ព័ត៌មានជាតិ

ល្បែងស៊ីសងខុសច្បាប់ឃុំព្រែករំដេង ស្រុកស្រីសន្ធរបើកលេងដោយសេរី 23/3/2021


(កំពង់ចាម) ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែករំដេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានអំពាវនាវឲ្យលោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចាត់វិធានការបង្ក្រាប​សង្វៀនបញ្ជល់មាន់ខុសច្បាប់ទ្រង់ទ្រាយធំក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។ ប្រជាពលរដ្ឋបាននិយាយបញ្ជាក់ថា មានមន្ត្រីអាវុធហត្ថម្នាក់​ដែលជាកូនរបស់មន្ត្រីនគរបាល បានបើកសង្វៀនបញ្ជល់មាន់ខុសច្បាប់ក្នុងភូមិព្រែករំដេងបើកលេងយ៉ាងរលូនហើយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការបង្ក្រាបឡើយ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹង​ថា បើគ្មានការបើកដៃពី​នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែករំដេង និងលោក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ ទេនោះគឺគ្មាននរណាអាចបើកសង្វៀនបញ្ជល់មាន់និងល្បែងស៊ីសងខុសច្បាប់ផ្សេងៗនៅភូមិព្រែករំដេង បានឡើយ។ ហេតុនេះលោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មិនគួរបណ្តែតបណ្តោយតទៅទៀតនោះទេព្រោះក្នុងមួយថ្ងៃៗមានអ្នកទៅលេងល្បែងយ៉ាងពពាក់ពពូនមិនខ្លាចឆ្លងជំងឺកូវីដ-១៩ ទាល់តែសោះ។ ជាងនេះទៅទៀតម្ចាស់សង្វៀនបញ្ចល់មាន់ហាក់ដូចជាមានឥទ្ធិពលខ្លាំងទើបមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានប៉ះពាល់។

ជុំវីញបញ្ហាខាងលើនេះប្រជាពលរដ្ឋបានកត់សម្គាល់ថា ចាប់តាំងពីមានសង្វៀនបញ្ជល់មាន់ក្នុងភូមិព្រែករំដេង ឃុំព្រែករំដេង ដំណើរការយ៉ាងពេញបន្ទុក គឺអំពើចោរកម្មនិបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។ ចំណែកនាយប៉ុស្តិ៍នគរបាលឃុំព្រែករំដេង និងលោក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ ត្រូវមជ្ឈដ្ឋាននានាសង្ស័យថា ជាអ្នកឃុបឃិតឲ្យល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងពេញបន្ទុកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *