ព័ត៌មានជាតិ

Update: មន្ដ្រីនគរបាលខណ្ឌ៧មករា វាយនារីល្មើសច្បាប់ចរាចរណ៍បែកក្បាល ត្រូវបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ហើយ!

ភ្នំពេញ ៖ មន្ដ្រីនគរបាលខណ្ឌ៧មករាម្នាក់ ដែលវាយនារីល្មើសច្បាប់ចរាចរណ៍បែកក្បាលនោះ ត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ នេះបើយោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។

ដោយឡែក សម្រាប់នារីរងគ្រោះដែលល្មើសច្បាប់ចរាចរណ៍ ហើយគេចវេសមិនស្ដាប់បញ្ជារបស់មន្ដ្រីនគរបាល ក្នុងការអនុវត្តច្បាប់ ក៏នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ដូចគ្នាផងដែរ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែងយ៉ាងដូច្នេះថា «សមត្ថកិច្ចនៃអធិការដ្ឋាន នគរបាលខណ្ឌ៧មករា បានបញ្ជូនមន្ដ្រីនគរបាលដែលបង្កឲ្យមានគ្រោះថ្នាក់ដល់នារីម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ ដើម្បីចាត់ការតាមនីតិវិធី»។

ដោយឡែក សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីដែលបានកើតឡើងនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅខណ្ឌ៧មករា៖

*ទី១៖ មន្ត្រីអន្តរាគមន៍ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់ បណ្តាលឱ្យបែកក្បាល ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌ៧មករា បន្ទាប់ពីពេលកើតហេតុរួច។

*ទី២៖ បើស្រាវជ្រាវហើយឃើញថា មានកំហុស មន្ត្រីបង្កនឹងត្រូវអនុវត្តបន្តតាមនីតិវិធីច្បាប់ ក៏ដូចជា ការអនុវត្តវិន័យកងកម្លាំងផងដែរ។

*ទី៣៖ ចំពោះអ្នកបើកបរល្មើសច្បាប់ បើកបរគេចពីសមត្ថកិច្ចក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «ភាគីទាំង២ គឺត្រូវអនុវត្តច្បាប់ដោយស្មើភាពគ្នា ព្រោះពួកគេបានប្រព្រឹត្តខុសច្បាប់ដូចគ្នា»។

សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៨៖២០នាទីយប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ កើតមានករណីហិង្សាមួយ រវាងមន្ត្រនគរបាលខណ្ឌ៧មករា ជាមួយនឹងអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍ បានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះពីរនាក់បងប្អូន បានជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាព ពេលជិះដល់គោលដៅត្រួតពិនិត្យ ក៏ព្យាយាមជិះបកក្រោយវិញ ហើយក៏ត្រូវមន្ត្រីនគរបាលយកអាយកូមវាយ បណ្តាលឱ្យត្រូវស្ត្រីជិះខាងក្រោយបែកក្បាល និងធ្លាក់ពីលើម៉ូតូផងដែរ។ មន្ត្រីនគរបាល បានឱ្យដឹងថា ស្ត្រីជាជនរងគ្រោះក្នុងអំពើហិង្សានេះ មានឈ្មោះ ងន ស្រីនិច អាយុ ២២ឆ្នាំ។ រីឯអ្នកឌុបជាប្អូនប្រុសឈ្មោះ ងន សិលា អាយុ ១៨ឆ្នាំ។ មន្ត្រីនគរបាលដែលប្រើហិង្សា ត្រូវបានគេស្គាល់ថា មានឈ្មោះ ម៉ាត់ ពិសី។

ហេតុការណ៍ហិង្សានេះ នាំឱ្យមានការថ្កោលទោសយ៉ាងខ្លាំងលើមន្ត្រីនគរបាល និងទទូចឱ្យមន្ត្រីនគរបាលអនុវត្តច្បាប់ដោយក្រមសីលធម៌ បញ្ចៀសនូវការប្រើហិង្សា។ តែទោះជាយ៉ាងណា ក៏មានស្នើឱ្យមានការចូលរួមគោរព និងអនុវត្តច្បាប់ពីអ្នកបើកបរគ្រប់រូប ដើម្បីបញ្ចៀសបាតុភាពផ្សេងៗ។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ភ្លាមៗនោះក៏បញ្ជាអោយសមត្ថកិច្ចឃាត់ខ្លួនមន្ត្រីនគរបាលបង្កហិង្សាផងដែរ បន្ទាប់ពីមន្ត្រីអនុវត្តច្បាប់បំពេញតួនាទី ភារកិច្ច ខុសពីវិន័យ វិជ្ជាជីវៈ កងកម្លាំង។

សូមបញ្ជាក់ផងដែរថា ក្រោយពីមានអំពើហិង្សានេះកើតឡើង ក៏មានបណ្ដាញទំនាក់ទំនងសង្គមមួយចំនួន បានបង្ហោះលើកឡើងអំពីទង្វើរបស់មន្ត្រីនគរបាលរូបនេះបានប្រព្រឹត្តកន្លងទៅបែបហ្នឹងម្តងរួចមកហើយ ប៉ុន្តែចំពោះការពិតនោះមិនទាន់មានការបកស្រាយពីសម័យអង្គភាពក៏ដូចជាបុគ្គលផ្ទាល់ខ្លួននៅឡើយទេ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *