ខេត្តកំពត៖ នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែកត្តិក ឆ្នាំជូត ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងនិងសង្កាត់ អញ្ជើញចុះពិនិត្យទីតាំងបានដងផ្លូវសំខាន់ៗមួយចំនួនក្នុងសង្កាត់ទាំង៥ នៃក្រុងកំពត។ ក្នុងគោលបំណងដើម្បីបង្កើនការជំរុញរៀបចំ កែលម្អប្រព័ន្ធផ្លូវ និងលូដោះទឹកភ្លៀងបន្ថែម រួមនិងការពង្រឹងរៀបចំសណ្ដាប់ធ្នាប់សោភ័ណភាព អនាម័យបរិស្ថានក្នុងក្រុងកំពតឲ្យបានកាន់តែប្រសើរឡើង ផងដែរ។
ទីតាំងសំខាន់ៗជាចំណុចអាទិភាព ត្រូវធ្វើការកែលម្អដាក់ប្រព័ន្ធលូនិងកសាងផ្លូវបេតុង ក្នុងនោះសង្កាត់កំពង់កណ្ដាល ត្រូវកែលម្អដាក់ប្រព័ន្ធលូដោះទឹកភ្លៀងត្រង់ចំណុចសួនច្បារដើមពោធិ៍ជាប់ចំណតរថយន្តនិងជិតផ្ទះឯកឧត្តមអាន ហេ ។ ក្រៅពីនោះក៏មានគម្រោងអាទិភាពសំខាន់ៗដែលលើកស្នើឡើងដោយចៅសង្កាត់ដើម្បីកសាងឲ្យបានឆាប់ៗតាមតម្រូវការសំណូមពររបស់ប្រជាពលរដ្ឋផងដែរ ក្នុងនោះ នៅក្នុងសង្កាត់អណ្ដូងខ្មែរ សង្កាត់ក្រាំងអំពិល និងសង្កាត់កំពង់បាយ ដែលនឹងត្រូវកសាងប្រព័ន្ធផ្លូវថ្នល់បេតុង និងប្រព័ន្ធលូដោះទឹកភ្លៀងបន្ថែម រួមនឹងការកែលម្អចិញ្ចើមផ្លូវដាំដើមឈើអមសងខាងដងផ្លូវមួយចំនួនបន្ថែម និងរកទីតាំងដើម្បីដាក់កុងតឺន័រ ដោះស្រាយការកកស្ទះសំរាមយកចេញទៅក្រៅក្រុងផងដែរ៕