ព័ត៌មានជាតិ

ស្រ្តីជនជាតិចិនម្នាក់ លោតពីលើអគារ «Rumduol Grand Hotel» បណ្តាលឲ្យរងរបួសធ្ងន់ សង្ស័យករណីចាប់ជំរិត និងឃាត់ខ្លួនជនជាតិចិន ៤នាក់

ភ្នំពេញ​ ៖ ស្ត្រីជនជាតិចិនម្នាក់ បានសម្រេចចិត្តចងភួយ និងកម្រាលពូកលោតទំលាក់ខ្លួនពីលើអគារ «Rumduol Grand Hotel» ជាន់ទី៦ ដែលមានកម្ពស់១២ជាន់ ដោយសង្ស័យជាករណីជនជាតិចិន ចាប់ជំរិតចិនដូចគ្នា បណ្ដាលឲ្យស្រ្តីរូបនោះរងរបួសធ្ងន់ នៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅអគារ Rumduol Grand Hote តាមបណ្តោយផ្លូវ១៧៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងហេតុការណ៍នោះ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះទៅជួយធ្វើអន្តរគមន៍ភ្លាមៗ ដោយសមត្ថកិច្ចជំនាញ បានយកជណ្តើររបស់អង្គភាពអគ្គិសនី ដាក់ឡើងទៅលើរួចយកស្រ្តីរងគ្រោះ ដែលលោតពីលើអគារ Rumduol Grand Hotel ដាក់រថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ គេបានឃើញស្ត្រីជនជាតិបរទេសខាងលើ រួមជាមួយនឹងបុរសជនជាតិចិន ២នាក់ទៀត បាននាំស្ត្រីជនជាតិចិនចូលក្នុងសណ្ឋាគារខាងលើ ដោយមានការទាញប្រតាយប្រដប់គ្នា ជាមួយស្ត្រីជនរងគ្រោះខាងលើ ហើយបាននាំចូលមកក្នុងសណ្ឋាគារតែម្តង។ លុះមកដល់វេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃដដែរ គេឃើញស្ត្រីជនជាតិចិនខាងលើ បានយកភួយ និងកម្រាលពូកចងជាប់គ្នា ដើម្បីទម្លាក់ខ្លួនចុះមកខាងក្រោម។ តែបែបជាដាច់ខ្សែធ្លាក់ចុះមកខាងក្រោម បណ្តាលឲ្យរងរបួសធ្ងន់។ ហើយនៅក្នុងករណីនេះ យើងមិនទាន់ដឹងថា ពាក់ព័ន្ធនិងករណីចាប់ជំរិត ចង់ធ្វើឃាត ឬចាប់រំលោភ ឬក៏យ៉ាងណាយើងមិនទាន់ដឹងនោះទេ។

នៅក្នុងហេតុការណ៍នេះ គេឃើញមានវត្តមានរបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះមកដល់ទីតាំងកើតហេតុខាងលើ បានបញ្ជាឲ្យសមត្ថកិច្ចបិទច្រកចេញ-ចូលក្នុងសណ្ឋាគារទាំងអស់ ដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុ នៃការធ្លាក់ពីសណ្ឋាគារនេះ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មីទី៣ បានចុះមកដល់កន្លែងទីតាំងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ យកមកប៉ុស្តិ៍នគរបាលផ្សារថ្មីទី៣ ដើម្បីធ្វើការសួរនាំ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *