បាត់ដំបង ៖ នៅលើកំណាត់ផ្លូវជាតិលេខ៥ ដែលកំពុងស្ថាបនា មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កើតឡើងស្ថិតនៅចំណុចក្រុមទី៧ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត ១គ្រឿង ម៉ាកហ៊ីណូធុនដឹកជញ្ជូន ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-1566 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បើកបរក្នុងទិសដៅពីកើតទៅលិច លុះពេលមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្ត ១គ្រឿងទៀត ម៉ាកនីសសាន់ធុនដឹកទំនិញ ពាក់ស្លាកលេខ បាត់ដំបង 2B-2211 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ស្លាប់) ដែលកំពុងបើកបរច្រាស់ទិសគ្នា។
សមត្ថកិច្ចចុះពិនិត្យទីតាំងកើតហេតុ គឺមានមនុស្សស្លាប់ចំនួន៥នាក់ ដោយកៀបជាប់ក្នុងរថយន្តទាំងអស់ និងរងរបួសធ្ងន់ ១នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សី។
កម្លាំងការិយាល័យចរាចរណ៍ខេត្ត កំពុងចុះទៅអន្តរាគមន៍ ដោយសារតែសពមនុស្សទាំង៥នាក់ ត្រូវគាបជាប់មិនទាន់យកចេញបាននៅឡើយ៕