ព្រះសីហនុ ៖ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ប្រជាពលរដ្ឋបានប្រាប់ថា មានក្រុមចោប្លន់មួយក្រុមធំ ដែលមានគ្នារាប់សិបនាក់ បានចូលប្លន់យកទ្រព្យសម្បតិ្ដ និងប៉ុនបងមនុស្សឃាត។ ហ្វូងចោរបានសម្រុកចូលវាយដំ គម្រាមបាញ់សម្លាប់ ដុតបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ ប្រមូលយកទូរស័ព្ទដៃអស់រាប់សិបគ្រឿង ប្រើប្រាស់ដោយអាវុធកាំភ្លើងអាកា ២ដើម, ជំពាមកៅស៊ូ, កាំបិត និងកាំភ្លើងស្នប់ (កាំភ្លើងកែច្នៃ) កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅជិតភ្នំត្រងោល ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តំណាងប្រជាពលរដ្ឋរងគ្រោះ ដោយអំពើប្លន់យកទ្រព្យសម្បតិ្ដ និងប៉ុនបងមនុស្សឃាត បានថ្លែងទាំងអួលដើមកសោកស្ដាយចំពោះការបាត់បង់ទ្រព្យសម្បត្ដិ ផ្ទះសម្បែង និងរស់នៅដោយភ័យខ្លាច ចំពោះសកម្មភាពដ៏ឃោឃៅរបស់ក្រុមចោរប្លន់នេះ ពួកគាត់ស្នើសុំអាជ្ញាធរខេត្ដ សមត្ថកិច្ចពាក់ព័ន្ធ ជួយរកយុត្ដិធម៌ឱ្យពួកគាត់បានរស់នៅសុខសុវត្ថិភាព ហើយបើសុំឲ្យអាជ្ញាធរតាមចាប់ក្រុមជនល្មើសបង្កហិង្សានេះ និងមេក្លោងរបស់ពួកគេឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។
ទាក់ទងនឹងបញ្ហាភ្ញាក់ផ្អើលភ័យខ្លាចនេះ លោក មៀច ចាន់ មេឃុំបិតត្រាំង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកបានឱ្យសមត្ថកិច្ចទៅស្រាវជ្រាវហើយ ប៉ុន្តែសួរប្រភពព័ត៌មានអត់ចេញសោះ តែជាទូទៅ គឺរឿងឈ្លោះដណ្ដើមដីគ្នា។
ជាមួយគ្នានេះ លោក តាន់ ពិសិដ្ឋ មេប៉ុស្តិ៍នគរបាលបិតត្រាំង បានថ្លែងថា ចំពោះរឿងនោះអត់ទាន់ដឹងច្បាស់ដែរបង ហើយក៏មិនទាន់កំណត់មុខសញ្ញាបានដែរ ព្រោះក្រោយពេលកើតហេតុ សមត្ថកិច្ចចុះទៅមិនឃើញភាគីណាមួយម្ខាងទៀតនៅកន្លែងកើតហេតុ នៅហ្នឹងគាត់ស្គាល់ទាំងអស់។
ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋបានចោទប្រកាន់អាជ្ញាធរមូលដ្ឋានខ្លះ មិនសូវអើពើចំពោះបញ្ហាប្រឈម (សុវត្ថិភាពសន្ដិសុខ) របស់ប្រជាពលរដ្ឋទេ ដោយសារបានទទួលប្រាក់ប្រចាំខែពីលោកឧត្ដមសេនីយ៍ទោ សុខ រ៉ាថន! អញ្ចឹងពេលកើតហេតុ កម្លាំងនគរបាលប៉ុស្ដិ៍បានចុះមកដែរ តែហាក់បីដូចជាធ្វើបង្គ្រប់កិច្ច មកសួរនាំបន្ដិបន្ដូចរួចត្រឡប់ទៅវិញ ដែលផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល “ភូមិ-ឃុំមានសុវត្ថិភាព”។ ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរស់នៅ ហើយស្នើសុំប្រមុខថ្នាក់ដឹកនាំខេត្ដ ប្រមុខដឹកនាំរាជរដ្ឋាភិបាលជួយរកយុត្ដិធម៌ឱ្យពួកគាត់ផង។
ចំណែកមន្ត្រីរាជការមួយចំនួនសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា ទោះបីប្រជាពលរដ្ឋទាំងនោះរស់នៅកាន់កាប់អាស្រ័យផលទៅលើដីរដ្ឋ ឬជាដីកម្មសិទ្ធិរបស់បុគ្គលណាមួយក៏ដោយ ក៏បុគ្គលនោះមិនអាចប្រើកម្លាំងកម្មករកូនចៅយកអាវុធទៅប្រើប្រាស់បាញ់បោះ វ៉ៃគប់ ដុតបំភ្លេចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិអ្នកដទៃ ដោយគ្មានស្ថាប័នសមត្ថកិច្ច ឬអាជ្ញាធរចូលរួមនៅឡើយនេះ គឺជាទង្វើដែលខុសនឹងច្បាប់ គឺជាទង្វើចោរប្លន់ប៉ុនប៉ងមនុស្សឃាត លួចទ្រព្យសម្បត្តិអ្នកដទៃពិតប្រាកដមែនហើយ។
ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មាន CSN Daily នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងតាមទូរស័ព្ទថា «ករណីនេះ លោកបានបញ្ជាឲ្យកម្លាំងចុះដល់ទីតាំងកើតហេតុហើយ និងប្រជាពលរដ្ឋដែលទៅរស់នៅទីនោះ ក៏ជាអ្នកទៅកាន់កាប់ដីរបស់រដ្ឋដែរ។ ហើយលោកស្នងការថា លោកកំពុងជាប់ប្រជុំតាមប្រព័ន្ធហ្ស៊ូមហើយ ក៏បិតទូរស័ព្ទទៅ»។ ដោយឡែក លោកឧត្តមសេនីយ៍ទោ សុខ រ៉ាថន អង្គភាពយើងមិនអាចសុំបំភ្លឺបានដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
អង្គភាពយើង រង់ចាំការបកស្រាយបំភ្លឺពីឯកឧត្តម សុខ រ៉ាថន រៀងរាល់ម៉ោងធ្វើការ ជុំនិងការលើកឡើងរបស់ប្រជាពលរដ្ឋ៕