បាត់ដំបង៖ នគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងពេលដែលរូបគេបានកាន់កាប់អាវុធខ្លីមួយដើមម៉ាកK59 និងគ្រាប់ចំនួន៦គ្រាប់ដោយខុសច្បាប់ និងកំពុងស្វែងរកការធ្វើសកម្មភាព ជួញដូរអាវុធមួយដើមនេះ។ អាវុធខ្លីមួយដើមនេះ ជនល្មើសបានធ្វើសកម្មភាពលួចយកបានពីគេនាពេលកន្លមក ។ ការិយាល័យជំនាញរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យនិងវត្ថុតាង ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
នៅថ្ងៃ អង្គារ ទី ១១ ខែ សីហាឆ្នាំ២០២០វេលាម៉ោង១៣និង៤០នាទីរសៀលនេះ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់ណែនាំរបស់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក អូន ហ្វៃ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋានបានដឹកនាំធ្វើការឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យម្នាក់ឈ្មោះសែម សុគន្ធា ហៅ ម៉ាប់ ភេទ ប្រុស អាយុ ៣២ ឆ្នាំមានទីលំនៅក្រុមទី២៣ ភូមិ កម្មករសង្កាត់ ស្វាយប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងខណៈដែលជនសង្ស័យរូបនេះ កំពុងកាន់កាប់អាវុធដោយខុសច្បាប់ នៅមូលដ្ឋានក្រុងបាត់ដំបង។
លោកវរសេនីយ៍ឯក អូន ហ្វៃ បានបញ្ជាក់ឱ្យដឹងថា ឈ្មោះសែម សុគន្ធា ហៅម៉ាប់ នេះត្រូវបានឃាត់ខ្លួនភ្លាមៗ ក្នុងពេលដែលរូបគេបានកាន់កាប់អាវុធខ្លីមួយដើមម៉ាកK59 និងគ្រាប់ចំនួន៦គ្រាប់ដោយខុសច្បាប់និងកំពុងស្វែងរកការធ្វើសកម្មភាព (ជួញដូរ) អាវុធមួយដើមនេះផង។
លោកបន្តថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាដែលស្ថិតក្នុងការតាមដានរបស់សមត្ថកិច្ចផងដែរ ហើយក្នុងពេលធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា អាវុធខ្លីមួយដើមនេះគេបានធ្វើសកម្មភាព(លួច)យកបាននាពេលកន្លមក។
តាមលទ្ធផលនៃការស្រាវជ្រាវ ឯកឧត្តមស្នងការ បានឱ្យការិយាល័យជំនាញរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យនិងវត្ថុតាង ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕