ព័ត៌មានជាតិ

ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) ត្រូវបានអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ជាបន្តបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះតទៅ

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញអមដំណើរឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន អញ្ជើញចុះពិនិត្យសមិទ្ធផលស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។

ក្នុងដំណើរអញ្ជើញចុះពិនិត្យមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អាជ្ញាធរស្រុកទាំងពីរ (ស្ទឹងត្រង់-ក្រូចឆ្មារ) និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបើកឱ្យដំណើរការស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាបណ្តោះអាសន្ន ដោយអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះតទៅ និងរងចាំពេលវេលាសមស្របណាមួយ ដើម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា៖ សមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ​ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ស្ពាននេះ មានបណ្តោយប្រវែង ១.១៣១ ម៉ែត្រ , ទទឹងប្រវែង ១៣,៥០ ម៉ែត្រ ចំណាយថវិកាជិត ៥៧លានដុល្លារ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *