ព្រះសីហនុ ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជូនខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន ម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ដើម្បីធ្វើការសាកសួរ និងសម្រេចទៅតាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធនឹងករណីរក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខការ៉ាស់សាំងតេលា ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
មន្ត្រីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខែត ថុង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នសង្កាត់១ ក្រុង-ខេត្ដព្រះសីហនុ។ មន្ត្រីនគរបាល បញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីអធ្រាតថ្ងៃទី១៨ ខែតុលា វេលាម៉ោងប្រមាណ១១និង៣០នាទី នៅចំណុចកើតហេតុខាងលើ។
ក្រោយឃាត់ខ្លួន នគរបាលដកហូតបានវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន ចំនួន២កញ្ចប់ធំ មានទម្ងន់១៩៨ក្រាម និងទូរស័ព្ទដៃចំនួន៣គ្រឿង៕