ព័ត៌មានជាតិ

នៅទីបំផុត, អភិបាលរាជធានីភ្នំពេញក្ដៅស្លឹកត្រចៀកបញ្ជាឲ្យមន្ត្រីចុះបិទដេប៉ូខ្សាច់ចំនួន៤ទីតាំង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ ខណ្ឌមានជ័យ

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ០៨ ខែសីហាឆ្នាំ២០២២នេះ លោកស៊ុយ សេរិទ្ធ អភិបាល រងនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយនឹងលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចុះបិទដេប៉ូខ្សាច់ចំនួន៤ទីតាំង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ ខណ្ឌមានជ័យ។លោក ស៊ុយ សេរិទ្ធ បានឱ្យដឹងថា៖ ការចុះបិទដេប៉ូខ្សាច់ចំនួន៤ទីតាំងខាងលើនេះធ្វើឡើងទៅតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល ដោយសារទីតាំងខាងលើមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយធ្វើឱ្យដីខ្សាច់ហូរហៀរលើទ្រូងផ្លូវ ពិបាកការធ្វើ ដំណើរ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត ដូចជាខូចខាតផ្លូវ ប្រព័ន្ធលូ ជាដើម។លោក ស៊ុយ សេរិទ្ ធក៏បានបញ្ជាក់ផងដែរថា អាជីវកម្មទាំង៤ទីតាំងខាងលើនេះ គឺត្រូវបិទទាំងស្រុងតែម្តង មិនទុកឱ្យដេប៉ូខ្សាច់ទាំងនេះ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធទៀតទេ ហើយរាល់រចនា សម្ព័ន្ធ ដែលខូចខាត ដូចជាលូ ផ្លូវ នៅលើផ្លូវជាតិលេខ២ ផ្លូវ៦០ ម៉ែត្រនិងផ្លូវ ៣០ ម៉ែត្រ ម្ចាស់ដេប៉ូខ្សាច់ខាងលើត្រូវតែកើបដីខ្សាច់ចេញពីថ្នល់និងធ្វើការជួសជុលឡើងវិញទាំងលូនិងផ្លូវ។លោកបានបញ្ជាក់ផងដែរថាទីតាំងដេប៉ូខ្សាច់ខាងលើនេះត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការណែនាំនិងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសារួចមកហើយ និងបានណែនាំឱ្យពួកគាត់មានម៉ាស៊ីនលាងកង់រថយន្តនិង ដឹកជញ្ជូនខ្សាច់នៅពេលយប់វិញ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ម្ចាស់អាជីវកម្ម នៅតែអនុវត្តមិនបានល្អទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទអាជីវកម្មទាំង ស្រុងតែម្តង។គួរបញ្ចាក់ថា នៅតាមបណ្តោយផ្លូវជាតិលេខ២នេះ មានទីតាំងដេប៉ូខ្សាច់ចំនួន៦ ដែលកំពុងធ្វើអាជីវកម្ម ខណៈ ចំនួន៤ទីតាំងត្រូវបានបិទ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *