ភ្នំពេញ ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ផ្លូវ600R ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបុរសម្នាក់បានស្លាប់ត្រូវគ្រាប់កាំភ្លើងខ្លីមួយគ្រាប់ចំសៀកផ្កា ។
តាមសម្ដីបងជីដូនមួយជនរងគ្រោះ បានបានបញ្ជាក់ថា គាត់បានឃើញជនរងគ្រោះដេកស្លាប់នៅក្នុងផ្ទះជាន់ផ្ទាល់ដី ដោយត្រូវគ្រាប់កាំភ្លើងចំសៀតផ្កាខាងស្តាំ ។
ជនរងគ្រោះឈ្មោះ នី អៀង អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅកន្លែងកើតហេតុខាងលើ ដោយគ្មានសម្ភារបាត់បង់ទេ ។ នៅកន្លែងកើតហេតុ បន្សល់ទុកនូវអាវុធខ្លី ពណ៌ខ្មៅ មួយដើម ម៉ាក Zoroki និង សម្រកកន្ទុះគ្រាប់ចំនួនមួយ ។
ពេលនេះ កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃអធិកាដ្ឋាននគបាលខណ្ឌសែនសុខ និងការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រកំពុងអនុវត្តជំនាញ ដោយពុំទាន់សន្និដ្ឋាន ថា ជាករណីឃាតកម្ម ឬ អត្តឃាតនោះទេ។
តាមប្រភពព័ត៌មាន បានប្រាប់ឱ្យដឹងថា ជនរងគ្រោះទើបតែមកពីប្រទេសកូរ៉េ បានចំនួនប្រហែល២ខែ ហើយក៏មករស់នៅផ្ទះមួយកន្លែង ដែលជាកន្លែងកើតហេតុ តែនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ បងជីដូនមួយរបស់ជនរងគ្រោះបានប្រទះឃើញជនរងគ្រោះដេកស្លាប់ នៅក្នុងផ្ទះជាន់ផ្ទាល់ដី ដេកស្លាប់ដោយត្រូវគ្រាប់កាំភ្លើងចំសៀតផ្កាខាងស្តាំ។
បច្ចប្បន្ន តែទោះជាយ៉ាងណា នៅមិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ចនៅឡើយនោះទេ ដោយសមត្ថកិច្ចបានបង្កើតគណៈកម្មការ ដើម្បីត្រួតពិនិត្យនៅកន្លែងកើតហេតុ និងកោសល្សវិច័យស្រាវជ្រាវ ទាក់ទងទងនឹងករណីនេះ៕ដោយ៖ទូច រ៉ាវុធ