ភ្នំពេញ ÷ ថវិកាសប្បុរសជននានា ជួយរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ គិតត្រឹមម៉ោង ៦:០០ល្ងាច ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ សរុបទាំងអស់ ៤៥,០៦៨,៧៦៨ដុល្លារអាមេរិកហើយ, (ក្នុងនោះមានលុយដុល្លារ ៤៤,៦៤៣,៧៦៦ដុល្លារ និងលុយខ្មែរ ១,៧០០,០១០,០០០រៀល)។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ យកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋដែលសកម្មជួរមុខ ប្រមាណ ៥០ម៉ឺននាក់ ហើយបន្ទាប់ពីការប្រកាសនេះ មានសប្បុរសជននានាជាច្រើន បានចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់។
ថវិកានេះ បានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែមានការចូលរួមបរិច្ចាគយ៉ាងសស្រាក់សស្រាំពីសាធារណជនគ្រប់ទិសទិស ទាំងវិនិយោគិន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋទូទៅផងដែរ។
ការបរិច្ចាគពីគ្រប់ទិសទីនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ជាស្មារតីសាមគ្គីភាព ជាវប្បធម៌នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងចំណោមប្រជាជនកម្ពុជា ដែលមានសន្ទុះខ្លាំង និងធំធេងមហាសាលនេះ បានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ៕