ព័ត៌មានជាតិ

ប្រជាពលរដ្ឋក្នុងតំបន់ក្រហម ចាប់ផ្ដើមចាក់វ៉ាក់សាំងដូសទី២ ចាប់ពីថ្ងៃទី១៥ ខែឧសភានេះ

ភ្នំពេញ ៖ សូមបងប្អូនក្នុងតំបន់ក្រហម អញ្ជើញទៅចាក់វ៉ាក់សាំងដូសទី២ គឺចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភានេះ។ សកម្មភាពចាក់វ៉ាក់សាំងនេះ បានធ្វើនៅខណ្ឌចំនួន៦ ក្នុងរាជធានីភ្នំពេញ ដោយក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ ចំណែកបងប្អូនមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ ក៏អាចមកចាក់បានព្រមគ្នាផងដែរ សូមរូសរាន់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងនៅតំបន់ក្រហម ដែលបានចុះពិនិត្យជាប់ប្រចាំនូវដំណើរការចាក់វ៉ាក់សាំង បានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងដូសទី១ បានបញ្ចប់ប្រមាណ៨០ ទៅ៩០ភាគរយហើយ។ ហើយការចាក់ដូសទី២ នឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែឧសភានេះ។ ទោះបីចាប់ផ្តើមចាក់ដូសទី២ តែការចាក់ដូសទី១ ក៏បានធ្វើទន្ទឹមគ្នានេះ សម្រាប់ប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់ចាក់នោះ។

តាមរបាយការណ៍រយៈពេល ១៤ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក្រោមបទបញ្ជាផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជាង ៦៥ម៉ឺននាក់ហើយ។ រីឯការចាក់ដូសទី២ នឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភានេះ និងធ្វើនៅខណ្ឌចំនួន៦ខណ្ឌ ដែលខណ្ឌទាំង៦ រួមមាន៖ ខណ្ឌមានជ័យ ចាក់បាន ១៣៦.៥៥៧នាក់, ខណ្ឌដង្កោ ចាក់បាន ១៣០.៦៥៣នាក់, ខណ្ឌកំបូល ចាក់បាន ១០១.៨១៥នាក់, ខណ្ឌពោធិ៍សែនជ័យ ចាក់បាន ២២៤.៧៨០នាក់, ខណ្ឌឫស្សីកែវ ចាក់បាន ៣៩.៤៧៥នាក់ និង ខណ្ឌទួលគោក ចំនួន ១៩.៦៧៣នាក់។

រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌចំនួន៦ កាលពីថ្ងៃទី០១ ខែឧសភា ដោយមានចំនួនប្រជាពលរដ្ឋត្រូវចាក់សរុបប្រមាណ ៩០ម៉ឺននាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលដល់ថ្ងៃចាក់ដូសទី២ សូមទៅចាក់វ៉ាក់សាំងតាមការរៀបចំរបស់អាជ្ញាធរនៅតាមទីតាំងដែលខ្លួនបានចាក់ដូសទី១។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានក្រើនរំលឹក និងអំពាវនាវសូមប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងរក្សារបៀបរៀបរយ គោរពវិធានរបស់ក្រសួងសុខាភិបាល ដើម្បីការពារការឆ្លង និងរីករាលដាលជំងឺកូវីដ១៩៕

adm

Leave a Reply

Your email address will not be published. Required fields are marked *