ភ្នំពេញ៖ យោងតាមព័ត៌មានបឋម បានឲ្យដឹងថា ក្មេងស្ទាវម្នាក់ ត្រូវបានសន្តិសុខក្នុងសួនកាណាឌីយ៉ា ធ្វើការឃាត់ខ្លួនប្រគល់សមត្ថកិច្ច ក្រោយប្រទះឃើញយុវជនរូបនេះ បានដកកាំភ្លើងបង្ហាញស្រីស្នេហ៍ខ្លួនយ៉ាងសង្ហារ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងសួនរោងចក្រកាណាឌីយ៉ា ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយពីបានឃើញបែបនេះ មហាជននៅក្នុងបណ្តាញសង្គមភាគច្រើន បានដាក់ជាចម្ងល់ទាំងហួសចិត្តថា «ធ្វើការអីបានជាមានកាំភ្លើងកាន់បែបនេះ ចោរប្លន់ ឬចោរឆក់»។
ប្រភពពីមន្ត្រីប៉ុសិ៍្តបានឲ្យដឹងថា មនុស្សប្រុសស្រី២នាក់ បានធ្វើដំណើរឆ្លងកាត់គោលដៅត្រួតពិនិត្យ ដោយម៉ូតូ១គ្រឿង ម៉ាកប៊ីត ព៌ណក្រហម ពាក់ផ្លាកលេខព្រៃវែង1S-5102 និងមានអាវុធខ្លី១ដើមបាញ់ហ្គាស់។ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន និងកំពុង សួរនាំនៅផ្នែកជំនាញព្រហ្មទណ្ឌ។
ដោយឡែកលោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងបន្ថែមថា មនុស្សប្រុសស្រីទាំងពីរនាក់ នេះ សមត្ថកិច្ចមានការសង្ស័យទៅលើអាវុធបាញហ្គាស់។ ហើយពេលនេះយើង បានប្រគល់ឲ្យផ្នែកជំនាញ ព្រហ្មទណ្ឌកំពុងសួរនាំ។
ទោះយ៉ាងណា សម្រាប់ព័ត៌មានលម្អិត នឹងជម្រាបជូននៅពេលក្រោយទៀត៕