះញង់នេះ នឹងនាំមកនូវភាពអនាធិបតេយ្យ និងលើកទឹកចិត្តឱ្យមានការបញ្ចេញមតិដោយបំពាននិងគ្មានការទទួលខុសត្រូវ ប៉ះពាល់ដល់សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសិទ្ធិសេរីភាពបុគ្គល។
លោកថា ក្នុងនាមជាពលរដ្ឋដែលមានការទទួលខុសត្រូវ និងបើមិនចង់ប្រឈមមុខតាមផ្លូវច្បាប់ទៀត ពួកគេគួរតែឈប់ធ្វើសកម្មភាពដែលជាអំពើល្មើសច្បាប់ក្រោមរូបភាពនិងលេសនៃសេរីភាពមញ្ចេញមតិ ជាជាងការនាំគ្នារិះគន់និងទាមទាឱ្យមានការកែប្រែឬលុបចោលបញ្ញត្តិនៃច្បាប់នេះ៕