ព័ត៌មានជាតិ

អ្នកភូមិ​បាន​ប្រទះឃើញ​ហ្វូង​ដំរីព្រៃ នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​


​មណ្ឌលគិរី ៖ បើ​យោងតាម​ការ​ឱ្យដឹងពី​អង្គការ​អភិរក្ស​សត្វព្រៃ WCS នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា អ្នកភូមិ​ពូ​ចារ​នៅ​ខេត្តមណ្ឌលគិរី បាន​ប្រទះឃើញ​ដំរីព្រៃ​មួយ​ហ្វូង ខណៈពេលដែល​ពួកគាត់​កំពុង ប្រមូល​អនុផល​ព្រៃឈើ​នៅក្នុង​ភាគខាងត្បូង​នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា កាលពី​ចុងខែ​តុលា កន្លងទៅ​។

​នៅពេល​បានឃើញ​ហ្វូង​ដំរី​ទាំងនោះ​ភ្លាម ពួកគាត់​បាន​ប្រញាប់ប្រញាល់​រត់ឡើង​លើ ដើមឈើ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។ ក្នុងខណៈ​នោះដែរ លោក ពឿ​ន កឿ​ន ជា​អ្នកភូមិ​ម្នាក់​ក្នុង ក្រុម​នោះដែរ បាន​យក​ទូរស័ព្ទ​ឆ្លាត​វៃ​របស់គាត់​ថត​សកម្មភាព​សត្វ​ដំរី​ទាំងនេះ កំពុងស៊ី​ឫស្សី និង​ដើរ​ឆ្លងកាត់​ក្រោម​ដើមឈើ​ដែល​ពួកគាត់​កំពុង​លាក់ខ្លួន​។​

​ក្នុង​ហ្វូង​នោះ​មាន​ដំរី​តូចធំ​យ៉ាងតិច ១៤​ក្បាល និង​ទំនង​ជាមាន​សុខភាព​ល្អ​។ តាម​ធម្មតា ហ្វូង​ដំរី​នីមួយៗ​ដឹកនាំ​ដោយ​ដំរី​ញី​ដែល​ចាស់​ជាងគេ ហើយ​ក្នុង​ហ្វូង​នោះ​មាន​ញាតិសណ្តាន ព្រមទាំង​កូនចៅ​របស់​មេហ្វូង​។ ទោះបីជា​គេ​កម្រ​ឃើញ​សត្វ​ដំរី​ទាំងនេះ​ក្តី មានការ​ប៉ាន់ ប្រមាណ​ថា មាន​ដំរី​ប្រហែល ១០០​ក្បាល​កំពុង​រស់នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ហើយ ការ​បានឃើញ​ហ្វូង​ដំរី​ដ៏​ធំ មាន​សុខ​ភាពល្អ មានកូន​មាន​ចៅ​ច្រើន​ដូចនេះ គឺជា​ករណី​កម្រ ណាស់​។​

​ដំរី​នៅ​ទូទាំងប្រទេស​កម្ពុជា​កំពុង​ទទួលរង​ការគំរាមកំហែង​ដោយសារ​ការបាត់បង់​ទីជម្រក​របស់ ពួកវា ដែល​បណ្តាលមកពី​មានការ​កាប់​រាន​ព្រៃ​ខុសច្បាប់​យក​ដី​ធ្វើ​កសិកម្ម​នៅក្នុង​តំបន់​ការពារ ធម្មជាតិ​។ ក៏ប៉ុន្តែ ប្រជា​សហគមន៍​ដែល​បាន​ដាំ​ដុះ​ដំណាំ​លើ​អតីត​តំបន់​ដែលជា​ទីជម្រក​របស់ ដំរី​ទាំងនេះ មិន​សប្បាយចិត្ត​និង​រអ៊ូរទាំ​ថា សត្វ​ដំរី​ទាំងនេះ​តែងតែ​មក​ស៊ី​បំផ្លាញ​ដំណាំ​របស់​ពួកគាត់​ជារឿយៗ​៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *