ថ្ងៃចេញផ្សាយៈ ខែមិថុនា 26, 2023
សម្ដេចព្រះមហាក្សត្រី អំពាវនាវឲ្យជនរួមជាតិ រួបរួមគ្នាថែរក្សានយោបាយដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន
សម្តេចម៉ែ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ មានព្រះរាជបន្ទូលអំពាវនាវឲ្យមានការរួបរួមគ្នាថែក្សាឲ្យបាននូវកាលានុវត្តនយោបាយដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយចៀសវាងជាន់ដានប្រវត្តិសាស្រ្តកាលពីទសវត្សរ៍ឆ្នាំ១៩៧០ ដែលបានរារាំងដល់ដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា នាំឲ្យប្រទេសជាតិដើរថយក្រោយវិញ។
សម្តេចម៉ែមានព្រះរាជបន្ទូលដូច្នេះ ក្នុងពេលជួបសំណេះសំណាលជាមួយមន្រ្តីនៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ចូលក្រាបថ្វាយបង្ខំក្នុងព្រះរាជពិធីចម្រើនព្រះជន្មរបស់ទ្រង់គម្រប់ ៨៧ យាងចូល ៨៨ ព្រះវស្សា នៅព្រះបរមរាជវាំង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។
សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ មានព្រះរាជបន្ទូលថា ៖ «ពីទសវត្សរ៍ឆ្នាំ៧០ មកលំបាកណាស់ ហ្លួងម៉ែធ្លាប់ហែលអស់ហើយ ពិបាកមែនទែន។ ដូច្នេះ ធ្វើយ៉ាងម៉េច កុំឲ្យរឿងហ្នឹងត្រឡប់មកវិញ។ នយោបាយរបស់សម្តេចតេជោហ្នឹង ធ្វើយ៉ាងម៉េចត្រូវថែរក្សាឲ្យបានគង់វង្ស។ នេះសម្រាប់ជាតិយើង សម្រាប់ប្រជាជនយើង»។