ព័ត៌មានជាតិ

ក្រសួងបរិស្ថាននឹង មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី បានប្រារព្ធទិវាអនាម័យជាតិបរិស្ថាន ២៣ វិច្ឆិកា ក្រោមប្រធានបទ (មាតុភូមិយើង កាតព្វកិច្ចយើងស្អាត និងបៃតង )

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ៖នាព្រឹកថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ជិកា ឆ្នាំ២០២២ ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី បានប្រារព្ធទិវាអនាម័យជាតិបរិស្ថាន ២៣ វិច្ឆិកា ក្រោមប្រធានបទ (មាតុភូមិយើង កាតព្វកិច្ចយើងស្អាត និងបៃតង )ទិវានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី លោកជំទាវ អ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយកក្រុមហ៊ុនវ័នហ្រ្វេតធេនីធី (វីតាល់) លោក គង់ សៀកលី អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន តំណាងអង្គការ WCS ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការមន្ទីរបរិស្ថានអាជ្ញាធរពាក់ព័ន្ធ មន្រ្តីឧទ្យានុរក្ស លោកគ្រូ-អ្នកគ្រូ សិស្ស និស្សិត យុវជន ស.ស.យ.ក យុវជនកាយឬទ្ធិ យុវជនកាកបាទក្រហម និងសាធារណៈជនជាច្រើនរូប។នាឱកាសប្រារព្ធទិវានេះដែរ ឯកឧត្តម ស៊ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានក្រើនរម្លឹក ក៏ដូចជាជំរុញឱ្យស្ថាប័ន សាធារណៈ និងឯកជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ចូលរួមធ្វើអនាម័យ និងថែរក្សាបរិស្ថានជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន។ ជាពិសេសស្នើឲ្យអាជ្ញាធរមូលដ្ឋាន ជាមួយអ្នកពាក់ព័ន្ធ ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីការគ្រប់គ្រងទុកដាក់សំរាម និងសំណល់រឹងឲ្យបានត្រឹមត្រូវផងដែរ។ ជាមួយគ្នានេះដែរឯកឧត្តមអនុរដ្ឋលេខាធិការ ក៏សង្ឃឹមថាការប្រារព្ធទិវានេះនឹងក្លាយជាចរន្តចលករដែលជំរុញអោយមានការផ្តើមធ្វើសកម្មភាពមេត្រីភាពបរិស្ថានចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវក្នុងការទុកដាក់សំរាម សំណល់រឹង និងមិនបោះចោលពាសវាលពាសកាលនៅតាមទីសាធារណ: ជាហេតុធ្វើអោយប៉ះពាល់ដល់សោភ័ណភាពទីក្រុងដែលពោរពេញដោយសម្រស់ធម្មជាតិមួយនេះ ជាពិសេសគឺសេចក្តីថ្លៃថ្នូរបស់ខ្លួនឯងផ្ទាល់។ ឆ្លើយតបនឹងគោលបំណងក្នុងថ្ងៃប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ក្នុងខេត្តមណ្ឌលគិរី នាថ្ងៃនេះឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនបន្ថែមទៀត ក្នុងការថែរក្សាបរិស្ថានរបស់យើងទាំងអស់គ្នារួមមាន អនាម័យខ្លួនឯងជាប្រចាំ ទុកដាក់នឹងញែកសំរាមអោយត្រូវក្នុងធុង ស្រលាញ់ការពារសត្វព្រៃ និងដាំដើមឈើ ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រ។បច្ចុប្បន្ននេះដោយសារកំណើនប្រជាជន យើងបានជួបប្រទះនូវបញ្ហាមួយចំនួនក្នុងនោះរួមមាន បញ្ហាសំរាម សំណល់រឹង រាវ នៅតាមទីប្រជុំជនដែលមានការកើនឡើងយ៉ាងខ្លាំង គួបផ្សំនឹងប្រព័ន្ធគ្រប់គ្រងសំរាមនៅពេលបច្ចុប្បន្ននៅមានកម្រិតនៅឡើយ។ សំណល់សំរាមមួយចំនួន ជាពិសេសសំណល់ប្លាស្ទិក ត្រូវបានប្រជាពលរដ្ឋខ្លះដុត និងខ្លះបានបោះចូលទៅក្នុងទឹក និងទីសាធារណៈបង្កគ្រោះថ្នាក់ដល់ជីវ:ចម្រុះដែលមនុស្សគ្រប់ៗគ្នាបាននឹងកំពុងយកចិត្តទុកដាក់ ទន្ទឹមនឹងនេះការចូលរួមរបស់ប្រជាពល រដ្ឋគ្រប់រូបក្នុងការលើកកម្ពស់អនាម័យ នឹងគុណភាពបរិស្ថាន គឺជាការចាំបាច់ និងជាវិភាគទានដ៏សំខាន់បំផុត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះសំដៅការរស់នៅប្រកប ដោយសុខុមាលភាព និងជីវភាពរបស់ប្រជាជនយើងនៅក្នុង ខេត្តដ៏មានសក្តានុពលមួយនេះ។

adm

Leave a Reply

Your email address will not be published. Required fields are marked *