ពោធិ៍សាត់ ៖ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ អណ្ដែតក្នុងទឹកស្ទឹងពោធិ៍សាត់ ហើយរាយការណ៍ប្រាប់ទៅសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២៖៣០នាទីរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្រោមស្ពានដែក ស្ថិតក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចននគរបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា សាកសពជនរងគ្រោះ ដែលគេប្រទះឃើញអណ្តែតក្នុងទឹកស្ទឹងពោធិ៍សាត់នេះ មានឈ្មោះ អ៊ុន វុទ្ធី ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ រស់នៅភូមិសង្កាត់កើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីប្រពលរដ្ឋ បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅមុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ អ៊ុន វុទ្ធី បានផឹកស្រាស្រវឹង រួចបានដើរទៅលើស្ពានដែក ក៏លោតចុះទាំងទឹកកំពុងតែហក់ឡើងខ្ពស់។ ភ្លាមនោះបងប្អូនកូនក្មួយរបស់គាត់ បានចេញតាមរកគ្រប់សព្វទីកន្លែងដែរតែរកពុំឃើញ រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ស្រាប់តែប្រទះឃើញសពអណ្តែត ក្រោមចំណុចស្ពានដែកកន្លែងកើតហេតុនោះដដែល ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ ទាញសពមកលើច្រាំងស្ទឹង។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ មកទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណីរួចរាល់ហើយ៕