ព័ត៌មានជាតិ

ជនជាប់ឃុំ ចំនួន១.៦៣១នាក់ ត្រូវបានវិលនិវត្តន៍មកកាន់ពន្ធគារខេត្តបន្ទាយមានជ័យវិញ ក្រោយទឹកសម្រក

(បន្ទាយមានជ័យ) ជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យ ប្រមាណ១៦៣១នាក់ ដែលបានជញ្លៀសចេញពីពន្ធនាគារខេត្ត កាលពីអំឡុងពាក់កណ្តាលខែតុលា ឆ្នាំ២០២០ ទៅកាន់ពន្ធនាគារខេត្តចំនួន៤នោះ ឥឡូវត្រូវវិលនិវត្តន៍វិញ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីទឹកជំនន់បានថមថយ និងស្រកទៅវិញ។ ការវិលនិវត្តន៍នេះដែរ ធ្វើឡើងក្រោមការដឹកនាំដោយ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ សម្របសម្រួលដោយលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ និងក្រោមការរៀបចំកិច្ចការពារយ៉ាងតឹងរឹងពីសំណាក់កងកម្លាំងទាំងបីប្រភេទ។

យោងតាមសម្តីឧត្តមអគ្គារនុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ពន្ធនាគារខេត្តបានរងការលិចលង់ដោយទឹកជំនន់ ជនជាប់ឃុំទាំងអស់មាន ចំនួន១៦៣១នាក់ ស្រី៨៥នាក់ ត្រូវបានបង្ខំចិត្តដឹកជម្លៀសចេញទៅកាន់ពន្ធនាគារខេត្តចំនួន៤ ក្នុងនោះមាន ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំ និងខេត្តឧត្តរមានជ័យ ដើម្បីបញ្ជៀសពីជំនន់ទឹកភ្លៀងនេះ។ លោកបញ្ជាក់ថា ជនជាប់ឃុំដែលត្រូវជម្លៀសចេញទៅផ្ញើ និងពន្ធនាគារខេត្តទាំង៤ មានខេត្តឧត្តរមានជ័យ២០០នាក់ ខេត្តសៀមរាប ៨៥៥នាក់ ខេត្តកំពង់ធំ២០០នាក់ និងមណ្ឌលអប់រំកែប្រែទី៣ ត្រពាំងថ្លុង ៣៧៩នាក់។

លោកឧត្តមអគ្គារនុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន បានបញ្ជាក់ឱ្យដឹងដែរថា ក្រោយជំនន់បានស្រកទៅវិញ ជនជាប់ឃុំក៏ត្រូវបានដឹកឱ្យវិលនិវត្តន៍មកពន្ធនាគារខេត្តបន្ទាយមានជ័យវិញ តែការវិលនិវត្តន៍មិនគ្រប់តាមផែនការបញ្ជូននោះទេ ដោយពិរុទ្ធជនមួយចំនួន ត្រូវបានដោះលែងឱ្យមានសេរីភាព ក្រោយពីពួកគេបានបញ្ចប់ពិរុទ្ធតាមសាលក្រមតុលាការ។ ក្នុងនោះ ការដឹកជញ្ជូនឱ្យវិលត្រឡប់មានខេត្តឧត្តរមានជ័យ ៨៨នាក់ ខេត្តសៀមរាប៨២៦នាក់ ខេត្តកំពង់ធំ១៩០នាក់ និងមណ្ឌលអប់រំកែប្រែទី៣ ត្រពាំងថ្លុង២១៤នាក់ សរុប១៣១៩នាក់។

លោកឧត្តមអគ្គារនុរក្សថ្នាក់លេខ២ អ៊ុង សុីផាន ក៏បានបញ្ជាក់ទៀតថា ជនជាប់ឃុំត្រូវបានបន្ធូរបន្ថយទោស លើកលែងទោសក្នុង១ឆ្នាំ ៣លើក។

សូមបញ្ជក់ផងដែរថា ការដឹកជញ្ជូនអ្នកជាប់ឃុំនៅពន្ធនាគារខេត្តបន្ទាយមានជ័យ ដែលមានចំនួនច្រើនទៅកាន់ខេត្តទីទួលសុវត្ថិភាព គេសង្កេតឃើញថា ហាក់មិនមានហានិភ័យសម្រាប់សមត្ថកិច្ចដែលសម្របសម្រួល និងការពារនោះទេ ព្រោះថា វាបានក្លាយទៅជាបទពិសោធន៍ទៅហើយ ដោយក្នុងនោះ ខេត្តបន្ទាយមានជ័យ បានរងគ្រោះទឹកជំនន់ជនលិច និងជម្លៀសជនជាប់ឃុំបីដងមកហើយ៕ ដោយ% ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *