ភ្នំពេញ÷រថយន្តព្រូសមួយគ្រឿងបើកបរដោយស្រីស្អាតម្នាក់បោះពួយក្នុងល្បឿនលឿនរ៉េចង្កូតទៅបុកជាមួយនឹងក្បាលព្រួញពុះចែកទ្រូងផ្លូវស្ពានអាកាសស្ទឹងមានជ័យ ពេញទំហឹងបណ្ដាលឲ្យក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបរនិងអ្នកធ្វើដំណើរតាមដងផ្លូវរួចផុតពីគ្រោះថ្នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥នឹង១០នាទីល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវមុន្នីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យទី០១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើង គេបានឃើញនារីរូបស្រស់ម្នាក់បើករថយន្តម៉ាក TOYOTA ព្រូសពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BB-5406 បើកធ្វើដំណើរទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចនឹងក្បាលព្រួញពុះចែកទ្រូងផ្លូវចុះទៅក្រោមដីស្ពានអាកាសស្ទឹងមានជ័យក៏ជ្រុលទៅបុកពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបររួចផុតពីគ្រោះថ្នាក់ ហើយក៏បានបើកទ្វាររថយន្តបន្តដំណើរចេញពីកន្លែងកើតហេតុបាត់ស្រមោល សូមបីតែសមត្ថកិច្ចមិនបានឃើញមុខអ្នកបើកបរនឹងរបៀបម៉េចផង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ត្រួតពិនិត្យមើលរួចរាល់ទើបធ្វើការវាស់វែង នឹងទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហៅរថយន្តមកស្ទូចយកទៅរក្សាទុករងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមនីតិវិធី៕ដោយ% ទូច រ៉ាវុធ