ព័ត៌មានជាតិ

រថយន្ត Mazda ព្រលះរបាំងថ្មពុះចែកផ្លូវលាន់ដូចរន្ទះ ខ្ទាតជិត១០ម៉ែត្រ រថយន្តបាក់កាឡេកង់មុខ ផ្ទុះទាំងកង់ ផ្ទុះទាំងពោងសុវត្ថិភាព នៅស្តុបទំនប់ទឹក


រាជធានីភ្នំពេញ ៖ រថយន្ត Mazda BF50 THUNER មួយគ្រឿងបោះពួយក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ត្រង់ចំណុចស្តុបផ្លូវបំបែកជាបួន និងស្ថានភាពផ្លូវរាងកោងទៀត ក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរបាំងថ្មមួយផ្ទាំងខ្ទាតទៅគន្លងផ្លូវម្ខាងទៀត ចំណែកឯរថយន្តបង្កបានផ្ទុះបែកពោងសុវត្ថិភាព និងបាក់កាឡេកង់មុខខាងឆ្វេងបើកទៅមុខលែងរួច ។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០០:២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវ២៧១ ត្រង់ចំណុចស្តុបទំនប់ទឹក ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អ្នកដំណើរដែលឃើញហេតុការណ៍បានប្រាប់ក្រុមការងារខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកម៉ាស្ដារ (Mazda BT-50 THUNER) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BI-4422 បើកបរដោយមនុស្សមិនស្គាល់អត្តសញ្ញាណ បានបោះពួយក្នុងល្បឿនយ៉ាងលឿន តាមបណ្ដោយផ្លូវ២៧១ ទិសដៅពីស្ពានស្ទឹងមានជ័យ ឆ្ពោះទៅច្រមុះក្បាលថ្នល់ ខណៈមកដល់ចំណុចស្តុបទំនប់ទឹកកន្លែងកើតហេតុខាងលើ ស្រាប់តែរេចង្កូតបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរបាំងថ្មមួយផ្ទាំងខ្ទាតទៅលើគន្លងផ្លូវម្ខាងទៀត ចំណែកឯអ្នកបើកបររថយន្ត មិនដឹងថាត្រូវរបួសកន្លែងណា ឬក៏អត់នោះទេ ដោយក្នុងរថយន្តបង្កបានផ្ទុះបែកពោងសុវត្ថិភាពចំហៀងខាងឆ្វេង និងពោងសុវត្ថិភាពចេញពីដៃចង្កូតរថយន្តថែមទាំងផង រួមទាំងខូចខាតយ៉ាងដំណំ បាក់កាឡេកង់មុខខាងឆ្វេង បើកទៅមុខលែងរួច ។ ប្រភពដដែលបន្តថា ភ្លាមៗនោះគេអ្នកបើកបរបានប្រញាប់ប្រញាល់ប្រមូលសម្ភារៈរបស់ខ្លួនចេញពីក្នុងរថយន្តបង្ក ហើយគេចចេញពីកន្លែងកើតហេតុបាត់ទៅ បន្សល់ទុកតែរថយន្តកណ្ដាលផ្លូវ ។

បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងទំពន់ទី១ បានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក យកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំស្រាវជ្រាវរកម្ចាស់រថយន្ត ឲ្យចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *