ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យជាជនជាតិចិនចំនួន២៩នាក់ ទៅតុលាការ តាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីចាប់ជម្រិតជនជាតិចិនដូចគ្នា និងត្រូវបានបង្ក្រាបបានកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅចំណុច សណ្ឋាគារមួយដែលមានឈ្មោះថា កណ្តាលសួនច្បារ ស្ថិតក្នុងសង្កាត់ចតុមុខ ។
គួររំលឹកដែរថា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ថា ដោយអនុវត្តតាមការណែនាំចង្អុលបង្ហាញ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយមេបញ្ជាការរង០២រូប គឺលោកឧត្តមសេនីយ៍ត្រី ពូ ដាវី និងលោកឧត្តមសេនីយ៍ត្រី ផាន់ តារាវុធ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ ព្រមទាំងមានការចូលរួមពីលោក សុខ ពេញវុធ អភិបាល ខណ្ឌដូនពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង ឆាយ ហុង បានចុះបង្ក្រាប ជនជាតិចិនមួយក្រុម ដោយឃាត់ខ្លួនជនជាតិចិនចំនួន២៩នាក់ (ស្រី៣នាក់) និងរំដោះជនរងគ្រោះបានចំនួន ៣នាក់ ដោយប្រតិបត្តិការនោះ ធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មាន ថាក្រុមជនសង្ស័យទាំងនេះ បាន ចាប់ជម្រិតយកប្រាក់លើជនជាតិចិនដូចគ្នា នៅក្នុងទីតាំងកើតហេតុ៕