ភ្នំពេញ៖ មហាជនបានទទួលជ្រាបរួចហើយ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២ នេះ អ្នកលក់ផលិតផលអនឡាញដ៏ល្បីឈ្មោះ ទ្រី សុផានិត ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដែលធ្វើឡើងទៅតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ ពីចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។
ទន្ទឹមនោះផងដែរ អ្នកស្រី ទ្រី សុផានិត ក៏បានបញ្ជាក់ទៅកាន់មហាជនតាមរយៈការឡាយក្តៅៗថា ការឃាត់ខ្លួនអ្នកស្រី ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីព្រឹកមិញនេះ គឺត្រូវបានធ្វើឡើងពីសំណាក់ប្អូនស្រីបង្កើតរបស់ខ្លួន ទ្រី ដាណា ដែលបានផ្ទុះកំហឹង និងសម្រេចចិត្តប្តឹងរូបអ្នកស្រីដូចការចោទប្រកាន់ខាងលើ។
តាមរយៈការឡាយវីដេអូ នៅក្នុងរថយន្ត ខណៈសមត្ថកិច្ចកំពុងធ្វើការឃាត់ខ្លួន ទ្រី សុផានិត ក៏បានប្រាប់ត្រង់ៗថា អ្នកស្រីពិតជាបាននិយាយថាប្អូនស្រីខ្លួន ទ្រី ដាណា មានប្តី១ប្តី២ប្តី៣ប្រាកដមែន តែការនិយាយបែបនេះ អ្នកស្រីក៏ពុំបានបញ្ចេញឈ្មោះចំៗនោះដែរ។ តែយ៉ាងណា អ្នកស្រីក៏ទទួលយកកំហុសនេះ និងក៏បានអះអាងថា បានធ្វើការសម្រុះសម្រួលជាមួយប្អូនស្រីជាច្រើនលើករួចមកហើយផងដែរ តែ ទ្រី ដាណា ពុំព្រម និងក៏បានសុំពន្យារពេលឡើងបំភ្លឺនៅតុលាការផងដែរ ដោយសារមូលហេតុផ្តាយសាយធំ។
តែយ៉ាងណា បើតាមដីការរបស់តុលាការ បានបញ្ជាក់ឲ្យដឹង ជនចោទ ទ្រី សុផានិត ត្រូវបានតុលាការបង្គាប់ឲ្យចូលទៅបំភ្លឺកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែ ជនត្រូវចោទបែរជាយកលេសថា មិនអាចចូលទៅបង្ហាញខ្លួន បានដោយសារបញ្ហាសុខភាព «ផ្តាសាយធំ» ហើយធាតុពិតជនត្រូវចោទរូបនេះ បានបង្ហោះលក់ផលិតផលតាមហ្វេសប៊ុកជាបន្តបន្ទាប់ ទើបសម្រេចធ្វើការឃាត់ខ្លួនតែម្តងទៅ។
ដោយឡែក ក្រឡេកមើលវីដេអូមួយនេះវិញ ពិតជាគួរឲ្យរំជួលចិត្តខ្លាំងណាស់ គឺក្រោយពីបានដឹងថា សមត្ថកិច្ចធ្វើការឃាត់ខ្លួន និងឃើញក្មួយស្រី ទ្រី សុផានិត ត្រូវសន្លប់នៅក្នុងតុលាការ និងក៏ត្រូវបាននាំយកទៅមន្ទីរពេទ្យភ្លាមៗបែបនេះ អ៊ុំស្រីធំរបស់អ្នកទាំងពីរ ក៏បានចេញមុខសារជាថ្មី លើកដៃសំពះ យំអង្វរទៅដល់ក្មួយស្រី ទ្រី ដាណា សុំលើកលែងទោសឲ្យបងស្រីផងទៅ ដោយឲ្យគាត់ធ្វើអ្វីក៏គាត់សុខចិត្តធ្វើដើរ និងក៏សន្យាថា នឹងឲ្យ ទ្រី សុផានិត ធ្វើការសុំទោសជាសាធារណៈផងដែរ។ លើសពីនេះ អ្វីដែលកាន់តែអាណិតនោះ អ៊ុស្រីក៏បានលើកបង្ហាញកូនតូចអាយុ ៤ ខែ របស់ ទ្រី សុផានិត ស្រែកយំរកម្តាយ ដែលឃើញហើយពិតជាគួរឲ្យស្រណោះជាខ្លាំង៕