ភ្នំពេញ ៖ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានបន្តដាក់ចេញវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារមុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងសេចក្តីសម្រេច ប្រការ២ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការបន្តដាក់ចេញ វិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ រួមមាន ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក តែប៉ុណ្ណោះ ។ ពោលវិធានការរដ្ឋបាល បន្ត១៤ថ្ងៃនាពេលក្រោយនេះ ហាក់មានភាពធូរស្រាលជាងមុន។
ដោយឡែក ក្នុងប្រការ៣ បានបញ្ជាក់ពីការជួបជុំ អាចបានរហូតដល់៥០នាក់ ខណៈដែលវិធានការមុនបានត្រឹម១៥នាក់៕