ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសរសេរលិខិតថ្លែងអំណរគុណតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា ដែលកោតសរសើររដ្ឋាភិបាលកម្ពុជា ដែលបានត្រួតពិនិត្យ និងគ្រប់គ្រងមិនឱ្យឆ្លងរាលដាលជំងឺកូវីដ នៅព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកាកន្លងទៅជោគជ័យ។
លោក ម៉ម ប៊ុនហេង បានសរសេរថា «ក្នុងនាមក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរចំពោះ លោកវេជ្ជបណ្ឌិតនាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច របស់អង្គការសុខភាពពិភពលោក សម្រាប់ការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះប្រទេសកម្ពុជា ចំពោះការសម្រេចចិត្តនៃការគ្រប់គ្រង និងភាពជាអ្នកដឹកនាំគំរូនៃការអនុវត្តសុខភាពសាធារណៈក្នុងការគ្រប់គ្រង “ព្រឹត្តិការណ៍ ៣វិច្ឆិកា” ។ ទន្ទឹមនឹងការទទួលស្គាល់នេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារទាំងមូលរបស់លោកវេជ្ជបណ្ឌិត ដែលបានគាំទ្រដល់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩»។
លោក សង្ឃឹមថា អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចនឹងផ្តល់ការគាំទ្របន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាសុខភាព ដែលជាគុណប្រយោជន៍ដល់ប្រជាជនកម្ពុជា។
កាលពីពេលថ្មីៗនេះ តំណាងអង្គការសហប្រជាជាតិរូបនោះ បានបង្ហោះសារលើបណ្តាញសង្គមធ្វីតទ័រ ដោយកោតសរសើររដ្ឋាភិបាលកម្ពុជា ទប់ស្កាត់ និងគ្រប់គ្រងព្រឹត្តិការណ៍៣វិច្ឆិកា ទទួលបានជោគជ័យ តាមរយៈរកឃើញឆាប់ ឆ្លើយទាន់ពេលវេលា ធ្វើកិច្ចអន្តរាគមន៍លើគោលដៅដែលបានកំណត់។
អ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍ «៣វិច្ឆិកា» ចំនួនប្រមាណជាង ៤ពាន់នាក់ ត្រូវបានធ្វើតេស្តសុខភាពរកជំងឺកូវីដ១៩ និងតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ។ ពាក់ព័ន្ធព្រឹត្តិការណ៍នេះ មានមនុស្សតែ ៤នាក់ ប៉ុណ្ណោះ ដែលត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ ។ គិតត្រឹមថ្ងៃ២០ ខែវិច្ឆិកានេះ មានអ្នកជំងឺពីរនាក់ បានព្យាបាលជាសះស្បើយ ខណៈនៅសល់តែពីរនាក់ទៀតកំពុងសម្រាកព្យាបាល៕