ភ្នំពេញ ៖ លោក ធ្ធាំ ប៉ុណ្ណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យចំនួន ៤នាក់ ជាបណ្តោះអាសន្ន ដែលបានក្លែងបន្លំជាបុគ្គលិកក្រុមហ៊ុនផ្ញើ និងដកប្រាក់ បោកយកលុយពីភ្នាក់ងារផ្ញើ និងដកប្រាក់ ពីបទឆបោក (ស្ថានទម្ងន់ទោស) និងបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
សូមបញ្ជាក់ថា ជនសង្ស័យទាំង៤ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ហើយប្រតិបត្តិការនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។
កម្លាំងនគរបាល បានបន្តចុះបង្ក្រាបករណីឆបោកប្រាក់តាមបណ្តាញទូរគមនាគមន៍ ពីបណ្តាភ្នាក់ងារផ្ញើ និងដកប្រាក់ តាមបណ្តឹងរបស់ប្រជាពលរដ្ឋ ចំនួន២០ករណីទៀត ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយជនសង្ស័យបានក្លែងជាបុគ្គលិកក្រុមហ៊ុនផ្ញើ និងដកប្រាក់ ទំនាក់ទំនងទៅបណ្តាភ្នាក់ងារផ្ញើ និងដកប្រាក់ ប្រាប់ថាក្រុមហ៊ុនមានកម្មវិធីពិសេស ដោយឱ្យភ្នាក់ងារផ្ញើតាមការណែនាំរបស់ជនសង្ស័យ ម្តងមួយៗ ដោយមិនឱ្យភ្នាក់ងារចាប់អារម្មណ៍ ជាលេខកូដផ្ញើប្រាក់ទៅលេខទូរសព្ទដែលពួកគេបានត្រៀមទុកឡើយ រួចក៏ឱ្យលេខកូដទៅបក្ខពួកដើម្បីដកប្រាក់តាមបណ្តាភ្នាក់ងារផ្ញើនិងដកប្រាក់។
កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងធ្វើការឃាត់ខ្លួនជនសង្ស័យបាន ៤រូបទៀត រួមមាន៖ ឈ្មោះ សុខ ចាន់ថា ហៅថា ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ ចៃ ឆេងលី ហៅចេក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ សៀ វេងស្រៀង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ, និងឈ្មោះ ខុន ប្រុសពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ នៅចំណុចផ្ទះសំណាក់ឌីមនោរម្យលេខ៣៣១ ផ្លូវ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាំមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាមនីតិវិធី។ បច្ចុប្បន្នជនសង្ស័យបញ្ជូនទៅអយ្យការអមសាលាដំបូងនៃរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ សាម៉ឺឌី នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ក៏បានចេញដីកាសម្រេចឱ្យឃុំខ្លួន ឃុំខ្លួនជនសង្ស័យ ១រូបរួចហើយ ដែលក្លែងជាបុគ្គលិកក្រុមហ៊ុនផ្ញើ និងដកប្រាក់ បោកយកលុយពីភ្នាក់ងារផ្ញើ និងដកប្រាក់។
ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមជនឆបោក។ បើមានករណីនេះកើតឡើង សូមមកដាក់ពាក្យបណ្តឹង នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៕