ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាឆក់ទូរស័ព្ទតាមដងផ្លូវយ៉ាងសកម្មម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លាឃាត់ខ្លួន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង១២និង៣០នាទី ដែលករណីនេះ បានកើតឡើងកាលពីថ្ងៃទី៨ ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី នៅចំណុចស្ពានព្រែកបាទ្បាត់ឆឹង ស្ថិតក្នុងភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
លោក វរសេនីយ៍ត្រី ពុយ ទ្រី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាបានឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ ទី១-ឈ្មោះ វី ម៉េងហ៊ង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) និងទី២-ឈ្មោះ មឿន សុខម៉េត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាងខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(គេចខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ ហុង សុខឡាំង ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកប៉ាន ឃុំត្រេីយស្លា ស្រុកស្អាងខេត្តកណ្តាល(មុខរបរសិស្ស)។ ដោយឡែកវត្ថុតាងចាប់យកមាន ទូរស័ព្ទដៃ១គ្រឿងម៉ាកiPhone.ពណ៌ទឹកមាស។
លោកនាយប៉ុស្តិ៍បានបន្តថា កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង១៨និង៣០នាទី យុវតីរងគ្រោះឈ្មោះ ហុង.សុខឡាំង បានជិះម៉ូតូពីផ្ទះនៅភូមិព្រែកប៉ាន មកផ្សារព្រែកឃ្លោកលុះជិះមកដល់គល់ស្ពានព្រែកបាឡាត់ឆឹង ស្រាប់តែមានជនសង្ស័យ២នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាកហុងដាធុនសេ១២៥ ពណ៌ខ្មៅ មកឆក់ទូរស័ព្ទ ពីយុវតីរងគ្រោះ រួចបានជិះម៉ូតូគេចខ្លួនបាត់។ លុះមកដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី លោកបានស្រាវជ្រាវដឹងថា ជនសង្ស័យកំពុងយកទូរស័ព្ទមកលក់នៅចំណុចឃុំតាលន់ ភ្លាមនោះ លោកបានដឹកនាំកម្លាំងប៉ុស្តិ៍ចុះទៅដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យឈ្មោះ វី ម៉េងហ៊ង រួមនឹងវត្ថុតាងយកមកប៉ុស្តិ៍ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ វី ម៉េងហ៊ង បានសារភាពថា ខ្លួន និង ឈ្មោះមឿន សុខម៉េតពិតជាបានឆក់យកទូរស័ព្ទពីឈ្មោះ ហុង សុខឡាំងប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធី៕