ព័ត៌មានជាតិ

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា មានការ​សោកស្តាយ និង​ហួសចិត្ត​ជាខ្លាំង​ចំពោះ​ទង្វើ​ក្រុម​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ចេតនា និង​មហិច្ឆតា​អាក្រក់​លើ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​


​ភ្នំពេញ​៖​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា មានការ​សោកស្តាយ និង​ហួសចិត្ត​ជាខ្លាំង​ចំពោះ​ទង្វើ​ថ្មីៗ​របស់​ជន​អគតិ​មួយក្រុម​តូច ដែលមាន​ចេតនា និង​មហិច្ឆតា​អាក្រក់​លើ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ជាពិសេស​ទៅលើ​ផលប្រយោជន៍​របស់​កសិក​រ​ខ្មែរ ដែល​ទង្វើ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​អតីត​ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​តំបន់​មួយ​នៃ​ប្រទេស​អូស្ត្រាលី​ដែល​ដឹកនាំ​ដោយ ឈ្មោះ ខៀវ ដា​រ៉ា ដែល​បាន​តាំងខ្លួន​ថា ជា​អ្នក​តំណាងឱ្យ​ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី ហើយ​បានដាក់​ញ្ញត្តិ​ទៅ​តំណាងរាស្ត្រ​អូស្ត្រាលី​មួយរូប​ដោយបាន​ចោទថា អង្ករ​របស់​កម្ពុជា​ដែល​បាននិងកំពុង​នាំ​ចេញទៅ​ប្រទេស​អូស្ត្រាលី មាន​ការជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​។

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីថ្លែងការណ៍​ថា នេះ​ជាការ​ប្រឌិត​រឿង​ដែល​គ្មាន​មូលដ្ឋាន និង​ទឡ្ហីករណ៍​ការពិត​ណា​បន្តិច​សោះ ក្រៅពី​ការចង់​បំផ្លាញ​ផលប្រយោជន៍​របស់​ប្រទេស​កម្ពុជា ជាពិសេស​ផលប្រយោជន៍​របស់​កសិក​រ​ខ្មែរ​ដែល​តំណាងឱ្យ​ប្រជាជន​មួយ​ភាគ​ធំ​ដែលជា​កម្លាំងចលករ​នៃ​សេដ្ឋកិច្ច ហើយ​វិស័យ​ស្រូវ​អង្ករ​នេះ បាន​នឹង​កំពុងផ្តល់​ការងារ​ជូន​ប្រជាជន​កម្ពុជា​ប្រមាណ​ជា ៣៧% ឬ ជាង​៣.២​លាន​នាក់ ក្នុងនោះ​ស្ត្រី​ចំនួន​ជាង ១.៦​លាន​នាក់ ស្រប​ពេលដែល​កម្ពុជា​កំពុង​ទទួលរង​នូវ​ឥទ្ធិពល​ហានិភ័យ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ គ្រោះរាំងស្ងួត​កាលពី​ពាក់កណ្តាល​រដូវវស្សា និង​គ្រោះទឹកជំនន់​ទឹកភ្លៀង​ចុងរដូវ​វស្សា​។​

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា សូម​ធ្វើការ​ច្រានចោល​ទាំងស្រុង​នូវ​ការលើកឡើង​នៅក្នុ្ង​ង​ញ្ញ​តិ្ត​របស់​ក្រុម​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​តំបន់​មួយ​នៃ​ប្រទេស​អូស្ត្រាលី និង​សូម​ស្នើសុំ​កុំឱ្យ​យក​ប្រជាកសិករ​ធ្វើជា​ឈ្នាន់​នយោបាយ និង​បំផ្លាញ​ទីផ្សារ​ស្រូវ​អង្ករ​របស់​កសិករ ហើយ​គួរ​ណាស់​តែ​គិតគូរ​ជួយ​រក​ទីផ្សារ​ជូន​ប្រជាកសិករ​ខ្មែរ​វិញ​ទើប​ជាការ​ប្រសើរ​។

​បើតាម​សេចក្តីថ្លែងការណ៍​លម្អិត​របស់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា សូម​អំពាវនាវ​ដល់​ប្រជាកសិករ និង​មហាជន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​សូមកុំ​ឱ្យ​ជឿ​តាម​ការ​ប្រឌិត ការ​ញុះញង់​របស់​ក្រុម​ជ្រុលនិយម​ទាំងនោះ​ឱ្យសោះ​។​

​សហព័ន្ធ​បន្តថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ប្រជាកសិករ ក្នុង​ការដាំដុះ​ដែល​បានធ្វើឱ្យ​កិត្តិនាម នៃ​គ្រាប់​អង្ករ​កម្ពុ​ជាមាន​គុណភាព និង​ត្រូវបាន​ទទួលស្គាល់ថា ជា​អង្ករ​ដែល​ល្អ​បំផុត​លើ​ពិភពលោក តាមរយៈ​ពានរង្វាន់​អង្ករ​ល្អ​បំផុត​ផ្តាច់​គេ នៅលើ​ពិភពលោក ( The World Best Rice ) ក្នុង​ឆ្នាំ ២០១២ ២០១៣ ២០១៤ និង​ឆ្នាំ ២០១៨​។ ការចោទប្រកាន់​ដែល​លើកឡើង​ដោយ​ក្រុម​អគតិ​មួយចំនួន​នោះ​គឺ ជា​ចេតនា​អាក្រក់​ក្នុងការ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​អង្ករ​ខ្មែរ និង​មោទនភាព​របស់​ប្រជាកសិករ​ខ្មែរ​។​

​សហព័ន្ធ​បន្ថែមថា ប្រជាកសិករ​ខ្មែរ​ដែលជា​ម្ចាស់​ស្រែ​ជាង ២.៥ លាន​ហិកតា ដែលជា​មរតក​ទទួល បាន​ពី​ការបែងចែក​ដោយ​សមធ​ម៌ ក្រោយ​របប​ប្រល័យពូជសាសន៍ ត្រូវបាន​ផ្តួលរំលំ ហើយ​ដែល​បាន​ក្លាយជា​មរតក​ប្រចាំ​គ្រួសារ​នីមួយៗ​នេះ ទទួលបាន​ការយកចិត្ត​ទុកដាក់​ខ្ពស់ ពី​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការការពារ និង​ផ្តល់​អត្ថប្រយោជន៍​នានា ជាក់ស្តែង​លើ​ការផ្តល់​ប័ណ្ណ​គ្រប់គ្រង​កម្មសិទ្ធិ​ដីធ្លី​ច្បាស់លាស់ ដល់​ប្រជាកសិករ​ជា​ម្ចាស់​ស្រែ ដែល​មិន​អាចឱ្យ​ជន​ណាមួយ​មក​រំលោភបំពាន ឬ​យក​ជា​កម្មសិទ្ធិ​បានឡើយ ផ្ទុយ​ពីអ្វី​ដែល​ពួក​ជន​គ្មាន​មនសិការ និង​អគតិ​មួយចំនួន បាននិងកំពុង​តែ​ប្រឌិត​រឿង​ចង់​បំផ្លាញ​កសិករ​ខ្មែរ ដោយ​ភ្ជាប់​វិស័យ​ស្រូវ​អង្ករ​ខ្មែរ​ជាមួយ​រឿង​នយោបាយ​។​

​ជាច្រើន​ឆ្នាំ​កន្លងមកនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកលែង​ការបង់ពន្ធ​លើដី​ស្រែ និង​ពន្ធ​គ្រប់​ប្រភេទ​លើ​ធាតុ​ចូល​កសិកម្ម គ្រាប់ពូជ​កសិកម្ម សម្ភារៈ និង​គ្រឿងយន្ត​កសិកម្ម ព្រមទាំង​គោលនយោបាយ​អគ្គីសនី​សម្រាប់​កសិកម្ម​ផងដែរ​។​
​លើសពីនេះទៅទៀត ដើម្បី​ជួយ​ដល់​លំនឹង​ជីវភាព​កសិករ ជាពិសេស​ស្ថិរភាព​ទីផ្សារ​ស្រូវ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជួយ​ដល់​កសិករ តាមរយៈ​កញ្ចប់​ឥណទាន​ពិសេស ផ្តល់​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដែល​ធ្វើឱ្យ​លំនឹង​ទីផ្សារ​ស្រូវ​មាន​ស្ថិរភាព និង​មានតម្លៃ​សមរម្យ​សម្រាប់​កសិករ​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយនេះ​។​

​ទោះបីជា​ស្ថានភាព​ទីផ្សារ​អង្ករ​របស់​ពិភពលោក​នៅក្នុង​ឆ្នាំ​២០២០​នេះ មានការ​ធ្លាក់ចុះ​តម្លៃ​ប្រមាណ​ជា ២៥% យ៉ាងណាក្តី ក៏​តម្លៃ​ទីផ្សារ​ស្រូវ​នៅ​កម្ពុជា​សម្រាប់​កសិករ​នៅតែមាន​តម្លៃ​សមរម្យ និង​មិនបាន​ធ្លាក់ចុះ​ទៅតាម​និន្នាការ​នៃ​ទីផ្សារ​អង្ក​រលើ​ពិភពលោក​នោះឡើយ​។​
​ក្រៅពី​កិច្ចខិតខំ​ជ្រោមជ្រែង​ដោយផ្ទាល់ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​បើកទូលាយ​ដល់​បណ្តា​ប្រទេស​ជា​មិត្ត ដែលមាន​កម្មវិធី​អភិវឌ្ឍន៍ និង​អង្គការ​អន្តរជាតិ​ជាច្រើន​ឱ្យ​ចូលរួម​អភិវឌ្ឍន៍​ក្នុង​ភាពជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​ដែល​ក្នុងនោះ​ក៍មាន​កម្មវិធី​របស់​ប្រទេស​អូស្ត្រាលី តាមរយៈ​កម្មវិធី​ខ្សែសង្វាក់​តំលៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី (CAVAC) ផងដែរ​។​

​ក្រៅពីនេះ​ក៏មាន​អង្គការ​អន្តរជាតិ​នានា​បាន​ចូលរួម​ពង្រីក​វិសាលភាព​ការងារ​បន្ថែម​លើ​គម្រោង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​នានា ដោយ​បង្កើតជា​កម្មវិធី​តូចៗ ដែល​អាច​តាមដាន និង​ផ្តល់​គុណ​តម្លៃបន្ថែម ដល់​ការអនុវត្ត​ការងារ​ស្រូវ​អង្ករ​ជួយ​លើកស្ទួយ​ដល់​ជីវភាព​កសិករ​ខ្មែរ​ដែលមាន​ដូចជា កម្មវិធី​សមធម៌​ពាណិជ្ជកម្ម​ផ្នែក​ស្រូវ​អង្ករ (Rice Fair trade Program) កម្មវិធី​គោលនយោបាយ​ស្រូវ​និរន្តរភាព (Sustainable Rice Platform)
​កម្មវិធី​តាមដាន​ការដាំដុះ (Rice Block chain) ជាដើម​។​

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏ដូចជា​កសិករ​ខ្មែរ​ទូទាំងប្រទេស សូម​ថ្លែងអំណរគុណ​ដល់​ប្រទេស​នានា ជាពិសេស​ប្រទេស​អូស្ត្រាលី​ដែល​បាន និង​កំពុង​ជួយ​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ឱ្យមាន​ភាព​រីកចម្រើន​មក​ដល់ពេល​បច្ចុប្បន្ននេះ​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *