(ខេត្តតាកែវ)៖ កម្លាំងអធិការដ្ឋានស្រុកត្រាំកក់ បានបើកប្រតិបត្តិការស្រាវជ្រាវតាមបង្រ្កាបមុខសញ្ញាក្មេងទំនើងដែលបានប្រព្រឹត្តបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសកប់កញ្ចក់ឡានអ្នកដំណើរ ធ្វើឱ្យមានរបួសស្នាមនិងបង្កឲ្យមានការខូចខាតកាលពីខែមករាកន្លងទៅនោះ ពេលនេះចាប់ខ្លួនបានហើយចំនួន៤នាក់ខណៈម្នាក់ទៀតកំពុងរត់គេចខ្លួន។
លោក ឌុច ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានអោយដឹងថា ករណីហិង្សាបង្កដោយក្រុមក្មេងទំនើងខាងលើបានកើតឡើងកាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣វេលាម៉ោង ១៦ៈ១៥នាទីនៅចំណុចលើផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រ៧
៨-៧៩ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
លោកអធិការរូបនោះបានអោយដឹងទៀតថា
នៅមុនកើតហេតុមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ធ្វើឱ្យមានរបួសស្នាមនិងបង្កឲ្យមានការខូចខាត បង្កឡើងដោយក្រុមក្មេងទំនើង១ក្រុមមិនស្គាល់អត្តសញ្ញាណមានគ្នាចំនួន ៥នាក់ជិះម៉ូតូ ៣គ្រឿងម៉ានិច២ គ្រឿងនិងម៉ាក អុិចសុិនទរ័១គ្រឿងប្រដាប់ដោយដុំថ្ម បានធ្វើសកម្មភាពគប់ទៅលើកញ្ចក់រថយន្តម៉ាក Ford ពណ៌សពាក់ផ្លាកលេខកម្ពុជាEaLux68 ដែលជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ា អេលុច ភេទប្រុសអាយុ ៤២ឆ្នាំមានទីលំនៅសង្កាត់បឹងសាឡាងខណ្ឌទួលគោករាជនានីភ្នំពេញដែលធ្វើដំណើរតាមផ្លូវជាតិលេខ ៣ ពីរខេត្តកំពតទៅរាជធានីភ្នំពេញបណ្ដាលឲ្យបែកកញ្ចក់រថយន្តពីមុខធ្លាយចូលទៅក្នុងរថយន្ត ចំឈ្មោះ អ៊ា អេលុច រងរបួសធ្ងន់ត្រង់ចំណុចក្ដោងច្រមុះ រួចជនសង្ស័យក៏បើកម៉ូតូគេចខ្លួនទៅទិសខាងត្បូងបាត់ទៅ។
លោកអធិការបានបន្តទៀតថា ក្រោយកើតហេតុនិងទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះសមត្ថកិច្ចយើងបានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ជាបន្តបន្ទាប់និងដោយមានបទបញ្ជាពីលោកស្នងការ ព្រមទាំងដឹកនាំសម្របសម្រួលដោយព្រះរាជអាជ្ញា នៅថ្ងៃទី ២២ខែកុម្ភៈឆ្នាំ ២០២៣ វេលាម៉ោង ១៤.០០ នាទីសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ព្រមទាំងដកហូតវត្ថុតាងម៉ូតូម៉ាកនិកចំនួន ២គ្រឿងផងដែរ។
លោកអធិការបានអោយដឹងបន្តថា ជនសង្ស័យរួមមាន៖
១៖ឈ្មោះហេង សុភក្ដិហៅហ្គែតភេទប្រុសអាយុ ១៧ឆ្នាំនៅភូមិត្រពាំងត្របែកឃុំអង្គតាសោម និងដកហូតម៉ូតូម៉ាកនិចពណ៌សខៀវស៊េរី ២០២១ពាក់ផ្លាកលេខតាកែវ1.Z7296។
២៖ឈ្មោះជុំ ចាន់ភារក្សភេទប្រុសអាយុ ១៧ឆ្នាំនៅភូមិព្រៃរំដេងឃុំអង្គតាសោម ព្រមទាំងដកហូតវត្ថុតាងម៉ូតូម៉ាកនិចពណ៌សខៀវស៊េរី២០២៣ពាក់ផ្លាកលេខតាកែវ1.A B5578 ។
៣៖ឈ្មោះអ៊ុន យូភេទប្រុសអាយុ ១៧ ឆ្នាំនៅភូមិអង្គតាសោមឃុំអង្គតាសោម។
៤៖ឈ្មោះរី យ៉ានុតភេទប្រុសអាយុ ១៧ឆ្នាំនៅភូមិអង្គតាសោមឃុំអង្គតាសោម។ចំណែក០១នាក់ទៀតឈ្មោះលី ស៊ីអាន់ភេទប្រុសអាយុ ១៨ ឆ្នាំនៅភូមិអង្គតាសោមឃុំអង្គតាសោមដែលជាម្ចាស់ម៉ូតូម៉ាក អុិចសុិនទរ័បានគេចខ្លួនបាត់។
លោកបានបញ្ជាក់ថាក្រោយពីធ្វើការឃាត់ខ្លួនសាកសួរចម្លើយ ជនសង្ស័យទាំង ៤នាក់បានសារភាពថាពួកខ្លួនទាំង៥នាក់ដែលមានឈ្មោះដូចបានរៀបរាប់ខាងលើពិតជាបានធ្វើសកម្មភាពជិះម៉ូតូយកដុំថ្មគប់ទៅលើបក្សពួកគូជម្លោះរបស់ខ្លួនដែលជិះម៉ូតូ។តាមផ្លូវជាតិលេខ ៣ ពីត្បូងមកជើងបណ្ដាលឲ្យត្រូវរថយន្តម៉ាកហ្វតរ៉ាប់ទរ័បែកកញ្ចក់ពីមុខធ្លាយចូលទៅក្នុងបណ្ដាលឲ្យត្រូវចំក្ដោងច្រមុះជនរងគ្រោះដែលជិះក្នុងរថយន្តប្រាកដមែន។បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕